Sunday, November 8, 2015

តំណាងកសិករជាង៥០០នាក់មកពីទូទាំងប្រទេស អំពាវនាវឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ

ក្រុមកសិករមកពីទូទំាងប្រទេសទាមទាឲ្យរាជរដ្ឋាភិបាល​បង្កើន​យន្តការជួយដល់ពួកគាត់បន្ថែម ដើម្បីមានលទ្ធភាពពេញលេញ​ក្នុង​ការ​តទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កការគំរា មក​កំហែងយ៉ាងធ្ងន់ធ្ងរ។
          ការទាមទានេះបានធ្វើឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៤ នៅព្រឹកថ្ងៃទី១៧ ខែតុលា ដោយមានការចូលរួមពីតំណាង​​កសិករ​​ទូទាំងប្រទេសប្រមាណជាង៥០០នាក់ ក្នុងនោះក៏មានតំណាង កសិករ​​មកពីបណ្តាប្រទេសទាំង១០នៃសមាជិកអាស៊ានផងដែរ។
​          លោកអួន សុផល តំណាងកសិករ និងជាប្រធានបណ្តាញ​កសិ​ករ និង​ធម្មជាតិបានលើកឡើងថា  បច្ចុប្បន្ននេះប្រជាកសិករដែល​ពឹង​អាស្រ័យ​​លើរបរកសិកម្ម ពិសេសការធ្វើដំណាំស្រូវកំពុងជួបបញ្ហា ប្រឈមជាច្រើនទៅលើមុខរបររបស់ពួកគាត់ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។
ការលើកឡើងដូច្នេះខណៈដែលកម្ពុជាបាននឹង​កំពុងជួបប្រទះ​នូវ​បញ្ហាទាំងនេះ ក្នុងនោះគ្រោះទឹក ជំនន់បានបង្ករផល​ប៉ះពាល់ដល់​ជីវភាព​រស់នៅរបស់ជាពលរដ្ឋជាច្រើនគ្រួសារ និងផលដំណាំនានា រាប់ម៉ឺនហិចតានៅក្នុងខេត្តចំនួន២០។ ជាមួយគ្នានេះគ្រោះរាំងស្ងួត​ក៏កំពុង​អួសបន្លាយផងដែរនៅក្នុង ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យសំណាប​នឹងសន្ទូងរបស់ប្រជាកសិករខូចខាតជាច្រើនហិចតាដែរ។
លោកបញ្ជាក់ថា តាមការសង្កេតបញ្ហាគ្រោះរាំងស្ងួតគឺរដូវ​ប្រាំង​​បានអូសបន្លាយកាន់តែវែងជាងរដូវវស្សា ដែលធ្វើឲ្យប្រជា​កសិករ​ដែល​ធ្វើស្រូវប្រកាន់រដូវពឹងអាស្រាយលើទឹកភ្លៀងពុំមានទឹក​គ្រប់គ្រាន់ ក្នុងការបង្កបង្កើនផល។ ម្យ៉ាងវិញទៀតគ្រោះធម្មជាតិ​នេះ ​បានបង្កឲ្យ​មានសត្វល្អិត និងការទទួលបាន ទិន្នផលទាប។
កសិករ​រូបនេះបានបញ្ជាក់ទៀតថា ដើម្បីរួមចំណែកធ្វើឲ្យ​បញ្ហា​នេះមានភាពប្រសើរ វិញនោះ រាជរដ្ឋាភិបាលនិងអង្គការនានាគួរបង្កើន​ការយកចិត្តទុកដាក់ចំពោះកសិករឲ្យចេះបន្សុំា​ខ្លួនទៅនឹងការប្រែប្រួល​អាកាសធាតុនេះ ក្នុងនោះត្រូវផ្តល់បច្ចេកទេសថ្មីស្របទៅនឹង​ស្ថាន​ភាព​អាកាសធាតុ បង្កើនការជីកប្រពន្ធ័ធារាស្រ្តតូចៗនៅតំបន់ដែល​ងាយរងគ្រោះដោយគ្រោះរំាងស្ងួត ពិសេសការផ្តល់ឥណទានកសិកម្ម​ខ្នាត​តូចដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាបបំផុត ដើម្បីឲ្យពួក គាត់មានលទ្ធភាពងាយស្រួលក្នុងការបង្កបង្កើនផលដែលអាចទទួលបានទិន្នផលច្រើនតាមគោល​ការណ៍ធម្មជាតិ។
លោកឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែន​រដ្ឋភិ​បាលមានប្រសាសន៍ថា ហានិភ័យ នៃគ្រោះធម្មជាតិដូចជាគ្រោះ​ទឹក​ជំនន់ រាំងស្ងួត ខ្យល់ព្យុះ គឺជាកក្តាដ៏សំខាន់ក្នុងការជំរុញ​ឲ្យមា​បញ្ហា សន្តិសុខស្បៀងកើតឡើង។ ក្រៅពីនេះវាបានបង្កសោកនាដ​កម្ម​ដ៏ច្រើនដូចជាបាត់បង់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ហេដ្ឋារចនា​សម្ពន្ធ័ និងធនធានធម្មជាតិមួយចំនួនទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន​គាំទ្រ​ចំពោះសំណើទាំងនេះ ព្រោះវាជាមធ្យោបាយ ដ៏សក្កិសិទ្ធដែលធានា​ឲ្យប្រជាកសិករអាចជៀសផុតពីបញ្ហាប្រឈមនានាដែលកើតឡើងដោយការ ប្រែប្រួលអាកាសធាតុ។
 ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា បញ្ហាទាំងនេះត្រូវបាន​រាជរដ្ឋាភិបាលអណត្តិទី5គិតគូជាអាទិភាព ក្នុងនោះនៅដើមខែវិច្ឆិកា​ខាង​មុខនេះ រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់ ផែនការយុទ្ធសា ស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ដែលជាផែនការសកម្មភាពរបស់ជាតិ សម្រាប់ឆ្លើយតបនឹងការកែ លម្អស្ថានភាពសន្តិសុខស្បៀង និង​អាហារូប​ត្ថម្ភនៅកម្ពុជា។
សូមបញ្ជាក់ថា កន្លងមកនេះក្រសួងបរិស្ថានបានផ្តល់​មូនិធិ​ប្រែប្រួល​​អាកាសធាតុ ដល់ក្រសួងសា្ថប័ន និងអង្គការនានាសម្រាប់​អនុវត្ត​​គម្រោងចំនួន១១ ដែលមានថវិកាប្រមាណជាង២លានដុល្លារ ដែលផ្តោត​សំខាន់លើគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដែល​បង្ហាញពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់ទឹកនិងអនាម័យ ប្រ​ពន្ធ័​ស្រោចស្រពដែលធននឹងអាកាសធាតុដល់សហគមន៍​កសិករ​ជនបទ។

No comments:

Post a Comment