Sunday, November 8, 2015

ក្រសួងបរិស្ថាន ពង្រីកយន្តការការពារតំបន់ធម្មជាតិនៅទូទាំងប្រទេស


អ្នកជំនាញខាងផ្នែកបរិស្ថានទាំងជាតិ និងអន្តរជាតិរួមគ្នា​​ពង្រីក​​យន្តការបន្ថែមសម្រាប់ ការអនុវត្ត​នៅ​អណតិ្តរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីធានាការគ្រប់គ្រង ការការពារតំបន់ធនធាន ធម្ម​ជាតិនៅទូទាំង​ប្រទេស ឲ្យ​កាន់​តែមានប្រសិទ្ធិភាពខ្ពស់ សម្រាប់​ជាប្រយោជន៍ដល់​ប្រជាពល​រដ្ឋ ដែលកំពុងអាស្រ័យផល។
ក្រសួងបរិស្ថានបានសហការគ្នាជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកUSAID ដោយ​រៀបចំជាយុទ្ធ​សាស្រ្ត​ជាតិថ្មី​មួយបន្ថែមទៀត ដើម្បី​គ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ឲ្យកាន់តែ​មាន​ប្រ​សិទ្ធិភាព ខណៈ​​ធនធានដ៏​មាន​តម្លៃ ក្នុងតំបន់ទាំងនោះកំពុងទទួល​រងការគំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរ។
អ្នកជំនាញអះអាងថា យន្តការថ្មី​នេះ នឹងក្លាយជាផែនទីបង្ហាញ​ផ្លូវដ៏​មានសារៈ​សំខាន់​សម្រាប់រាជរដ្ឋាភិបាលនៅអណតិ ទី5ខាង​មុខ​នេះ សំដៅ​ចាត់វិធានការគ្រប់គ្រងធនធាន​ធម្ម​ជាតិ ប្រកបដោយ​និរន្តរភាព និងធានាបាន គ្មានការគំរាមកំហែង​គ្រប់រូបភាព​លើធនធាន​ទាំង​នោះ។
លោកទិន ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល​ការ​ពារ និងអភិរក្សធម្មជាតិ នៃក្រ​សួងបរិស្ថាន​មាន​ប្រសាសន៍ថា ការ​បង្កើត​ឡើង​​នូវក្របខណ្ឌយុទ្ធសាស្រ្តថ្នាក់ជាតិនេះ ដើម្បី​ផ្តល់ការណែ​នាំដល់ការរៀបចំផែន​ការគ្រប់គ្រងវិស័យនីមួយៗតាម​តំបន់ការ​ពារធម្មជាតិ ដែល​ជាសកម្មភាពអាច បង្កើនល្បឿននៃការរីក​ចំរើន​ឆ្ពោះ​ទៅ​កាន់ការអភិរក្ស និងការប្រើប្រាស់ធន​ធាន​ធម្មជាតិប្រកប​ដោយ​ចីរភាព និងរួមចំណែកដល់កិច្ច​អភិវឌ្ឍ ព្រមទាំងកាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។
លោកបន្តថា ទោះបីជាតំបន់ការពារធម្មជាតិមួយចំនួន​បាន​រៀប​ចំ​ជាផែនការ​គ្រប់គ្រង​សំរាប់​តំបន់ក្តី ប៉ុន្តែពុំ​ទាន់​មានផែនការ​មេរួមមួយ សម្រាប់ការគ្រប់គ្រងជាលក្ខណស្តង់​ដានៅឡើយ​ទេ ហើយ​តំបន់ មួយ​ចំនួន​ទៀត​កំពុងរង់ចាំបទដ្ឋាន​ច្បាស់លាស់សម្រាប់​រៀបចំ​ផែន​ការគ្រប់​គ្រងឲ្យមានប្រសិទ្ធិភាពផងដែរ។
លោកសៀន អូស្ទីន( sean Austin) ប្រធានផ្នែកគ្រប់​គ្រង​ធន​ធានធម្មជាតិជីវចម្រុះរបស់USAID បានបញ្ជាក់ថា នេះជាយន្តការ​ដ៏ល្អ​សម្រាប់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ក្នុងការ​ការពារ​តំបន់ធម្ម​ជាតិ​នៅទូ ទាំង​ប្រទេស ដើម្បី​ផ្តល់​ផលប្រយោជន៍ដល់ប្រជា​​ពលរដ្ឋដែល​កំពុងអា​ស្រយ័ផល​លើ​ប្រភពធនធាន ដ៏មានតម្លៃទាំងនោះ។
លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពដែលនោះ តំបន់​ការពារធម្មជាតិ ត្រូវតែរៀបចំជាប្រពន្ធ័ឲ្យមាន​ការ​ចូលរួមពីគ្រប់​បណ្តាញ​ទាំងអស់ ពិសេស​ត្រូវពង្រឹងសមត្ថភាពរបស់ស្ថាបន័ សំដៅ​ធានាថាការទប់ស្កាត់​បទ​ល្មើសនានា ត្រូវ​បានអនុវត្តដោយ​ប្រសិទ្ធ​ភាព។
សូមបញ្ជាក់ថា តាមតួលេខតំបន់ការពារធម្មជាតិនៅកម្ពុជា​មានប្រ​មាណ២៦%នៃផ្ទៃដី​ទូទាំង​ប្រទេស ដែលតួ​លេខ​នេះ ជាតួលេខ​ខ្ពស់ជា​គេ​បំ​ផុតនៅលើពិភពលោក ក្នុងនោះតំបន់​ប្រ​មាណ​១៨%គ្រប់​គ្រង ដោយ​ក្រសួង​បរិស្ថាន និង៨%ទៀត គ្រប់គ្រងដោយ​ក្រសួង​កសិ​កម្ម​រុក្ខាប្រមាញ់ និងនេសាទ។

No comments:

Post a Comment