Sunday, November 8, 2015

NGO Forum បង្ហាញពីរបាយការណ៍ស្តីពីការវាយតម្លៃផលប៉ះ​ពាល់​របស់ទំនប់វារីអគ្គិសនីកំចាយ

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញពី​សៀវ​ភៅ និង​របាយការណ៍ស្តីពី ការវាយតម្លៃផលប៉ះពាល់របស់​​ទំនប់​វារីអគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាននិងបរិស្ថាន។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គ​ការមិន​មែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅក្នុង សិក្ខាសាលា​ថ្នាក់ជាតិ​​ថ្ងៃ៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ក្រោម​ប្រធានបទ “​ការណែនាំ​ស្តីពី​​ការអភិវឌ្ឍន៍​បៃតង​៖ កាលានុវត្តភាព និងបញ្ហា​ប្រឈម​”​ បាន​បង្ហាញពីរបាយការណ៍នៃ ការវាយតម្លៃផលប៉ះពាល់របស់​ទំនប់វារី​អគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាន និងបរិស្ថានដល់អ្នកពាក់ព័ន្ធ​នានា​នូវករណីសិក្សាពីដំណើរការរបស់ទំនប់នេះ តើមានការគិត​​គូរពី​បទដ្ឋានគតិយុត្តិត្រឹមត្រូវដែរឬទេ ហើយមានការពិចារណា​ត្រឹមត្រូវ​ដែររឺទេ?។ មួយវិញទៀតមានការអនុវត្តតាមនិតិវិធីច្បាប់ ការគិត​គូរពីការ​ប្រែប្រួលអាកាសធាតុ គិតគូរពីបញ្ហាសង្គម គិតគូរពីបញ្ហា​​សេដ្ឋកិច្ច និងបរិស្ថានហើយរឺនៅដែលឈរលើសរសរ​គ្រឹះទាំងបួន​នៃការអភិវឌ្ឍបៃតងនោះ។
លោកបន្តថា ដូច្នេះរបាយការណ៍រឺសៀវភៅនេះ ជាករណី​សិក្សា​ឲ្យអ្នកធ្វើគោលនយោបាយ ក្រុមហ៊ុនធ្វើការអភិវឌ្ឍក្រលេក​មើល​ថា​តើការអភិវឌ្ឍបៃតង បានត្រឹមត្រូវហើយរឺនៅ ដើម្បីយើងរៀប​ចំផែន​ការ​ទៅមុខទៀត។ ម៉្យាងទៀត ថាតើមានការអភិវឌ្ឍបៃតង ទៅតាមកិច្ច​ខិតខំប្រឹងប្រែងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំជា​ផែនការ ជាផែនទីបង្ហាញផ្លូវអភិវឌ្ឍបៃតង តើនៅខ្វះចន្លោះកន្លែងណា ហើយត្រូវដូចម្តេចទៅមុខទៀត។
          តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញថា លទ្ធផលការសាងសង់ទំនប់​វារី​អគ្គិសនីបណ្តាលឲ្យមានផលប៉ះពាល់បរិស្ថាន និងសង្គមមួយចំនួន​ដែលបង្កឲ្យ មានការផ្លាស់ប្តូរអវិជ្ជមានដល់ការចិញ្ចឹមជីវិតរបស់​ប្រជា​ជនដែលរស់នៅក្នុងតំបន់។
របាយការណ៍ដដែលបានបង្ហាញថា ប្រសិន​បើក្រុមហ៊ុនសាង​សង់ទំនប់វារីអគ្គិសនីស៊ីណូហៃដ្រូ និងរាជរដ្ឋាភិបាលកម្ពុជា បានយក​ចិត្តទុកដាក់ចំពោះការធ្លាក់ចុះនៃការចិញ្ចឹមជីវិតរបស់ប្រជាជនដែលពឹងផ្អែកលើ វិស័យទេសចរណ៍ជាមុខរបរ ក៍ដូចជាយកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់អវិជ្ជមានចំពោះប្រជាជន ដែលប្រកបរបរកាប់​ឬស្សី និងប្រមូលអនុផលព្រៃឈើ នោះពួកគេអាចបានធ្វើឲ្យស្ថាន​ភាពប្រសើរ ឡើងយ៉ាងហោចក៍បានជាអន្លើដែរ តាមរយៈការអនុវត្ត​វិធាន​​ការកាត់បន្ថយផលប៉ះពាល់ក្នុងរបាយ ការណ៍វាយតម្លៃហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម និងផែនការការគ្រប់គ្រងបរិស្ថាន។
ទោះបីយ៉ាងណាក្តី ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិ​ការ​ក្រសួងបរិស្ថាន បានមានប្រសាសន៍នៅថ្ងៃម្សិលមិញថា គោល​នយោ​បាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ​ស្តីពី​អភិ​​វឌ្ឍន៏បៃតងឆ្នាំ២០១៣-២០៣០ កំពុងធ្វើឲ្យកម្ពុជាបានទទួល​​ស្គាល់​ជា​ប្រទេសអភិវឌ្ឍន៍បៃតង   អច្ឆ​រិយៈ និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អ​​សម្រាប់​ប្រ​ទេសកំពុងអភិវឌ្ឍ ក៏ដូច​ជាប្រទេសអភិវឌ្ឍនៅក្នុង​សកល​លោក។
ឯកឧត្តមបន្តថា បញ្ហាសេដ្ឋកិច្ច បរិស្ថានសង្គម និងវប្បធម៌ គឺជា​បង្គោលគ្រឹះសម្រាប់យន្តការនៃការអភិវឌ្ឍបៃតង។ ប៉ុន្តែទោះ​ជា​យ៉ាង​​ណាក៏ដោយ ការយល់ដឹង និងការចូលរួមរបស់ថ្នាក់ជាតិ ក្រោម​ជាតិ និងប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ដោយកង្វះខាតនូវធន​ធាន និងហិរញ្ញវត្ថុ។
គួររំឭកថា សេចក្តីព្រាង​គោលនយោបាយ​ជាតិស្តីពីការអភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតងឆ្នាំ​២០១៣-២០៣០ ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣​។
ឯកសារទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុង​គោលបំណង​សំដៅការពារ គ្រប់គ្រង និងថែរក្សាបរិស្ថាន ធនធានបរិស្ថាន ជីវចម្រុះ ព្រៃឈើ ដី ទឹក និងខ្យល់ តាមទិសដៅរបស់អង្គការសហប្រ​ជាជាតិ​ស្តីពី​«អនាគតដែលយើងចង់បាន»៕

No comments:

Post a Comment