Sunday, November 8, 2015

ការអភិវឌ្ឍបៃតង គឺជំរុញសមាហរណកម្មស៊ីជម្រៅ របស់កម្ពុជា

ការអភិវឌ្ឍបៃតងគឺជម្រុញសមាហរណកម្មស៊ីជម្រៅរបស់កម្ពុជា ទៅក្នុងក្របខណ្ឌ តំបន់ និងពិភពលោក ដែលជួយរួមចំណែកកាត់​បន្ថយភាពក្រីក្រ ធានាបានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ​សេដ្ឋ​កិច្ច ពិសេសវិស័យសេដ្ឋកិច្ច បរិស្ថាន សង្គមកិច្ច និង វប្បធម៌។
នេះជាប្រសាសន៍របស់ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខា​ធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដែលមាន​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ា​ណា​ក្រោម​ប្រធានបទ “​ការណែនាំ​ស្តីពី​ការអភិវឌ្ឍន៍​បៃតង​៖ កាលានុ​វត្ត​ភាព និងបញ្ហា​ប្រឈម​”​។
ឯកឧត្តមបន្តថា តាមរយៈគោលនយោបាយ​ជាតិស្តីពីការអភិ​វឌ្ឍ​​បៃតងនិង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអភិវឌ្ឍន៍ បៃតងឆ្នាំ​២០១៣-២០៣០ កំពុងធ្វើឲ្យកម្ពុជាបានទទួល ស្គាល់ជាប្រទេស​អភិ​វឌ្ឍន៍ បៃតងអច្ឆរិយៈ និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អសម្រាប់ប្រ​ទេស​កំពុង​អភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងសកលលោក។​យុទ្ធ​វិធី​ឈ្នះឈ្នះ នាំឲ្យមានតុល្យភាព និងសុខដុមនីយកម្ម នៃរាល់ការ​អភិ​វឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពរុងរឿង ស្ថិរភាព វឌ្ឍន​ភាព គុណភាពបរិស្ថាន។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការ​មិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា   មានប្រសាសន៏ថា ប្រទេសកម្ពុជាគឺជាប្រ​ទេស​មួយនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី អាគ្នេយ៍​ដែលងាយ​រងគ្រោះ​បំផុតពីការប្រែប្រួលអាកាសធាតុ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជា​ត្រូវគិតគូរជាយុទ្ធសាស្ត្រ​​អំពីរបៀបបញ្ជា្របគោល​​នយោ​បាយការ​អភិ​វឌ្ឍបៃតង ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់​ខ្លួន។
លោកបន្តថា ការជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជាមាន ន័យថា ជាការដោះស្រាយបញ្ហាប្រឈមនឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នតាមរយៈការអនុវត្ត សកម្មភាពជាយុទ្ធសាស្ត្រផ្សេងៗ ដែលមិននាំឲ្យកម្ពុជា​បាត់បង់នូវធនធានធម្មជាតិ/បរិស្ថាន ខាតបង់សេដ្ឋកិច្ចនិងប៉ះពាល់​ដល់សង្គម និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
 លោកបន្ថែមថា ប្រជាជនមួយចំនួនតូចប៉ុណ្ណោះ​ដែលបាន​ដឹង​ពីអត្ថន័យនៃការអភិវឌ្ឍបៃតង និងយន្តការដែលត្រូវបានពណ៌នា​នៅ​ក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍបៃតង។ ម៉្យាងទៀត ប្រជា​ជនភាគច្រើនមិនបានយល់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាល អង្គការមិន មែនរដ្ឋាភិបាល និងផ្នែកឯកជន ដែលបាននិងកំពុងអនុវត្ត​ដើម្បីរួមចំណែកការអនុវត្ត ការអភិវឌ្ឍបៃតងនៅកម្ពុជានោះទេ។ ដូច្នេះ ការជំរុញការយល់ដឹងនិងកសាងសមត្ថភាពមន្ត្រីរាជការ និងអ្នកពាក់​ព័ន្ធផ្សេងៗទៀតអំពីក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតង​នៅ​កម្ពុជា សម្រាប់ការចូលរួម និងគាំទ្រសហគមន៍មូលដ្ឋាននាពេល​អនា​គត។​
ការអភិវឌ្ឍបៃតងស្តាប់ ទៅសាមញ្ញ ប៉ុន្តែមិនអាចសម្រេចបាន​ដោយងាយៗនោះទេ វាត្រូវការការចូលរួមសហការ ទំាងអស់គ្នា។
សូមរំលឹកថា សេចក្តីព្រាង​គោលនយោបាយ​ជាតិ ស្តីពីការអភិ​វឌ្ឍ​​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​ការអភិវឌ្ឍ​បៃតង ឆ្នាំ​២០១៣​-២០៣០ ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំ​គណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣​៕

No comments:

Post a Comment