ដោយមើលឃើញថា
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បង ដែលកំពុងគំរាមកំហែង និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខភាពមនុស្ស
និងជីវចម្រុះ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
អណត្តិទី៥សន្យាថា នឹងបន្តដោះស្រាយ និងទប់ស្កាត់នូវបញ្ហាអវិជ្ជមានទាំងឡាយដែលកើតឡើងពីបញ្ហានេះ
ដើម្បីកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ក្នុងពិធីបិទវេទិកាកសិករថ្នាក់ជាតិលើកទី៤
នៅសាលសន្និសីទ ចតុមុខកាលពីរសៀលថ្ងៃទី១៨តុលា លោក
ឈិត សំអាត នាយកប្រតិបត្តិ នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល
ស្តីពីកម្ពុជា បានឲ្យដឹងថា រយៈពេលពីរថ្ងៃនេះតំណាងកសិករទាំង២៤ រាជធានីខេត្ត តំណាងកសិករមកពីប្រទេសសមាជិកអាស៊ាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍ និងស្ថាប័នរដ្ឋាភិបាល បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់
និងផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស
បច្ចេកវិទ្យា ផែនការរាជរដ្ឋាភិបាល
ទាក់ទងទៅនឹងកញ្ចប់ថវិកាជាតិសម្រាប់ការអភិវឌ្ឍផ្នែកកសិកម្ម
និងតម្លៃផលិតផលកសិកម្មនៅលើទីផ្សារ ដើម្បីរិះរកដំណោះស្រាយលើបញ្ហាប្រឈមនានា
ធានាកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។
លោក អ៊ួន
សុផល តំណាងកសិករ សំណូមពរដល់រដ្ឋាភិបាលបញ្ចប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សុំឲ្យផ្តល់ពូជស្រូវថ្មីដែលអាចទប់ទល់នឹងអាកាសធាតុ
ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះថ្មីដល់កសិករនៅជនបទ សុំឲ្យក្រសួងពាក់ព័ន្ធ ផ្តល់ព័ត៌មានស្តីពីការផ្លាស់ប្តូរអាកាសធាតុឲ្យបានជាក់លាក់ និងបញ្ចុះការប្រាក់កម្ចីសម្រាប់ធ្វើការងារកសិកម្មឲ្យបានទាបដល់ ១% ទៅ ១,៥%។
ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម
និងជនបទ បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ
សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ពុំមែនជាបញ្ហាដាច់ដោយឡែក
ឬជាបញ្ហាវិស័យណាមួយតែឯងនោះទេ វាជាបញ្ហាអន្តរវិស័យនិងពហុជំនាញដែលត្រូវមានការចូលរួមពីគ្រប់ស្ថាប័នពាក់ពន្ធ័។
ឯកឧត្តម
បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នឹងបន្តដោះស្រាយ និងទប់ស្កាត់នូវបញ្ហាអវិជ្ជមានទាំងឡាយ ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ
សំដៅកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ក្នុងពិធីបើកវេទិកានេះដែរ
ឯកឧត្តម សាយ
សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន.បញ្ជាក់ថា
នៅដើមខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា
ដែលជាផែនការសកម្មភាពរបស់ជាតិ សម្រាប់ឆ្លើយតបនឹងការកែ
លម្អស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
សូមបញ្ជាក់ថា
កន្លងមកនេះក្រសួងបរិស្ថានបានផ្តល់មូនិធិប្រែប្រួលអាកាសធាតុ ដល់ក្រសួង សា្ថបន័និងអង្គការនានាសម្រាប់អនុវត្តគម្រោងចំនួន១១ ដែលមានថវិកាប្រមាណជាង២លានដុល្លា ដែល ផ្តោតសំខាន់លើគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ
ដែលបង្ហាញពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់ទឹក និងអនាម័យ
ប្រពន្ធ័ស្រោចស្រពដែលធននឹងអាកាសធាតុដល់សហគមន៍កសិករជនបទ។
No comments:
Post a Comment