ទូលព្រះបង្គំ(ច្បាប់ដើមសរសេរថាខ្ញុំ)បានដឹងដោយក្តីក្រៀមក្រំខ្លាំង
អំពីដំណឹង នៃអំពើសាហាវបង្កឡើងដោយជនរួមជាតិមួយចំនួន ទៅលើតំណាងទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យយួន
និងរដ្ឋាភិបាលបដិវត្តន៍ បណ្តោះអាសន្ន។ ទូលបង្គំយល់អំពីមូលហេតុ ដែលបានជំរុញកំហឹង នៃជនរួមជាតិយើង
ប៉ុន្តែ ដូចដែលទូលបង្គំបានស្គាល់ ទូលបង្គំពុំមានលទ្ធភាពដើម្បីជឿថា ជនរួមជាតិយើង អាចឈានមកដល់ភាពជ្រុលហួសហួសហេតុដូច្នេះដូច្នេះ
ដែលផ្ទុយពីផល ប្រយោជន៍ដ៏ឧត្តុង្គឧត្តម និងកិត្តិនាមដ៏ប្រពៃ នៃប្រទេសយើង។ តាមពិត ប្រទេសនេះ
ដែលយើងស្រលាញ់ជាងជីវិតរបស់យើង ស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែមិនមែនដោយសារការវាយកម្ទេចស្ថានទូត
ដែលយើងអាចបញ្ចៀសគ្រោះថ្នាក់ទេ ប៉ុន្តែ បើរើបម្រះ ដូចទូលបង្គំតែង ចង្អុលប្រាប់ប្រជាជាតិ
និងកងទ័ព។
ទូលបង្គំជឿជាក់ថា
ព្រ្តិការណ៍ ដ៏ធ្ងន់ធ្ងរនេះ ត្រូវបានប្រាថ្នារក និងរៀបចំ ដោយក្រុមឥស្សរជន ដែលសំដៅកម្ទេចជាស្ថាពរ
នូវមិត្តភាពរបស់កម្ពុជា ជាមួយភាគីសង្គមនិយម និងសំដៅ ជំរុញ ប្រទេសយើង ទៅក្នុងដៃ នៃមហាអំណាចចក្រព័ត្តិមូលធននិយម។
ពួកឥស្សរជនទំាងនេះ
ជាប់ចិត្តជាមួយសារៈសំខាន់ នៃផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងបក្សពួក ជាជាងជាមួយអនាគតរបស់មាតុភូមិ។ ពួកគេបានឆ្លៀតឱកាស ពីអវត្តមាន របស់ ទូលបង្គំ ដើម្បីសម្រេចបំណងរបស់ពួកគេ។
ដូច្នេះ ទូលបង្គំ នឹងត្រឡប់ទៅកម្ពុជាវិញ ដើម្បី និយាយជាមួយប្រជាជាតិ និងកងទ័ព ហើយស្នើពួកគេ
ឲ្យកំណត់យក នូវផ្លូវជ្រើសរើសមួយ។ បើប្រជាជន និងកងទ័ព ចង់ដើរតាមឥស្សរជន ទំាងនេះ ក្នុងមាគ៌ា
ដែលនឹងជំរុញកម្ពុជា ឲ្យទៅជាលាវទី២ សូមពួកគេ អនុញ្ញាតឲ្យខ្ញុំលាលែងពីតំណែង។
នាចុងរសៀល នៃថ្ងៃពុធ
នៅក្រុងប៉ារីស អ្នកនាំពាក្យ នៃគណប្រតិភូយៀកកុង បានប្រកាសថា ទំនាក់ទំនងនៃប្រទេសយើង ជាមួយរាជាណាចក្រកម្ពុជា
ជាទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាង ដ៏ល្អប្រសើរ និងក្នុងមិត្តភាព ហើយទំនាក់ទំនងនេះ
ត្រូវបានគូសដៅដោយសាមគ្គីភាព ក្នុងការប្រយុទ្ធរួម ប្រឆាំងចក្រព័ត្តិនិយមអាមេរិកាំង។
ពុំមានអ្វី មកធ្វើឲ្យល្អក់កករ ដល់មិត្ត ភាពនេះឡើយ។
នៅភ្នំពេញសភាជាតិ
បានរួមប្រជុំនៅថ្ងៃពុធ បន្តិចក្រោយពីបាតុកម្ម ដែលធ្វើឲ្យរបស់បីនាក់ ក្នុងបណ្តាបាតុករ
និងបីនាក់ទៀត ក្នុងចំណោមសមាជិក នៃស្ថានទូតទំាងពីរ ដែលត្រូវរងការ វាយកម្ទេច។ បុគ្គិលទំាងនេះ
បានស្ថិតនៅក្នុងការិយាល័យរបស់គេ ពេលមានឧប្បទ្ទវហេតុ ។ ពួកអ្នកការទូត ត្រូវបានបញ្ជូនចេញដោយតម្រួតទៅកាន់ស្នងការដ្ឋាន
មុននឹងទៅពួនជ្រកនៅ ក្នុងស្ថានទូត នៃប្រទេសជាមិត្ត។
នៅព្រៃនគរ ពួកអាជ្ញាធរ
មិនបានលាក់លៀមក្តីសោមនស្សរបស់ពួកគេទេ។ រដ្ឋមន្រ្តីការទេស បានរាយការណ៍ ប្រាប់អា.អេហ្វ.ប៉េ
ថា ប្រតិកម្មពីពលរដ្ឋខ្មែរ ពិតជារឿងធម្មតា អំពើររបស់ភ្នាក់ងារកុម្មនីស្ត យូរឬឆាប់ ត្រូវតែបង្កជាប្រតិកម្មនេះ
សម្រាប់មូលហេតុពិត ដែលពួកគេបានបំផ្លាញយ៉ាងខ្លាំង ដល់ជំហរអព្យាក្រឹត របស់រាជរដ្ឋាភិបាលខ្មែរ។
(ដកស្រង់ពីសៀវភៅ
វិបិត្តកម្ពុជា និងទំនាក់ទំនងជាមួយបរទេស)
សម្តេចនរោត្តមសីហនុ
ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២
សម្តេចសីហនុ
ប្រមុខរដ្ឋខ្មែ ដែលខ្លាចថា ប្រទេសអាព្យាក្រឹតរបស់ព្រះអង្គ នឹងត្រូវបង្វែរឲ្យទៅជាលាវទី២
ឬជាយួនផង បានមកដល់ក្រុងមូស្គូកាលពីម្សិលមិញ(ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៧០ មុនថ្ងៃរដ្ឋប្រហារ៤ថ្ងៃ)
ក្នុងបំណងតាមសង្កត់មេដឹកនាំសូវៀត ឲ្យបញ្ចុះបញ្ចូលយួនខាងជើង និងយៀកកុង ឲ្យចេញពីដីខ្មែរ។
មុនពេលទៅដល់រដ្ឋធានីសូវៀត
មានដំណឹងពីភ្នំពេញថា បានទុកឱកាសដល់ថ្ងៃអាទិត្យ ដើម្បី ឲ្យពួកយួនកុំម្មុយនីស្ត ដកកងទ័ពរបស់គេទំាងអស់ពីទឹកដីខ្មែរ។
ឱសានវាទ ដែលប្រកាស ឡើងដោយនាយករដ្ឋមន្រ្តីលន់នល់ អគ្គមេបញ្ចាការកងទ័ពជាតិនេះ បានមកដល់កាលកំណត់
នៅពេលហ្វូងប្រជារាស្រ្តខ្មែរ បន្តការវាយកម្ទេចសង្កាត់យួនដ៏ធំនៅភ្នំពេញ។
មុននឹងចេញពីក្រុងប៉ារីស
សម្តេចសីហនុ បានមានបន្ទូលថា ព្រះអង្គនឹងស្នើផងដែរទៅភាគីចិន ដើម្បីឲ្យទូន្មានយួនខាងជើង
និងយៀកកុង ឲ្យដកកងទ័ពថយ ឬចេញពីទឹកដីកម្ពុជា។ ព្រះអង្គបានពណ៌នាអំពីអព្យាក្រឹតរបស់មក្ពុជាថា
ជាលក្ខខណ្ឌចាំបាច់ សម្រាប់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជា។ ព្រះអង្គមានបន្ទុលទៀតថា
បើកម្ពុជាដូរនយោបាយ កម្ពុជា មុខជានឹងក្លាយទៅជាប្រទេសលាវទី២ ឬយួនខាងត្បូងទី២ មិនខានឡើយ។
សម្តេចមានព្រះ បន្ទូលបន្តថា ព្រះអង្គនឹងមិនតតាំងជាមួយនឹងការដណ្តើមយករបស់ពួកខាងស្តាំងទេ
បើកង ទ័ព និងប្រជារាស្រ្តខ្មែរស្រឡាញ់ពួកគេនោះ ប៉ុន្តែ កម្ពុជា អាចនឹងទៅជាលាវទី២។
ក្នុងបទសម្ភាសន៍តាមវិទ្យុ
និងទូរទស្សន៍កាលពីម្សិលមិញ ព្រះអង្គបានមានបន្ទូលថា មេដឹក នាំស្តាំនិយមបំផុត អាចមានលទ្ធភាពធ្វើរដ្ឋប្រហារប្រឆាំងព្រះអង្គ
ដើម្បីអូសទាញប្រទេស ទៅ រកភាគីអាមេរិកាំងវិញ។ ព្រះអង្គ ត្រូវបានស្វាគមន៍នៅទីក្រុងម៉ូស្គូ
ដោយប្រធាន ប៉ូដហ្គ័រនី។ អ្នកសង្កេតការណ៍កត់សម្គាល់ថា ពួករដ្ឋទូត បានទៅផ្តុំគ្នានៅអាកាសយានដ្ឋាន
ដោយមាន ទំាងអ្នកការទូតយួនខាងជើង និងរដ្ឋាភិបាលបដិវត្តន៍យៀកកុង ព្រមទំាងភារធារីចិនផងដែរ។សហភាពសូវៀត
ដែលគំាទ្រយ៉ាងម៉ឺងម៉ាត់ ដល់គោលជំហររបស់យួនកុម្មនីស្តនៅឥណ្ឌូចិន ហើយព្រមជាមួយគ្នានេះ
ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយសម្តេចនរោត្តមសីហនុ បានស្ថិត ក្នុងភាពទើសទ័ល។ អ្នកសង្កេតការណ៍
បានសង្ស័យថា ក្រែងវិមានក្រឹមឡាំង អាចជៀសវាង ការជិតស្និទ្ធ ជាមួយស្តេចអព្យាក្រឹតនេះ។
(ដកស្រង់ពីសៀវភៅ
វិបត្តិកម្ពុជា ជាមួយទំនាក់ទំនងបរទេស)
No comments:
Post a Comment