Sunday, November 8, 2015

រដ្ឋប្រហារពីសៀម ទៅថៃឡង់ដ៍ ឆ្នាំ១៩៣២


          ឆ្នាំ១៩៣២...
          នាថ្ងៃទី២៤ ខែមិថុនា ព្រលឹមស្រាងៗ ជនានុជន នៃរាជរដ្ឋធានីបឹងកក(សរសេរ តាមច្បាប់ដើម) បានជួបប្រទះ នឹងភាពស្រឡំាងកាំង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពុំទាន់​យល់នូវព្រឹត្តិការណ៍មួយដ៏ចម្លែកដែលទើបតែនឹងកើតមានឡើង កាលពីក្នុងរាត្រីកន្លងទៅ​ហើយ។
          មហាជន មានការភាន់ភំាងខ្លាំងណាស់ទៅទៀត ព្រោះមុនព្រឹត្តិការណ៍នេះ នៅ​រដ្ឋាធានីបឹងកក គេពុំបានសង្កេតឃើញហេតុ ឬអ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេក៏ទេដែរ។ ស្ថានការណ៍នយោបាយក្នុងប្រទេសសៀមទំាងមូល ហាក់ដូចជាស្ងប់ស្ងាត់ គួរជាទីកក់ក្តៅ  ចំពោះមជ្ឈដ្ឋានរដ្ឋាភិបាល។ ព្រះចៅប្រាជាធិប៉ុក ព្រះមហាក្សត្រសៀម ទ្រង់ទុកព្រះទ័យ​ខ្លាំងណាស់ទៅទៀត រហូតទ្រង់ចាកចេញពីព្រះរាជធានីទៅប្រថាប់នៅនាមាត់សមុទ្រក្នុង​ព្រះរាជដំណាក់ហួហ៊ីន  ដែលព្រះអង្គធ្លាប់យាងមកកម្សាន្តរាល់រដូវក្តៅ។ មុនថ្ងៃនេះមួយថ្ងៃ គឺថ្ងៃទី២៣ ខែមិថុនា ព្រះអង្គម្ចាស់ ណាខនសាវ៉ាន់ ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបន្ទុក​ដឹកនំារាជរដ្ឋាភិបាលជំនួស ព្រះចៅ នៅពេលដែលព្រះចៅគង់ប្រថាប់នៅមាត់សមុទ្រឯ ណោះ បានដឹងល្ហិចល្ងិចល្ហៀងបន្តិចបន្តួចដែរថា គម្រោងការក្បត់មួយ កំពុងតែត្រូវគេរៀប ចំនៅរាជធានីបឹងកក តែអ្នកអង្គម្ចាស់ទុកព្រះទ័យពេក រហូតដល់មិនយកចិត្តទុកដាក់ ចាប់អារម្មណ៍ទៅលើដំណឹងនេះបន្តិចឡើយ។
          តែការទុកចិត្តរបស់ព្រះចៅរាជាធិប៉ុកក្តី ឬរបស់អ្នកអង្គម្ចាស់ណាខនសាវ៉ាន់ក្តី ឬក៏​ភាពស្ងប់ស្ងាត់ឥតសៅហ្មង តាមដងវិថីនានា ក្នុងក្រុងបឹងកកក្តី សុទ្ធសឹងជាការភូតភរ កុហកទំាងអស់។ ការពិត គឺព្រឹកនេះហើយ ដែលបដិវត្តន៍មួយជាប្រវត្តិសាស្រ្ត ត្រូវបានផ្ទុះ​ឡើង។ ឯប្រវត្តិសាស្រ្ត ប្រជាជាតិសៀម ផ្ទុយពីឆន្ទៈរបស់ព្រះរាជវង្សចក្រី ក៏ចាប់ផ្តើមបើក ទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ស្របទៅតាមចលនាទូទៅ នៃប្រទេសទំាងឡាយ ក្នុងភូមិ ភាអាស៊ីប៉ែកអាគ្នេយ៍។
          កងពលថ្មើរជើង ប្រដាប់ដោយអាវុធគ្រប់ដៃ កងទ័ពសេះ មានកងកំាភ្លើងធំ និងរថ ក្រោះទំនើបច្រើនគ្រឿងគំាទ្រផង កំពុងតែឡោមព័ទ្ធព្រះរាជវាំង មន្ទិរតុលាការជាន់ខ្ពស់ ព្រមទាំងគ្រប់ទីស្តីការរដ្ឋមន្រ្តីសំខាន់ៗទំាងប៉ុន្មាន។ ចំណែកឯអ្នកអង្គម្ចាស់មួយចំនួនជា​សមាជិក នៃព្រះរាជវង្សានុវង្ស និងជាអ្នកជិតដិតនឹងព្រះចៅផង បានត្រូវកងទ័ព​ចាប់​យក​ជាឈ្លើយ។
          រដ្ឋប្រហារមួយ ទើបនឹងបានសម្រេចឡើងនៅរាជធានីបឹងកក ដែលជាស្នាដៃ នៃ​អ្នកនយោបាយ បញ្ញាវ័ន្ត រួបរួមគ្នាជាមួយនឹងនាយទាហាន និងមន្រ្តីរដ្ឋការមួយចំនួន បង្កបង្កើតជាអង្គការនយោបាយមួយក្រុមតូច ដែលមានសមាជិក៥៣នាក់ ហើយដែលមាន ឈ្មោះថា គណបក្សប្រជារាស្រ្ត(Parti Du Peuple)។
          ៣ ឬ៤ ម៉ោងក្រោយមក គេបានបាចសាចខិតប័ន្ណតាមដងវិថីនានា ក្នុងក្រុងបឹងកក។ សេចក្តីក្នុងខិតប័ណ្ណនេះ ចោទប្រកាន់ព្រះមហាក្សត្រសៀមថា បានបណ្តោយព្រះរាជវង្សា នុវង្ស ដណ្តើមប្រមូលយកអំណាចអស់ក្នុងជួររាជរដ្ឋាភិបាល ហើយបានចោទប្រកាន់ រាជ រដ្ឋាភិបាលទៀតថា បាន ប្រមាថប្រជារាស្រ្ត ដោយចាត់ទុកប្រជារាស្រ្ត ជាបាវបម្រើ ជា ទាសករ ឬជាសត្វតិរច្ឆាន ពុំមានឋានៈជាមនុស្សឡើយ។
          ឯកសារដដែលនេះ បាននិយាយពីការរៀបចំបង្កើតឲ្យមានរដ្ឋសភាមួយ ដែល​នឹង​ប្រមូលផ្តុំអ្នកចេះដឹងជ្រៅជ្រះក្នុងកិច្ចការស្ថាបនាជាតិ ព្រមទំាងធ្វើការអញ្ជើញ(យាង)  ព្រះ​ចៅ ឲ្យទទួលរបបមួយថ្មី ដែលមានរដ្ឋធម្មនុញ្ញ ជាស្ថាប័នធានារ៉ាប់រង។ ខិតប័ណ្ណនេះ បញ្ចប់​ដោយ បានបញ្ជាក់យ៉ាងច្បាស់នូវ កម្មវិធីនយោបាយមួយ ដែលមានទំាងអស់៦ខ។
១.សេរីភាព និងសមភាពប្រជារាស្រ្ត ក្នុងវិស័យនយោបាយ តុលាការ និងជំនួញ ត្រូវតែមាន ការធានារ៉ាប់រងពេញលេញ។
២.សន្តិភាព និងសេច្តីស្ងប់ស្ងាត់ ត្រូវតែមានការទទួលរ៉ាប់រង ការពារជូន ដល់បុគ្គលគ្រប់រូប គ្មាននរណាធ្វើទុក្ខធ្វើទោសនរណា។
៣.នយោបាយសេដ្ឋកិច្ច មានលក្ខណៈជាតិសុទ្ធសាធ ត្រូវតែស្ថាបនាឡើង ដើម្បីធានា​រ៉ាប់រង ជូនដល់ពលរដ្ឋគ្រប់រូប នូវការងារមួយអាចចិញ្ចឹមជីវិតបានដោយផ្តល់កម្រៃគ្រប់​គ្រាន់។
៤.បុគ្គលម្នាក់ៗ ត្រូវមានសិទ្ធិស្មើៗគ្នា។ គ្មានក្រុមណា ត្រូវមានអភ័យឯកសិទ្ធិលើក្រុមណា​មួយឡើយ។
៥.ប្រជារាស្រ្ត ត្រូវតែមានសេរីភាពពេញលេញ លើកលែងតែសេរីភាពណា ដែលមាន​លក្ខណៈ ផ្ទុយនឹងចំណុចទំាង៤ខាងលើ។
៦.ប្រជារាស្រ្ត ត្រូវតែបានទទួលនូវការអប់រំមួយ ដែលត្រូវមានលក្ខណៈពេញលេញគ្រប់ គ្រាន់ជាដាច់ខាត។
          ចំណុចសំខាន់ៗ នៃការទាមតាររបស់ពួកអ្នកដឹកនាំរដ្ឋប្រហារនេះ ត្រូវបានព្រះចៅ ប្រាជាធិប៉ុក(King Prajadhipok) ល់ព្រមទំាងអស់។ ហេតុនេះហើយ បានជានៅពាក់ កណ្តាលអាធ្រាត្រ យប់ ថ្ងៃទី២៥ ខែមិថុនា ព្រះចៅ និងបរិពារ បានយាងត្រឡប់ មកកាន់ ព្រះរាជវាំង នៅក្រុងបឹង កកវិញ។ តែ…របបផ្តាច់ការ នៃរាជានិយម ក៏ត្រូវរលំ ហើយរបប រាជានិយមថ្មីមួយទៀត ដែលមានលក្ខណៈសភានិយម ពឹងផ្អែកលើរដ្ឋធម្មនុញ្ញ ជាមូលដ្ឋាន ក៏ត្រូវបានគេស្ថាបនា ឡើងជំនួសរបបចាស់សក្តិភូមិ។
          ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៣២នេះតទៅ ព្រះមហាក្សត្រសៀម អស់មាន​អំណាចអ្វីទៀតហើយ ព្រះចៅមានត្រឹមតែកិត្តិយសក្នុងឋានៈជាមហាក្សត្រសោយរាជ្យតែ ប៉ុណ្ណោះ។

No comments:

Post a Comment