ខ្ញុំព្រះករុណា
សូមក្រាបថ្វាយបង្គុំ សម្តេចជាអម្ចាស់ទំាង២អង្គ និងព្រះសង្ឃគ្រប់ព្រះ អង្គ
ដែលនិមន្តមកជាអធិបតីនៅពេលនេះ។ ខ្ញុំ ព្រះករុណា សូមថ្លែងនូវសេចក្តីអរព្រះគុណដោយគោរព
និងកតញ្ញូធម៌យ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គ ដែលជាតំណាងព្រះពុទ្ធ សាសនា
ដែលប្រជារាស្រ្តខ្មែរយើងគោរពបូជា។ វត្តមាន និងពរជ័យដ៏ពិសិដ្ឋ នៃព្រះអង្គ
ញុំាងមហាពិធីថ្ងៃនេះ ឲ្យមានសភាពឱឡារិក និងខ្ពង់ខ្ពស់ជាទីបំផុត។
បងប្អូនរួមជាតិ
ជាទីស្នេហាទាំងឡាយ
ថ្ងៃនេះ
ជាទិវាដ៏ឱឡារិកមួយ ដែលត្រូវចុះក្នុងប្រវត្តិសាស្រ្តជាតិយើង។បងប្អូននៅចាំ បានថា
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ នៅពហុកីឡដ្ឋានជាតិ ព្យូហយាត្រាមហាសាមគ្គីជាតិ
បានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុះមុត នៃប្រជាជាតិខ្មែរយើង ទាមទារ
ឲ្យប្រទេសកម្ពុជា ទៅជាសាធារណរដ្ឋខ្មែរ។ តំាងពីថ្ងៃនោះមក យើងទំាងអស់គ្នា បានខិតខំ
អស់ពីកម្លាំងកាយ កម្លាំងចិត្ត ម្នាក់ៗបានធ្វើវិភាគទានយ៉ាងសកម្ម ដើម្បីរៀបចំប្រទេស
កម្ពុជាយើង ឲ្យទៅជាសាធារណរដ្ឋខ្មែរ។
ថ្ងៃនេះ
យើងទំាងអស់គ្នាបានសម្រេច នូវគោលបំណងដ៏ខ្ពង់ខ្ពស់របស់យើងនោះ ព្រោះអម្បាញ់មិញនេះ
នៅមន្ទិររដ្ឋសភា អង្គការរដ្ឋដ៏ខ្ពង់ខ្ពស់របស់យើង បានប្រកាសយ៉ាង ឱឡារិក
ឲ្យប្រទេសកម្ពុជា ទៅជាសាធារណរដ្ឋខ្មែរ ចាប់តំាងពីថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ នេះតទៅ
ហើយយើងទំាងអស់គ្នា មកជួបជុំគ្នានៅទីនេះ ដើម្បីប្រារព្ធ ពិធីបុណ្យប្រកាស
សាធារណរដ្ឋខ្មែរនេះ។
ដូច្នេះ
របបសាធារណរដ្ឋ ដែលយើងប្រកាសយកសម្រាប់គ្រប់គ្រងប្រទេសកម្ពុជា នេះ
ជាលទ្ធផលដ៏ជាក់ស្តែង នៃការដែលយើងបានរួមគ្នា
ចាប់តាំងពីថ្ងៃព្យូហយាត្រាមហាសាមគ្គីជាតិនោះមក ដើម្បីកសាង សេចក្តីថ្កុំថ្កើង
រុងរឿង ជូនប្រទេសជាតិយើង។ គឺក្នុង ន័យនេះហើយ ដែលប្រជាជាតិខ្មែរយើងទំាងមូល
ត្រូវតែសប្បាយរីករាយ សរសើរចំពោះបំណងរបស់យើងទំាងអស់គ្នា
ដែលបានមកជាអ្នកសាធារណរដ្ឋនិយមនេះ។
ចំពោះមនោសញ្ចេតនា
ដ៏សន្តោស ដែលបងប្អូនជនរួមជាតិ បានសម្តែងចំពោះរូប ខ្ញុំនោះ
គឺជាកិត្តិយសមួយដ៏ថ្លៃថ្លាណាស់។ ខ្ញុំសូមអរគុណបងប្អូនរួមជាតិ ដោយស្នេហាជាទី បំផុត។
តែកិត្តិយសនោះ មិនត្រូវមានមកតែលើរូបខ្ញុំម្នាក់ប៉ុណ្ណោះទេ។ កិត្តិយសនេះ
ត្រូវបានដល់យើងទំាងអស់គ្នា ជាជាតិខ្មែរ ព្រោះយើងទំាងអស់គ្នា ទោះនៅតំបន់ជិតឆ្ងាយ
យ៉ាងណាក៏ដោយ គឺបានធ្វើពលិកម្ម បំពេញករណីយកិច្ចរៀងៗខ្លួន
ដើម្បីឲ្យបានរបបសាធារណរដ្ឋនេះ។
ក្នុងន័យនេះ
យើងទំាងអស់គ្នា សូមធ្វើគារវកិច្ច ដោយគោរព ស្នេហា និងនឹករលឹក ជាទីបំផុត
ចំពោះជនរួមជាតិយើងទំាងអស់ ដែលមិនអាចអញ្ជើញមកចូលរួមជាមួយយើង ក្នុងឱកាសប្រកាស
ប្រទេសកម្ពុជា ជាសាធារណរដ្ឋខ្មែរនេះ ព្រោះជនរួមជាតិយើង ដែល
នៅគ្រប់តំបន់ទូទៅ
លើប្រទេសកម្ពុជានោះសុទ្ធសឹងជាយុទ្ធជន កំពុងជាប់ដៃប្រយុទ្ធយ៉ាង ក្លាហាន
ដើម្បីបណ្តេញពួកទមិឡយៀកកុង យួនខាងជើងឈ្លានពាន ឲ្យចេញពីប្រទេស យើង
និងកសាងប្រទេសកម្ពុជា ឲ្យថ្កុំថ្កើង សម្បូរសប្បាយ។
ជាទីបញ្ចប់
យើងទំាងអស់គ្នា សូមបង្វិលពរជ័យ ដ៏ពិសិដ្ឋទំាងឡាយ ដែលព្រះសង្ឃ បានប្រទានដល់យើង
ឲ្យបានដល់ជនរួមជាតិយើងទាំងអស់ ទូទាំងប្រទេស សូមឲ្យជនរួម ជាតិជាទីស្នេហា បានប្រកបជោគជ័យគ្រប់នាទី
ក្នុចម្បាំងបណ្តេញខ្មាំងឈ្លានពាន ចេញពី ប្រទេសយើង ព្រមទំាងជួបប្រទះ តែប្រសិទ្ធភាព
ក្នុងការកសាងប្រទេសយើង ដែលប្រកាន់ យករបបសាធារណរដ្ឋនិយម គឺរបបមួយ
ដែលប្រទេសភាគច្រើនក្នុងពិភពលោក និយម យកមកអនុវត្តសព្វថ្ងៃនេះ ។
ជយោ!!!
សាធារណរដ្ឋខ្មែរ...
(ដកស្រង់ពីសៀវភៅ ទំនាក់ទំនង កម្ពុជា អាមេរិក)
No comments:
Post a Comment