Sunday, November 8, 2015

ក្រសួងបរិស្ថានបញ្ចេញរបាយការណ៍ នៃការបញ្ជ្រាប ភាពធន់​នឹង​អាកាស​ធាតុ



 ក្រសួងបរិស្ថាន​ បាន​បញ្ចេញ​របាយការណ៍​សិក្ខាសាលា​ស្តីពី​ការចាប់ផ្តើម​គម្រោងការ​បញ្ជ្រាប​ ភាព​ធន់​នឹង​អាកាសធាតុ​ទៅក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍ​កម្មវិធី​ យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ ដែលមាន​ចំនួន​៧៦​ទំព័រ​។
​របាយការណ៍ដែលចេញផ្សាយកាលពី​ថ្ងៃទី​២៥​ ខែធ្នូ​ឆ្នាំ​២០១៣​បានទទួលស្គាល់​អំពី​ផលប៉ះពាល់​ពី​ ការប្រែប្រួល​អាកាសធាតុ​មកលើ​ប្រទេស​កម្ពុជា​។ កម្ពុជាក៏បាន​ត្រូវ​ជ្រើសរើស​ក្នុង​ចំ​ណោ​ប្រទេស​ទាំង​៩​និង​ពីរ​តំបន់ ទូទាំង​សកលលោក ​ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​នឹង ​អាកាសធាតុ​(PPCR)​ក្រោម​មូលនិធិ​វិនិយោគ​អាកាសធាតុ​(CIF)​។​
គម្រោង​នេះ ធ្វើឡើង ​គឺដើម្បី​សាកល្បង​និង​បង្ហាញ​ពី​វិធី​បញ្ចូល​ការគិតគូ​ហានិភ័យ​នៃ​ ការប្រែប្រួល​អាកាស ធាតុ​និង​ភាព​ធន់​នឹង​អាកាសធាតុ​ចូលទៅក្នុង​កម្មវិធី​និង​ការរៀបចំ​ ផែនការអភិវឌ្ឍន​ស្នូល​មួយចំនួន​ជាមួយនិង​ការចូលរួមចំណែក​បន្ថែ​ម​ទៅលើ​ សកម្មភាព​ដទៃទៀត​។ កម្មវិធី PPCR  បាន​អនុវត្ត​រួមគ្នា​ដោយ​ក្រុម​ធនាគារពិភពលោក (WBG) និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។​
របាយការណ៍​ដដែលបន្តថា​នៅ​កម្ពុជា​ យើង​បាន​អនុវត្ត​កម្មវិធី​PPCR​នេះ​ជា​ពីរ​ដំណាក់កាល​។​គឺ​១PPCR​ដំណាក់កាល​ ទី​១​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការរៀបចំ​កម្មវិធី​ យុទ្ធសាស្ត្រ​សម្រាប់​ធន់​នឹង​អាកាសធាតុ​(SPCR) ដែល​រួមមាន​កម្មវិធី​វិនិយោគ​ពាក់ព័ន្ធ​មួយចំនួន​។ ២)​កម្មវិធី​PPCR​ដំណាក់កាល​ទី​២​រួមមាន​ការអនុវត្ត​នូវ​កម្មវិធី​គម្រោង​ ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​បច្ចេកទេស​និង​គម្រោង​វិនិយោគ SPCR មួយចំនួនទៀត​។​
គោលបំណង​របស់​គម្រោង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​បច្ចេកទេស​នេះ​(TA) ​គឺ​ត្រូវ​ពង្រឹងសមត្ថភាព​ស្ថាប័ន​និង​អ្នកពាក់ព័ន្ធ​នៅ​កម្ពុជា​ក្នុងការ​ បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​។​
គម្រោង ​TA​នេះ ​នឹងធ្វើ​ការគាំទ្រ​បច្ចេកទេស​ដល់​ក្រុម​សម្របសម្រួល​និង​ការអនុវត្ត ​គម្រោង​វិនិយោគ​ទាំង​៧​របស់​SPCR​ដែលជា​គម្រោង​ទាំង​៧​នោះ​ផ្តោតទៅលើ​វិស័យ ​កសិកម្ម​ធនធានទឹក​និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ថវិកា​ជិត​៤០០​លាន​ ដុល្លារ​អាមេរិក​។
 គម្រោង​វិនិយោគ​ទាំងនេះ​ផ្តល់​កាឡា​នុ​វ​ឌ្ឍ​ភាព​ដ៏​សំខាន់​មួយ​សម្រាប់​ការកសាង​ភាព​ធន់​និង​អាកាស ធាតុ​នៅ​កម្ពុជា និង​ដើម្បី​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ និង​ការកាត់បន្ថយ​គ្រោះ​ហានិភ័យ​ទៅក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​។
ដោយហេតុ​ការគាំទ្រ​ដល់​គម្រោង​វិនិយោគ​ទាំងនេះ គឺជា​តួនាទី​ដ៏​សំខាន់​មួយ​ក្នុងតួនាទី​សំខាន់​ដទៃទៀត​របស់​គម្រោង​ ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រប​ច្ចេកទេស​។​
របាយការណ៍​នេះ​ចេញពី​ សិក្ខាសាលា​ស្តីពី​ការចាប់ផ្តើម​កម្មវិធី​ជំនួយ​ហិរញ្ញប្បទាន​ សហប្រតិបត្តិកា​រ​បច្ចេកទេស​នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន (​ទីភ្នាក់ងារ​ប្រតិបត្តិ​របស់​TA ពីថ្ងៃ​ទី​៤​និង​ទី​៥​ខែធ្នូ​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ​)​។​
ជាមួយគ្នានេះ​លោក Peter Brimble នាយករង​ប្រចាំ​ប្រទេស នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​កម្ពុជា​ក៏មាន​ប្រសាសន៍ថា ការខូចខាត​កាលពី​ឆ្នាំ​កន្លងទៅ ជាង​១៥០០​លាន​ដុល្លារ ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​។ កម្ពុជា​ចូលរួម​ក្នុងការ​បញ្ចេញ​កាបូន​តិច​ក្នុង​បរិយាកាស ប៉ុន្តែ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ជាង​ប្រទេស​ដទៃទៀត​។
លោក​បាន​ បន្តថា ការវិនិយោគ​ភាព​ធន់​នឹង​អាកាសធាតុ​ដោយ​ជោគជ័យ​ទាមទារ​ឲ្យ​មានការ​ប្រើប្រាស់ មធ្យោបាយ និង​វិធីសាស្ត្រ​ល្អៗសម្រាប់​ការកសាង​ភាព​ធន់​នឹង​អាកាសធាតុ​ទៅក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ ការប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ ត្រូវការ​សម្របសម្រួល និង​អនុវត្ត​យ៉ាង​ជិតស្និទ្ធ​។​
នៅក្នុង​ របាយការណ៍​នោះ លោក​ស៊ិន ខ័​ណ្ឌី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ការកសាង​ភាព​ធន់​នៅក្នុង​វិស័យ​ទាំង​៣ជា​អាទិភាព ដូចជា ធនធានទឹក កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង និង​ជនបទ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​ប្រជាជន​ទូទៅ​ក្នុងការ​កាត់បន្ថយ​ ការខូចខាត​ផ្នែក​សេដ្ឋកិច្ច និង​ការខូចខាត​ផ្នែក​សង្គម បរិស្ថាន និង​វប្បធម៌​របស់​ជាតិ​

NGO Forum បង្ហាញពីរបាយការណ៍ស្តីពីការវាយតម្លៃផលប៉ះ​ពាល់​របស់ទំនប់វារីអគ្គិសនីកំចាយ

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញពីសៀវភៅ និងរបាយការណ៍ស្តីពី ការវាយតម្លៃផលប៉ះពាល់របស់​​ទំនប់វារីអគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាននិងបរិស្ថាន។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅក្នុង សិក្ខាសាលា​ថ្នាក់ជាតិ​​ថ្ងៃ៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ក្រោម​ប្រធានបទ “​ការណែនាំ​ស្តីពី​ការអភិវឌ្ឍន៍​បៃតង​៖ កាលានុវត្តភាព និងបញ្ហា​ប្រឈម​”​ បានបង្ហាញពីរបាយការណ៍នៃ ការវាយតម្លៃផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាន និងបរិស្ថានដល់អ្នកពាក់ព័ន្ធនានានូវករណីសិក្សាពីដំណើរការរបស់ទំនប់នេះ តើមានការគិត​​គូរពីបទដ្ឋានគតិយុត្តិត្រឹមត្រូវដែរទេ ហើយមានការពិចារណាត្រឹមត្រូវដែររឺទេ?។ មួយវិញទៀតមានការអនុវត្តតាមនិតិវិធីច្បាប់ ការគិតគូរពីការប្រែប្រួលអាកាសធាតុ គិតគូរពីបញ្ហាសង្គម គិតគូរពីបញ្ហា​​សេដ្ឋកិច្ច និងបរិស្ថានហើយរឺនៅដែលឈរលើសរសរគ្រឹះទាំងបួននៃការអភិវឌ្ឍបៃតងនោះ។
លោកបន្តថា ដូច្នេះរបាយការណ៍រឺសៀវភៅនេះ ជាករណីសិក្សាឲ្យអ្នកធ្វើគោលនយោបាយ ក្រុមហ៊ុនធ្វើការអភិវឌ្ឍក្រលេកមើលថាតើការអភិវឌ្ឍបៃតង បានត្រឹមត្រូវហើយរឺនៅ ដើម្បីយើងរៀបចំផែនការទៅមុខទៀត។ ម៉្យាងទៀត ថាតើមានការអភិវឌ្ឍបៃតង ទៅតាមកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំជាផែនការ ជាផែនទីបង្ហាញផ្លូវអភិវឌ្ឍបៃតង តើនៅខ្វះចន្លោះកន្លែងណា ហើយត្រូវដូចម្តេចទៅមុខទៀត។
          តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញថា លទ្ធផលការសាងសង់ទំនប់វារីអគ្គិសនីបណ្តាលឲ្យមានផលប៉ះពាល់បរិស្ថាន និងសង្គមមួយចំនួនដែលបង្កឲ្យ មានការផ្លាស់ប្តូរអវិជ្ជមានដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់។
របាយការណ៍ដដែលបានបង្ហាញថា ប្រសិនបើក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីស៊ីណូហៃដ្រូ និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះការធ្លាក់ចុះនៃការចិញ្ចឹមជីវិតរបស់ប្រជាជនដែលពឹងផ្អែកលើ វិស័យទេសចរណ៍ជាមុខរបរ ក៍ដូចជាយកចិត្តទុកដាក់ចំពោះផលប៉ះពាល់អវិជ្ជមានចំពោះប្រជាជន ដែលប្រកបរបរកាប់ឬស្សី និងប្រមូលអនុផលព្រៃឈើ នោះពួកគេអាចបានធ្វើឲ្យស្ថានភាពប្រសើរ ឡើងយ៉ាងហោចក៍បានជាអន្លើដែរ តាមរយៈការអនុវត្តវិធាន​​ការកាត់បន្ថយផលប៉ះពាល់ក្នុងរបាយ ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងផែនការការគ្រប់គ្រងបរិស្ថាន។
ទោះបីយ៉ាងណាក្តី ត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍នៅថ្ងៃម្សិលមិញថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិស្តីពីអភិ​​វឌ្ឍន៏បៃតងឆ្នាំ២០១៣-២០៣០ កំពុងធ្វើឲ្យកម្ពុជាបានទទួល​​ស្គាល់ជាប្រទេសអភិវឌ្ឍន៍បៃតង   អច្ឆរិយៈ និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អ​​សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងសកលលោក។
ត្តមបន្តថា បញ្ហាសេដ្ឋកិច្ច បរិស្ថានសង្គម និងវប្បធម៌ គឺជាបង្គោលគ្រឹះសម្រាប់យន្តការនៃការអភិវឌ្ឍបៃតង។ ប៉ុន្តែទោះជាយ៉ាង​​ណាក៏ដោយ ការយល់ដឹង និងការចូលរួមរបស់ថ្នាក់ជាតិ ក្រោមជាតិ និងប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ដោយកង្វះខាតនូវធនធាន និងហិរញ្ញវត្ថុ។
គួររំឭកថា សេចក្តីព្រាង​គោលនយោបាយ​ជាតិស្តីពីការអភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតងឆ្នាំ​២០១៣-២០៣០ ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣​។
ឯកសារទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំដៅការពារ គ្រប់គ្រង និងថែរក្សាបរិស្ថាន ធនធានបរិស្ថាន ជីវចម្រុះ ព្រៃឈើ ដី ទឹក និងខ្យល់ តាមទិសដៅរបស់អង្គការសហប្រជាជាតិស្តីពី«អនាគតដែលយើងចង់បាន»៕

ការអភិវឌ្ឍបៃតង គឺជំរុញសមាហរណកម្មស៊ីជម្រៅ របស់កម្ពុជា

ការអភិវឌ្ឍបៃតងគឺជម្រុញសមាហរណកម្មស៊ីជម្រៅរបស់កម្ពុជា ទៅក្នុងក្របខណ្ឌ តំបន់ និងពិភពលោក ដែលជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាបានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសវិស័យសេដ្ឋកិច្ច បរិស្ថាន សង្គមកិច្ច និង វប្បធម៌។
នេះជាប្រសាសន៍របស់ត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដែលមាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ក្រោម​ប្រធានបទ “​ការណែនាំ​ស្តីពី​ការអភិវឌ្ឍន៍​បៃតង​៖ កាលានុវត្តភាព និងបញ្ហា​ប្រឈម​”​
ត្តមបន្តថា តាមរយៈគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ​​បៃតងនិង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអភិវឌ្ឍន៍ បៃតងឆ្នាំ២០១៣-២០៣០ កំពុងធ្វើឲ្យកម្ពុជាបានទទួល ស្គាល់ជាប្រទេសអភិវឌ្ឍន៍ បៃតងអច្ឆរិយៈ និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងសកលលោក។យុទ្ធវិធីឈ្នះឈ្នះ នាំឲ្យមានតុល្យភាព និងសុខដុមនីយកម្ម នៃរាល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពរុងរឿង ស្ថិរភាព វឌ្ឍនភាព គុណភាពបរិស្ថាន។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា   មានប្រសាសន៏ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាត្រូវគិតគូរជាយុទ្ធសាស្ត្រ​​អំពីរបៀបបញ្ជា្របគោល​​នយោបាយការអភិវឌ្ឍបៃតង ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន។
លោកបន្តថា ការជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជាមាន ន័យថា ជាការដោះស្រាយបញ្ហាប្រឈមនឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នតាមរយៈការអនុវត្ត សកម្មភាពជាយុទ្ធសាស្ត្រផ្សេងៗ ដែលមិននាំឲ្យកម្ពុជាបាត់បង់នូវធនធានធម្មជាតិ/បរិស្ថាន ខាតបង់សេដ្ឋកិច្ចនិងប៉ះពាល់ដល់សង្គម និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
 លោកបន្ថែមថា ប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលបានដឹងពីអត្ថន័យនៃការអភិវឌ្ឍបៃតង និងយន្តការដែលត្រូវបានណ៌នានៅក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍបៃតង។ ម៉្យាងទៀត ប្រជាជនភាគច្រើនមិនបានយល់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាល អង្គការមិន មែនរដ្ឋាភិបាល និងផ្នែកឯកជន ដែលបាននិងកំពុងអនុវត្តដើម្បីរួមចំណែកការអនុវត្ត ការអភិវឌ្ឍបៃតងនៅកម្ពុជានោះទេ។ ដូច្នេះ ការជំរុញការយល់ដឹងនិងកសាងសមត្ថភាពមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតអំពីក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងនៅកម្ពុជា សម្រាប់ការចូលរួម និងគាំទ្រសហគមន៍មូលដ្ឋាននាពេលអនាគត។​
ការអភិវឌ្ឍបៃតងស្តាប់ ទៅសាមញ្ញ ប៉ុន្តែមិនអាចសម្រេចបានដោយងាយៗនោះទេ វាត្រូវការការចូលរួមសហការ ទំាងអស់គ្នា។
សូមរំលឹកថា សេចក្តីព្រាង​គោលនយោបាយ​ជាតិ ស្តីពីការអភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​ការអភិវឌ្ឍ​បៃតង ឆ្នាំ​២០១៣-២០៣០ ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំ​គណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣​៕

តំណាងកសិករជាង៥០០នាក់មកពីទូទាំងប្រទេស អំពាវនាវឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ

ក្រុមកសិករមកពីទូទំាងប្រទេសទាមទាឲ្យរាជរដ្ឋាភិបាលបង្កើនយន្តការជួយដល់ពួកគាត់បន្ថែម ដើម្បីមានលទ្ធភាពពេញលេញក្នុងការតទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កការគំរា មកកំហែងយ៉ាងធ្ងន់ធ្ងរ។
          ការទាមទានេះបានធ្វើឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី នៅព្រឹកថ្ងៃទី១៧ ខែតុលា ដោយមានការចូលរួមពីតំណាង​​កសិករ​​ទូទាំងប្រទេសប្រមាណជាង៥០០នាក់ ក្នុងនោះក៏មានតំណាង កសិករ​​មកពីបណ្តាប្រទេសទាំង១០នៃសមាជិកអាស៊ានផងដែរ។
          លោកអួន សុផល តំណាងកសិករ និងជាប្រធានបណ្តាញកសិករ និងធម្មជាតិបានលើកឡើងថា  បច្ចុប្បន្ននេះប្រជាកសិករដែលពឹងអាស្រ័​​លើរបរកសិកម្ម ពិសេសការធ្វើដំណាំស្រូវកំពុងជួបបញ្ហា ប្រឈមជាច្រើនទៅលើមុខរបររបស់ពួកគាត់ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។
ការលើកឡើងដូច្នេះខណៈដែលកម្ពុជាបាននឹងកំពុងជួបប្រទះ​នូវបញ្ហាទាំងនេះ ក្នុងនោះគ្រោះទឹក ជំនន់បានបង្ករផល​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ជាពលរដ្ឋជាច្រើនគ្រួសារ និងផលដំណាំនានា រាប់ម៉ឺនហិចតានៅក្នុងខេត្តចំនួន២០។ ជាមួយគ្នានេះគ្រោះរាំងស្ងួតក៏កំពុងអួសបន្លាយផងដែរនៅក្នុង ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យសំណាបនឹងសន្ទូងរបស់ប្រជាកសិករខូចខាតជាច្រើនហិចតាដែរ។
លោកបញ្ជាក់ថា តាមការសង្កេតបញ្ហាគ្រោះរាំងស្ងួតគឺរដូវប្រាំង​​បានអូសបន្លាយកាន់តែវែងជាងរដូវវស្សា ដែលធ្វើឲ្យប្រជាកសិករដែលធ្វើស្រូវប្រកាន់រដូវពឹងអាស្រាយលើទឹកភ្លៀងពុំមានទឹកគ្រប់គ្រាន់ ក្នុងការបង្កបង្កើនផល។ ម្យ៉ាងវិញទៀតគ្រោះធម្មជាតិនេះ បានបង្កឲ្យមានសត្វល្អិត និងការទទួលបាន ទិន្នផលទាប។
កសិកររូបនេះបានបញ្ជាក់ទៀតថា ដើម្បីរួមចំណែកធ្វើឲ្យបញ្ហានេះមានភាពប្រសើរ វិញនោះ រាជរដ្ឋាភិបាលនិងអង្គការនានាគួរបង្កើនការយកចិត្តទុកដាក់ចំពោះកសិករឲ្យចេះបន្សុំា​ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនេះ ក្នុងនោះត្រូវផ្តល់បច្ចេកទេសថ្មីស្របទៅនឹងស្ថានភាពអាកាសធាតុ បង្កើនការជីកប្រពន្ធ័ធារាស្រ្តតូចៗនៅតំបន់ដែលងាយរងគ្រោះដោយគ្រោះរំាងស្ងួត ពិសេសការផ្តល់ឥណទានកសិកម្មខ្នាតតូចដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាបបំផុត ដើម្បីឲ្យពួក គាត់មានលទ្ធភាពងាយស្រួលក្នុងការបង្កបង្កើនផលដែលអាចទទួលបានទិន្នផលច្រើនតាមគោល​ការណ៍ធម្មជាតិ។
លោកឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋភិបាលមានប្រសាសន៍ថា ហានិភ័យ នៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ គឺជាកក្តាដ៏សំខាន់ក្នុងការជំរុញឲ្យមាបញ្ហា សន្តិសុខស្បៀងកើតឡើង។ ក្រៅពីនេះវាបានបង្កសោកនាដកម្មដ៏ច្រើនដូចជាបាត់បង់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ័ និងធនធានធម្មជាតិមួយចំនួនទៀត។
ត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគាំទ្រចំពោះសំណើទាំងនេះ ព្រោះវាជាមធ្យោបាយ ដ៏សក្កិសិទ្ធដែលធានាឲ្យប្រជាកសិករអាចជៀសផុតពីបញ្ហាប្រឈមនានាដែលកើតឡើងដោយការ ប្រែប្រួលអាកាសធាតុ។
 ត្តម សាយ សំអាល់ បញ្ជាក់ថា បញ្ហាទាំងនេះត្រូវបានរាជរដ្ឋាភិបាលអណត្តិទី5គិតគូជាអាទិភាព ក្នុងនោះនៅដើមខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់ ផែនការយុទ្ធសា ស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ដែលជាផែនការសកម្មភាពរបស់ជាតិ សម្រាប់ឆ្លើយតបនឹងការកែ លម្អស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
សូមបញ្ជាក់ថា កន្លងមកនេះក្រសួងបរិស្ថានបានផ្តល់មូនិធិប្រែប្រួល​​អាកាសធាតុ ដល់ក្រសួងសា្ថប័ន និងអង្គការនានាសម្រាប់អនុវត្ត​​គម្រោងចំនួន១១ ដែលមានថវិកាប្រមាណជាងលានដុល្លា ដែលផ្តោតសំខាន់លើគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបង្ហាញពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់ទឹកនិងអនាម័យ ប្រពន្ធ័ស្រោចស្រពដែលធននឹងអាកាសធាតុដល់សហគមន៍កសិករជនបទ។