វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
បានបង្ហាញពីសៀវភៅ និងរបាយការណ៍ស្តីពី ការវាយតម្លៃផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាននិងបរិស្ថាន។
លោក ឈិត
សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅក្នុង សិក្ខាសាលាថ្នាក់ជាតិថ្ងៃ៦ ខែធ្នូ
ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមប្រធានបទ “ការណែនាំស្តីពីការអភិវឌ្ឍន៍បៃតង៖ កាលានុវត្តភាព និងបញ្ហាប្រឈម” បានបង្ហាញពីរបាយការណ៍នៃ ការវាយតម្លៃផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីកំចាយលើសហគមន៍មូលដ្ឋាន និងបរិស្ថានដល់អ្នកពាក់ព័ន្ធនានានូវករណីសិក្សាពីដំណើរការរបស់ទំនប់នេះ តើមានការគិតគូរពីបទដ្ឋានគតិយុត្តិត្រឹមត្រូវដែរឬទេ ហើយមានការពិចារណាត្រឹមត្រូវដែររឺទេ?។ មួយវិញទៀតមានការអនុវត្តតាមនិតិវិធីច្បាប់
ការគិតគូរពីការប្រែប្រួលអាកាសធាតុ
គិតគូរពីបញ្ហាសង្គម គិតគូរពីបញ្ហាសេដ្ឋកិច្ច និងបរិស្ថានហើយរឺនៅដែលឈរលើសរសរគ្រឹះទាំងបួននៃការអភិវឌ្ឍបៃតងនោះ។
លោកបន្តថា
ដូច្នេះរបាយការណ៍រឺសៀវភៅនេះ ជាករណីសិក្សាឲ្យអ្នកធ្វើគោលនយោបាយ ក្រុមហ៊ុនធ្វើការអភិវឌ្ឍក្រលេកមើលថាតើការអភិវឌ្ឍបៃតង
បានត្រឹមត្រូវហើយរឺនៅ ដើម្បីយើងរៀបចំផែនការទៅមុខទៀត។ ម៉្យាងទៀត ថាតើមានការអភិវឌ្ឍបៃតង
ទៅតាមកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល
ដែលបានរៀបចំជាផែនការ ជាផែនទីបង្ហាញផ្លូវអភិវឌ្ឍបៃតង
តើនៅខ្វះចន្លោះកន្លែងណា ហើយត្រូវដូចម្តេចទៅមុខទៀត។
តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
បានបង្ហាញថា លទ្ធផលការសាងសង់ទំនប់វារីអគ្គិសនីបណ្តាលឲ្យមានផលប៉ះពាល់បរិស្ថាន និងសង្គមមួយចំនួនដែលបង្កឲ្យ មានការផ្លាស់ប្តូរអវិជ្ជមានដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់។
របាយការណ៍ដដែលបានបង្ហាញថា
ប្រសិនបើក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីស៊ីណូហៃដ្រូ
និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះការធ្លាក់ចុះនៃការចិញ្ចឹមជីវិតរបស់ប្រជាជនដែលពឹងផ្អែកលើ
វិស័យទេសចរណ៍ជាមុខរបរ ក៍ដូចជាយកចិត្តទុកដាក់ចំពោះផលប៉ះពាល់អវិជ្ជមានចំពោះប្រជាជន ដែលប្រកបរបរកាប់ឬស្សី
និងប្រមូលអនុផលព្រៃឈើ នោះពួកគេអាចបានធ្វើឲ្យស្ថានភាពប្រសើរ
ឡើងយ៉ាងហោចក៍បានជាអន្លើដែរ តាមរយៈការអនុវត្តវិធានការកាត់បន្ថយផលប៉ះពាល់ក្នុងរបាយ ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
និងផែនការការគ្រប់គ្រងបរិស្ថាន។
ទោះបីយ៉ាងណាក្តី
ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន
បានមានប្រសាសន៍នៅថ្ងៃម្សិលមិញថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិស្តីពីអភិវឌ្ឍន៏បៃតងឆ្នាំ២០១៣-២០៣០
កំពុងធ្វើឲ្យកម្ពុជាបានទទួលស្គាល់ជាប្រទេសអភិវឌ្ឍន៍បៃតង អច្ឆរិយៈ
និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងសកលលោក។
ឯកឧត្តមបន្តថា បញ្ហាសេដ្ឋកិច្ច បរិស្ថានសង្គម
និងវប្បធម៌ គឺជាបង្គោលគ្រឹះសម្រាប់យន្តការនៃការអភិវឌ្ឍបៃតង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការយល់ដឹង និងការចូលរួមរបស់ថ្នាក់ជាតិ ក្រោមជាតិ និងប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ដោយកង្វះខាតនូវធនធាន និងហិរញ្ញវត្ថុ។
គួររំឭកថា
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង
និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០
ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមីនា
ឆ្នាំ២០១៣។
ឯកសារទាំងពីរនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំដៅការពារ
គ្រប់គ្រង និងថែរក្សាបរិស្ថាន ធនធានបរិស្ថាន ជីវចម្រុះ ព្រៃឈើ ដី ទឹក និងខ្យល់
តាមទិសដៅរបស់អង្គការសហប្រជាជាតិស្តីពី«អនាគតដែលយើងចង់បាន»៕
No comments:
Post a Comment