Sunday, November 8, 2015

ផែនការធ្វើឃាតប៉ុល ពត និងនួន ជា របស់មិត្តឈូក និងច័ន្ទ ចក្រី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៦


សូមគោរពជូនបក្ស ជាទីគោរព ស្នេហា សូមជ្រាប!
ខ្ញុំសូមរាយការណ៍អំពីសកម្មភាព របស់បក្សពួកខ្ញុំ នៅក្នុងផែនការវ៉ៃបក្សកុម្មុយនីស្តកម្ពុជា នៅក្នុងក្រុងដូចតទៅ។
ជាលើកដំបូង នៅឆ្នាំ១៩៧៥ ថ្ងៃ ខែ មិនចាំ ចក្រីបានមករាយការណ៍ឲ្យខ្ញុំ បន្ទាប់ពីទទួល​ផែន​ការ​ពីខ្ញុំ វ៉ៃបក្សនៅក្នុងពេលបុណ្យឯករាជ្យ។​ខ្ញុំបានទទួលសេចក្តីរាយការណ៍របស់ចក្រី នៅផ្ទះរបស់ខ្ញុំ នៅភូមិកន្សាំងទង។ ពេលនោះចក្រី បានរាយការណ៍ប្រាប់ខ្ញុំថា ផែនការ ដែលបងប្រគល់ឲ្យខ្ញុំធ្វើ មិន បានសម្រេចទេ ព្រោះ
 .ក្នុងពេលបុណ្យ ឆែកឆេរហ្មត់ចត់ មិនឲ្យយកអាវុធគ្រប់ធុនចូល។។
.កម្លាំងយើងនៅថ្មីពេក តិចពេក នៅញញើតញញើម មិនដាច់ខាត។
.មិនស្គាល់មុខច្បាស់ទៀត មិនដឹងថា ជានរណាធំជាងគេ។
ខ្ញុំបានណែនាំទៅចក្រីវិញ នូវវិធានថ្មីដូចតទៅ
.ត្រូវត្រៀមកម្លាំងឲ្យបានច្រើន ដាក់ឲ្យបានគ្រប់ផ្លូវ ក្នុងរូបភាពយាមផ្លូវ ជាពិសេសនៅតាមមុខ​ព្រួញ ដែលយើងទទួលខុសត្រូវ តាមផ្លូវធំសំខាន់ៗ។ ពួកនេះ ត្រូវដាក់សញ្ញាឲ្យវាឯករាជ្យម្ចាស់ការ ជួប ពេលណា បាញ់ពេលនោះ មិនបាច់ចាំបញ្ជា។
.រៀបចំកម្លាំងកងពិសេស ឲ្យបានមួយវរសេនាតូចយ៉ាងតិច ហើយបង្ហាត់ក្បួនបាញ់កាំភ្លើងឲ្យ​ត្រង់​ពីចម្ងាយ ដើម្បីត្រៀមលក្ខណៈវ៉ៃបុក នៅពេលណាជាកំណត់ ដូចជាពិធីបុណ្យធំៗជាដើម។
.ត្រូវខិតខំកសាងកម្លាំង នៅតាមអង្គភាពដទៃ ឲ្យបានជាបណ្តើរៗ ដើម្បីបង្វែងដាន មុខព្រួញ សំខាន់ៗរបស់សយើង។
ខែ១០ .៧៥ ក្រោយពីទទួលបានផែនការនេះហើយ ចក្រីបានរាយការណ៍ឲ្យខ្ញុំដោយផ្ទាល់ម្តង ទៀត នៅកន្លែងខ្ញុំដដែល។ចក្រីបានរាយការណ៍ថា
.យើងជួបការលំបាកច្រើន ដោយអង្គការបន្ថយកម្លាំងកងពល១៧០ ចេញពីភ្នំពេញអស់ជា​ច្រើន ដែលពីមុននៅដល់មុខវាំង តែឥឡូវថយមកនៅត្រឹមវិមានឯករាជ្យ និងច្បារអំពៅ។
.អាវិធក្នុងអង្គភាព ក៏អង្គការដកមួយចំនួន យកទៅទុកក្នុងឃ្លាំង។
.រៀបចំកម្លាំងកងពិសេសនេះ មានការលំបាកក្នុងការជ្រើសរើសមនុស្សស្មោះត្រង់មិនបាន។ ម្យ៉ាងទៀតកម្លាំងកងពល១៧០ ត្រូវអង្គការដកឲ្យទៅបង្កបង្កើនផល នៅបែកចាន។
.កម្លាំង ដែលរៀបចំបាញ់ និយាយថា មិនស្គាល់មុខច្បាស់ ឡានមិនដឹងធុនណា? លេខប៉ុន្មាន?
.ការកសាងកម្លាំងដទៃ ក៏មិនបាន ព្រោះកសាងមនោសញ្ចេតនា ជាមួយគ្នាមិនបាន ចេះតែទំ
នាស់គ្នា ដូចជាកងខាងឧត្តរ និរតី កង១២ កង១១ ។ល។ ពេលនេះ បើយើងមានកម្លាំងតែជាង៥០ នាក់ ប៉ុណ្ណោះ។
          បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់ចក្រីហើយ ខ្ញុំបានណែនាំចក្រីសម្រាប់ផែនការខែ១ .៧៦ ដូចតទៅ។
          .ត្រូវរៀបចំចាត់តាំងកងស៊ើបការណ៍ តាមដានឲ្យជាប់។ ទំាងមន្ទីរផែនការ និងកន្លែងរស់នៅ ឲ្យបានប្រាកដ។
          .ត្រូវតែដាច់ខាត រៀបចំកម្លាំងបង្កប់នៅតាមអង្គភាពដទៃឲ្យបាន ដើម្បីបង្វែងដានសកម្មភាព​របស់យើង។
          .ត្រូវរកមនុស្ស ដែលធ្លាប់ស្គាល់អង្គការ ដើម្បីចាំបាញ់។
          .ត្រូវខិតខំកសាងកម្លាំងកងពិសេស តទៅទៀត កុំអស់សង្ឃឹម។
          .ត្រូវធ្វើចលនា លួចបាញ់ត្រង់នេះ ត្រង់នោះ លួចដុតផ្ទះ បំផ្លាញឃ្លាំង។ល។
          បន្ទាប់ពីទទួលផែនការរបស់ខ្ញុំនេះមួយរយៈមក ចក្រីបានរាយការណ៍មកខ្ញុំវិញតាមរយៈសំបុត្រ​ថាៈ
          .ឥឡូវនេះ មានការតានតឹងកាន់តែខ្លាំង ព្រោះអង្គការកំពុងតាមដានកងពល១៧០ ឯខ្លួនខ្ញុំត្រូវ អង្គការប្រុងដក ទៅមន្ទីរសេនាធិការហើយ។ អាវុធគ្រប់អង្គភាពក៏ដកអស់ ការទាក់ទងក៏កាត់អស់។ កម្លាំងកងពល ១៧០ ត្រូវបក្សដកចេញពីក្រុងអស់ ខ្លះទៅបែកចាន ខ្លះទៅបឹងស្នោរ ទំាងមេទំាងកូន។ ដូច្នេះគណៈកងពល បើអត់ពីខ្ញុំ សូមបងទាក់ទងភួន និងផាន។  ចំពោះខ្លួនខ្ញុំ មានការលំបាកទាក់ទង ណាស់។ ចាំថ្ងៃណាមួយ ខ្ញុំឆ្លៀតទៅលេងបងមួយភ្លែត។
          ក្រោយពីអានសំបុត្ររបស់ចក្រីចប់ ខ្ញុំបាន សរសេរសំបុត្រទៅភួន និងផាន ដើម្បីឲ្យភួន និង ផាន រៀបចំផែនការបន្ត។ វិធានការរបស់ខ្ញុំ ឲ្យភួន និងផានធ្វើ មានដូចតទៅ
          .ត្រូវខិតខំរក្សាការសម្ងាត់ កុំឲ្យបែកការ។ អង្គការឲ្យទៅណា ធ្វើអ្វី ខំធ្វើការសិនទៅ រង់ចាំខ្ញុំ​ដោះស្រាយតទៅទៀត។
          .ត្រូវរៀបចំគណៈកងពលឡើងវិញ ដោយលើកមនុស្សស្នើជូនអង្គការដូចជា ទួន សុខ សុជាតិ​។ល។ ធ្វើយ៉ាងម៉េចឲ្យមានមនុស្សរបស់យើង។ ចំពោះមិត្តសុខ ជាមនុស្សស្រួលទេ ខាងណាក៏ត្រូវ​ទំាងអស់ មិនចេះទាស់ពីណាទេ។
          .ត្រូវខិតខំចាត់តាំងក្រុមតូចៗ ធ្វើវិទ្ធង្សនា លួចបាញ់ ដុតឃ្លាំង ដុតផ្ទះ បាចត្រាក់ ជាបន្តបន្ទាប់ នៅតាមគ្រប់មុខព្រួញ។
          បន្ទាប់ពីខ្ញុំសរសេរសំបុត្រណែនាំទៅភួន និងផាន ដល់ជិតពាក់កណ្តាលឆ្នាំ១៩៧៦ សភាពការណ៍មានការតានតឹង ដាច់ខ្សែទាក់ទងអស់ ដែលតាមដំណឹងខាងក្រោយថា អង្គការឃាត់ខ្លួនអស់
ហើយ។
          តាមដំណឹង ពីម្តាយចក្រី ដែលទៅភ្នំពេញ បានប្រាប់គេឯងថា កូនគាត់ ត្រូវអង្គការចាប់ហើយ មិនដឹងរឿងអីទេ។
          ខ្ញុំទើបបានដឹងច្បាស់ នៅពេលបងនួន(នួនជា) អញ្ជើញទៅជួបគណៈអចិន្រ្តៃយ៍ភាគ(ភូមិភាគ) រាយ​ការណ៍ឲ្យគណៈភាគ ដែលមានរូបខ្ញុំចូលរួមផងដឹងថា ចក្រី ផាន និងភួន ត្រូវអង្គការចាប់ខ្លួន​ហើយ ពីទោសរួមក្បត់ជាមួយលី ផែន។ ចាប់ពីពេលនោះមក ខ្ញុំភ័យព្រួយរហូត ធ្វើការលែងកើត ខ្វល់ខ្វាយជាប់។
          ទន្ទឹមនឹងការរៀបចំផែនការជាមួយចក្រី ខ្ញុំបានរាយការណ៍ទៅកែវ មាស តាមរយៈវៀតណាម ម្នាក់ ឈ្មោះបៃម៉ាប់អំពីផែនការ និងសកម្មភាព​ ទំាងអស់ ដែលខ្ញុំបានរៀបចំ។
ក្រោយពីខ្ញុំបានជួបចក្រី ក្រោយបុណ្យឯករាជ្យ បីថ្ងៃក្រោយខ្ញុំបានទៅជួបបៃ ម៉ាប់ ដើម្បី​
ស្នើសុំបៃ ម៉ាប់ ជួយជាមតិ ព្រោះខ្ញុំនៅខ្លាចញញើតញញើម មិនទាន់ដាច់ខាត ហើយខ្វះបទ​ពិ​សោធន៍ ក៏ដូចជាយុទ្ធវិធី នៃការធ្វើដែរ។ បៃម៉ាប់ ឲ្យយោបល់ថា
.ត្រូវរៀបចំ ចាត់តាំងកងពិសេសឲ្យបានល្អ ទំាងគុណភាព និងបរិមាណ ដោយជ្រើស រើសមនុស្ស ដែលក្លាហាន ហើយធ្លាប់ស្មោះត្រង់លើសមរភូមិប្រយុទ្ធកន្លងមក កុំរើសពាស​វាលឲ្យសោះ។
.ត្រូវក្តាប់ស្ថានភាពរបស់សត្រូវឲ្យជាប់ គ្រប់ពេលវេលាទំាងអស់។
.ត្រូវហ្វឹកហ្វឺនបច្ចេកទេសពិសេស ឲ្យជំនាញបំផុត។
.ត្រូចចាត់តាំងពីក្រុមតូចៗ ឲ្យបានគ្រប់ទីកន្លែង គ្រប់មុខព្រួញ មិនត្រូវស្លាប់ក្រឡា កុំឲ្យ សត្រូវចាប់អារម្មណ៍ លើមុខព្រួញសំខាន់របស់យើង។
នៅចុងខែ១០ ១៩៧៦ (ឯកសារដើមសរសេរ១៩៧៥) ខ្ញុំបានជួបបៃម៉ាប់ម្តងទៀត។ ការជួបលើកនេះ ខ្ញុំបានរាយការណ៍ជូន​បៃ ម៉ាប់ ដូចតទៅៈ
.ខ្មាំងបានចាត់វិធានការ តាមដានសកម្មភាពរបស់ពួកយើងខ្ញុំជាប់។ ទណ្ទឹមនឹងនេះ បន្ថយកម្លាំងរបស់យើងខ្ញុំ ចេញផុតពីទីក្រុង ឲ្យទៅបង្កបង្កើនផលជាបន្តបន្ទាប់។
.ខ្មាំងចាត់តាំង យាមកាម ទំាងយប់ទំាងថ្ងៃ គ្រប់ច្រកល្ហក នៅតាមផ្លូវសំខាន់ៗ ហើយ ឆែកឆេរហ្មត់ចត់បំផុត។
.អ្នកដឹកនាំ និងមន្ទីរធ្វើការ ក្លែងភេទ និងចល័តជាប់ ក្តាប់សភាពការណ៍ពិតប្រាកដមិន​បាន។
ចំពោះសភាពការណ៍ខាងយើងខ្ញុំគឺ
.ពង្រីកកម្លាំងកងពិសេស ទៅមុខមិនបានចេះតែបែកបន្តបន្ទាប់។
.កម្លាំងយើង ត្រូវខ្មាំងបន្ថយ ចេញពីទីក្រុងជាបន្តបន្ទាប់ ធ្វើឲ្យយើងមានឧបស័គ្គ ដល់​សកម្មភាពវ៉ៃ ជាពិសេស ជាក្រុមតូចៗ។
.ខ្មាំងកំពុងតាមដានខ្លាំង ដល់កម្មាភិបាល យុទ្ធជន អង្គភាពកងពល១៧០ ហើយកាំ​ភ្លើង ក៏ខ្មាំងដកអស់ទៀត។
បៃ ម៉ាប់ បានមានមតិដល់យើងខ្ញុំវិញ ដូចតទៅៈ
.ចំពោះកងពិសេស ជាកម្លាំងយុទ្ធសាស្រ្តសំខាន់ តឹងតែងបែបណា ក៏ត្រូវពង្រីកបន្ថែម
 ព្រោះថា បើបម្រើសកម្មភាពចំពោះមុខមិនបាន ត្រូវទុកសម្រាប់បម្រើកម្មភាពយូរអង្វែង ក្នុង​ពោះ​វៀនខ្មាំង។
.ត្រូវតែបន្ថសកម្មភាព បាញ់បោះ លួចដុតឃ្លាំង បាចត្រាក់ ដោយប្រើគ្រប់រូបភាពតទៅ ទៀត។
.ចំពោះសមមិត្តណា ដែលបែកមុខត្រូវបន្ថយសកម្មភាព ហើយប្រគល់ភារកិច្ចឲ្យ​សមមិត្ត ​ដែលមិនទាន់បែកឲ្យធ្វើតទៅទៀត។
.ត្រូវតែតាមដាន អ្នកដឹកនាំបក្សកុម្មុយនីស្ត តទៅទៀត ឲ្យបានហ្មត់ចត់។
នៅចុងខែ១.៧៦ ខ្ញុំបានជួបបៃម៉ាប់ ដើម្បីរាយការណ៍ជាថ្មីម្តងទៀត។ ខ្ញុំបានរាយ​ការណ៍​ជូនបៃ ម៉ាប់ ដូចតទៅ។
​​​.ខ្មាំងដកកម្មាភិបាលដឹកនាំ របស់អង្គភាពអស់មួយចំនួនធំ។
.អង្គភាពទ័ពរបស់យើង ដកចេញពីទីក្រុងអស់។
.ការទាក់ទងគ្នាត្រូវដាច់ ។
.សកម្មភាពពិសេសរបស់យើងទៅមុខមិនរួច។
.ខ្មាំងមានប្រៀប សង្កត់លើយើងជាប់ជានិច្ច ធ្វើឲ្យយើងរើខ្លួនមិនរួច។
.ខ្មាំងមានវិធានការផ្លាស់ប្តូរកម្មាភិបាលយើង ហើយនឹងស្រាវជ្រាវ តាមដានរកខ្សែ របស់យើង នៅជនបទទៀត។
បៃ ម៉ាប់ បានផ្តល់មតិយោបល់ដូចតទៅ
.នៅតាមជនបទត្រូវប្រយ័ត្ន កុំឲ្យបែកការណ៍សម្ងាត់។ ត្រូវខិតខំរក្សាកម្លាំងឲ្យបាន។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ទ័ពឲ្យបានក្នុងដៃ បើសភាពការណ៍មិនស្រួល យើងវ៉ៃទប់ទល់ដោយ​អាវុធ ឬគេចខ្លួនទៅតាមព្រំដែនសិន រួចចាំខាងលើសម្រេច។
.បញ្ហា វ៉ៃខាងយោធា អង្គការកំណត់ចាប់ពីឆ្នាំ១៩៧៧នេះតទៅ។
ទីបំផុត បៃ ម៉ាប់ ឲ្យយោបល់ថា គាត់មិនហ៊ានសម្រេចបញ្ហាធំៗទេ គឺគ្រាន់តែជាអ្នកនាំ ពាក្យជួយអង្គការខ្មែរ តែប៉ុណ្ណោះ។ អង្គការខាងលើ ទំាងខ្មែរ ទំាងវៀតណាម សម្រេចយ៉ាង​ណា គឺគាត់ចាំតែអនុវត្តន៍ ដូចខ្ញុំដែរ។ តែគាត់ប្រាប់ខ្ញុំថា បើមិនស្រួល យើងចាត់ការបណ្តើរៗ​
ទៅ។ គាត់ថា គាត់ចាំតែជួបខ្ញុំ ដូចកាលពីឆ្នាំ១៩៧០។
ចប់កិច្ចពិភាក្សា ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ដោយឡែក ផ្ញើទៅកែវមាស តាមរយៈ បៃ
 ម៉ាប់។
          ខ្លឹមសារសំបុត្រ ខ្ញុំបានរាយការណ៍ ពីសភាពការណ៍ជាក់ស្តែង ជូន កែវមាស ហើយ​សុំ​ឲ្យគាត់ជួយដោះស្រាយស្ថានការណ៍ ដោយធ្វើសំណូមពរ វ៉ៃដោយអាវុធ កុំទុកយូរពេក ខាង ក្នុងលំបាកខ្លាំងណាស់។ ទុកយូរកាលណា ខ្ទេចខ្ទីរកម្លាំងច្រើនកាលណោះ មិនងាយកសាង បានទេ។
          សូមបក្សជ្រាប !!! ការខ្វះខាត សូមបក្សអភ័យទោស...

(ដកស្រង់ ពីសៀវភៅ ចម្លើយសារភាព របស់មេដឹកនាំខ្មែរក្រហម)

No comments:

Post a Comment