Sunday, November 8, 2015

កម្ពុជា ស្នើឲ្យឡាវ គោរពលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង


 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាមិនជំទាស់នឹងការសាងសង់ទំនប់​វារី​អគ្គិសនី សាយ៉ាបុរីទេ តែស្នើឲ្យភាគីឡាវ គោរពនូវរាល់លក្ខខណ្ឌ ដែលព្រមព្រៀងជាមួយ គ្នានាពេលកន្លងមក។
ថ្លែងក្នុងកិច្ច ប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី៩ ជាមួយ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធាន​រដ្ឋ នៃសាធារណរដ្ឋ ប្រជា​ធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅ​វិមាន​រដ្ឋ ហរខាំ  សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនជំ​ទាស់​ការសាងសង់ទំនប់វារីអគ្គិសនី​ សាយ៉ាបុរី ដែលមានកម្លាំងឋាមពលជាង១ពាន់មេហ្គាវ៉ាត់ នេះទេ តែកម្ពុជាសូមឲ្យភាគីឡាវ ធ្វើយ៉ាងណា គោរពនូវរាល់លក្ខខណ្ឌ ដែលភាគីពាក់ព័ន្ធ​ទាំងអស់ ក្នុងតំបន់អនុទន្លេមេគង្គ បានព្រមព្រៀងគ្នា កាលពីពេលកន្លងមក ដូចជាការ មិន​បង្វែរចរន្តទឹក នៃអាងទន្លេមេគង្គជាដើម។
យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងអស់ នៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា ឡាវ វៀតណាម និងថៃ ត្រូវតែយល់ព្រមលើកិច្ច ព្រមព្រៀង គម្រោងទំបន់វារីអគ្គិសនីណាមួយ ទើបភាគីពាក់​ព័ន្ធខាងលើអាច​ដំណើរការសាងសង់បាន។
តាំងពីដើមរៀងមក កម្ពុជា និងវៀត​ណាម​បានជំទាស់​យ៉ាង​ខ្លាំងក្លា ចំពោះគម្រោងទំនប់សាយ៉ាបុរីនេះ ព្រោះទំនប់នេះ នឹងធ្វើឲ្យ​ប៉ះ​ពាល់​ដល់សក្តានុពល​ជីវៈចម្រុះ បរិស្ថាន និងជីវិតរស់នៅរបស់មនុស្ស និងសត្វរាប់លានជីវិត នៅកម្ពុជា និងវៀត​ណាម។ ប្រទេស​​ឡាវ នឹងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបុរី ជាផ្លូវការ នៅសប្តាហ៍នេះ។
ឆ្លើយតប ចំពោះសំណើខាងលើ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន បានជម្រាបជូនសម្តេច តេជោហ៊ុនសែនថា ប្រទេសឡាវ តែងតែគោរពនូវរាល់មតិរបស់ប្រទេសជិតខាង ហើយប្រ សិនបើ​ការសាងសង់ទំនប់វារីអគ្គិសនីនេះ ធ្វើឲ្យផលប៉ះពាល់នោះ ប្រទេសឡាវ នឹងមិនធ្វើការ​សាង​សង់ទេ។
គួររំលឹកថា កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១២ របស់ក្រសួង​​ការងារ និងសេដ្ឋកិច្ច នៃ​ប្រទេសហ្វាំងឡង់ បានចេញសេចក្តីជូនដំណឹងមួយ  ដែលមានខ្លឹមសារថា ប្រទេស​ហ្វាំង​ឡង់ នឹងធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន Po yry ដែលជាក្រុមហ៊ុនពហុជាតិ មានទី​តាំងនៅ​ប្រទេស​ហ្វាំងឡង់ ក្រោយ​ពីប្រទេសនេះ ទទួលបាន​ពាក្យ​បណ្តឹង​ពីអង្គការក្រៅ​រដ្ឋាភិបាល​ចំនួន១៥ ទាមទារ​ឲ្យរដ្ឋាភិ​បាល​ហ្វាំងឡង់ពិនិត្យ និង​ពិចារណា លើការវាយតម្លៃ ផលប៉ះពាល់  ដែលក្រុម​​ហ៊ុន មួយនេះ បានផ្តល់ទៅឲ្យរដ្ឋាភិបាលឡាវ។
ក្នុងពាក្យបណ្តឹង ដែលសង្គមស៊ីវិលទាំង១៥ ប្តឹងទៅប្រទេសហ្វាំងឡង់ មានខ្លឹមសារថា ក្រុម ហ៊ុនPo yry បានល្មើសនឹងស្តង់ដារពាណិជ្ជកម្ម ដែលទទួលខុសត្រូវដោយប្រទេសហ្វាំងឡង់ និង បានខ្ជះខ្ជាយមូលនីធិសាធារណៈតាមរយៈការធ្វើប្រឹក្សា គំាទ្រលើគម្រោងសាងសង់​ទំនប់​វារីអគ្គិសនីសាយ៉ាបុរី ទោះបីទំនប់នេះ ត្រូវបានជំទាស់យ៉ាងដាច់អហង្កា ដោយប្រទេសកម្ពុជា និងវៀតណាមក្តី។

No comments:

Post a Comment