Sunday, November 8, 2015

ចម្លើយសារភាពរបស់កុយ ធួន នៅគុកទួលស្លែង(វគ្គ១)



អំពីផែនការរៀបចំបក្សថ្មី ដើម្បីធ្វើស្នូល សម្រាប់ដឹកនាំចលនាគ្រប់គ្រងកសាង ពង្រីក​និង​ពង្រឹងកម្លាំងរបស់យើងខ្ញុំ ហើយនងឹបំផុសចលនាប្រឆាំងនឹងបក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។

នៅក្នុងខែ១០ ១៩៧៥ សមមិត្តយ៉ា បានស្នើអញ្ជើញខ្ញុំ សមមិត្តឌឿន ជ័យ សួន តូចភឿន ដើម្បីបង្កើតគណកម្មការមួយ រៀបចំគម្រោងបង្កើតបក្សថ្មីមួយទៀត ធ្វើជាស្នូលដឹកនាំចលនា កសាងពង្រីក និងពង្រឹងកម្លាំងរបស់យើងឲ្យបានល្អ ពង្រីកឥទ្ធិពលមហាជន និងដើម្បីធ្វើការ​តស៊ូទប់ទល់នឹងកម្លាំងរបស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្នជាបន្តបន្ទាប់។
សមមិត្តយ៉ា ធ្វើជាប្រធានគណកម្មការនេះ កន្លែងប្រជុំ គឺនៅផ្ទះសមមិត្តតូចភឿន។ សមមិត្ត យ៉ា បានលើកឡើងថា ដើម្បីបម្រើចលនាឲ្យទាន់ពេលវេលាយើងចាំបាច់ត្រូវរៀបចំបង្កើតបក្ស​ថ្មីមួយទៀតធ្វើជាមូលដ្ឋាន ជាត្រីវិស័យដឹកនាំចលនាយើងគ្រប់ផ្នែក និងដើម្បីធ្វើជាកម្លាំងទប់ ទល់នឹងឥទ្ធិពលរបស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។
ដំបូង សមមិត្តយ៉ាស្នើឈ្មោះបក្សថ្មីនេះ តើដាក់ឈ្មោះយ៉ាងណា? ឬមួយនៅជាបក្សកុម្មុយនីស្ត កម្ពុជាដដែល? ឬមួយក៏ដាក់ឈ្មោះហៅថា បក្សសង្គមកម្ពុជាថ្មីក៏បាន។ ឈ្មោះនេះ គាត់ថា​ឲ្យរៀបរយឲ្យស្រួលដើម្បីប្រមូលកម្លាំងទូទាំងប្រទេស និងក្រៅប្រទេស ពេលណាយើងចេញ​ចំហរ។
បក្សស្នើឲ្យនៅជាសម្ងាត់សិន។ ពេលណាសភាពការណ៍ប្រែប្រួល ឃើញថា យើងចាំបាច់​ចេញបក្សហើយនោះ យើងក៏ប្រកាសចេញ។
មាគ៌ានយោបាយរបស់បក្ស គឺ ត្រូវខ្លឹមសារ កសាងសង្គមនិយមដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់ សតិអារម្មណ៍របស់មហាជនតែន័យត្រូវឲ្យខុសគ្នា។សង្គមនិយមយើងត្រូវដំណើរការកសាងតាមជំហានៗមិនផ្អែកលើទីតាំងសមូហភាពរឹងមាំ ដូចពេលសព្វថ្ងៃនេះទេ។
.យើងទុកឲ្យមានកម្ម​សិទ្ធិ​ទូលាយគ្រាន់បើ។
.ចាយប្រាក់ឡើងវិញ
 ទាល់តែអនុវត្តន៍បែបនេះ ទើបជីវភាពមហាជន បានធូរស្រាលបណ្តើរៗ។
អំពីមាគ៌ា ប្រមូលកម្លាំង សមមិត្តយ៉ាឧទ្ទេសនាមថា ក្រៅវណ្ណៈកម្មករ កសិករ យើងឲ្យយក​ចិត្ត​ទុកដាក់ ប្រមូលស្រទាប់ដទៃទៀត ពិសេសគឺអនុជន និងបញ្ញាជន។ ពួកនេះ  គេបានរួមក្នុង
បដិវត្តន៍សកម្មដែរ។ ដូច្នេះ កុំអាលបោះបង់ចោល។
នយោបាយបរទេស យើងត្រូវតែទាក់ទងជាមួយគ្រប់ប្រទេសទំាងអស់ ទំាងប្រទេសសង្គមនិ​យម ទំាងខាងលោកសេរី និងប្រទេសមិនចូលបក្សសម្ព័ន្ធ។ ជារូបភាពនយោបាយរបស់យើង គឺត្រូវប្រកាន់យកនយោបាយឯករាជ្យ សន្តិភាពអព្យាក្រិត្យ ហើយដាច់ខាតត្រូវបិទបាំងនយោ
បាយស្និទ្ធស្នាលនឹងលោកខាងលិចរបស់យើងកុំឲ្យគេស្គាល់ នាំខូចឥទ្ធិពល។
ជំនួយបរទេស យើងត្រូវមាននយោបាយ ទាក់ទងនឹងបរទេសទំាងអស់ មិនថាលោកខាងលិច ឬលោកខាងកើត និងប្រទេសមិនចូលបក្សសម្ព័ន្ធណាទេ ឲ្យតែគេគំាទ្រយើង។ គេជួយឧបត្ថម្ភ​យើង ជំនួយខាងណា ក៏យើងទទួល រួមទាំងចក្រពត្តិអាមេរិកផង។
គម្រោងឈ្មោះសមមិត្ត សម្រាប់ដឹកនាំបក្សថ្មី
សមមិត្តយ៉ា បានស្នើឈ្មោះដើម្បីអង្គប្រជុំពិនិត្យ។ សមមិត្តយ៉ា ខ្ញុំ សមមិត្តឌឿន ជ័យ សួន សមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង សមមិត្តឈូក សមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្តតូច ភឿន សមមិត្តហ៊ូ នឹម សមមិត្តអឿន សមមិត្តសី សមមិត្តយី សមមិត្តញ៉ែម សមមិត្តហ៊ាន សមមមិត្តចក្រី សមមិត្តសួង។
គាត់និយាយថា សមាសភាពសុទ្ធតែល្អ ហើយមានឥទ្ធិពលក្នុងស្រទាប់មហាជន លក្ខណៈ​សកម្ម​ និងប្រយុទ្ធ។ សមមិត្តយ៉ា សង្កត់ធ្ងន់ថា ទាល់តែយើងមានមាគ៌ានយោបាយ ជាត្រីវិ​ស័យ បម្រើនយោបាយយើងនេះ ទើបការងាររបស់យើងមានការរីកចម្រើនឆាប់រហ័ស។ ឯ សមាសភាពមកពីខាងជើង យើងកុំឲ្យចូលគណៈដឹកនាំថ្មីនេះ ព្រោះពួកនោះ ឥទ្ធិពលនយោ បាយមិនល្អទេ។ ក្រោយមក មានការផ្លាស់ប្តូរយោបល់គ្នា។
.អំពីឈ្មោះបក្ស
សមមិត្តជ័យ សូនលើកឡើងថា យើងត្រូវប្រើរូបភាព ជាបក្សបដិវត្តន៍ទំាងអស់ ដើម្បីចៀស វាងការបែកមុខមាត់។ តាមមតិគាត់ថា បើដាក់ឈ្មោះ ជាបក្សកុម្មុយនីស្តកម្ពុជាដែរនោះ ក្រែង គេច្រឡំថា ដូចគ្នា ហើយបែបហួសកម្រិតបន្តិចផង។ ដូច្នេះ ស្នើដាក់ត្រឹម បក្សសង្គមនិយម កម្ពុជាថ្មី។
ក្រោយពីផ្លាស់ប្តូរយោបល់គ្នាចុះឡើង ទំាងអស់គ្នាក៏យល់ព្រម។
.អំពីមាគ៌ានយោបាយរបស់បក្ស
សមមិត្តតូចភឿន មានមតិថា ឥឡូវនេះ កម្រិតប្រជាជនយើង គឺគេយល់ជ្រួតជ្រាប អំពីសង្គម​
និយម និង បានកសាងសង្គមនិយមហើយ ដូច្នេះខ្លឹមសារ នៃមាគ៌ារបស់យើង គឺត្រូវផ្អែកលើ សង្គមនិយម។ តែសង្គមនិយមរបស់យើង គឺដំណើរការតាមជំហានៗ ពីតិចទៅច្រើន ពីទាប ទៅខ្ពស់ មិនមួយត្រឹមទំាងអស់ទេ ហើយយើងទុកឲ្យកម្មសិទ្ធិឯកជន។ សមមិត្តតូច ភឿន មាន មតិទៀតថា បើរៀបចំឲ្យមានផ្សារតាមសហករណ៍មានលុយកាក់ចាយ ដូច្នេះជាការល្អណាស់ កុំឲ្យវាស្ងួតពេក។ ឯការបោះទីតាំងសមូហភាព ក៏យើងធ្វើតាមកម្រិតដែរ។
.អំពីមាគ៌ាប្រមូលកម្លាំង
សមមិត្តឌឿន មានមតិ ថា សព្វថ្ងៃ យើងមានកំហុសអនុធន បញ្ញាជនច្រើន។ ពួកនេះ ក៏គេ​
បាន​រៀនសូត្រចេះដឹងច្រើនដែរ។ យើងគួរតែយកកម្លាំងគេមកប្រើប្រាស់ឲ្យបាន ជាអតិបរមា កុំឲ្យចង្អៀតចង្អល់។ យើងត្រូវ លើកទឹកចិត្តពួកគេ បើយើងបងប្អូនកម្មករកសិករយើងមក​កសាង​នោះ វាក៏ទាមទារពេលវេលាយូរដែរ។
.អំពីនយោបាយបរទេស
សមមិត្តធុច(ឃួន)មានមតិៈ យល់ស្របថាឲ្យទំនាក់ទំនងបរទេសទំាងអស់ ដើម្បីប្រមូលកម្លាំង​ប្រទេសឲ្យបានជាអតិបរមា តែយើងត្រូវប្រយ័ត្នចំពោះរូបភាព។ យើងត្រូវធ្វើតាមរូបភាព នយោ​​​​បាយឯករាជ្យ សន្តិភាព អព្យាក្រិត ដើម្បីធ្វើការទាក់ទង តែឲ្យប្រុងប្រយ័ត្ន បើគេឃើញ យើងទាក់ទងធ្ងន់ទៅខាងលោកសេរីនោះ ឥទ្ធិពលនយោបាយរបស់យើង នឹងថមថយចុះ ទំាងក្នុងប្រទេស និងលើសាកលលោក។
ចំពោះជំនួយបរទេស សមមិត្តតូចភឿន មានមតិថា សព្វថ្ងៃបរទេសទំាងអស់គេចង់តែ​ផ្តល់​ជំនួយឲ្យយើងទេ យើងត្រូវដណ្តើមយកឲ្យបាន ជាអតិបរមា។ ក្រោយពីពិភាក្សាគ្នា ទំាងអស់​គ្នាក៏យល់ស្រប។ បញ្ហាទំាងអស់ខាងលើនេះ គឺជាគោលនយោបាយសំខាន់ៗ ដែលត្រូវកំណត់ក្នុងមាគ៌ានយោ​បាយ និងគោលនយោបាយរបស់បក្សថ្មីនេះ។
.អំពីសមាសភាពគណៈកម្មាធិការដឹកនាំ
សមមិត្តយ៉ា បានស្នើលើកឈ្មោះសមមិត្តមួយចំនួនដើម្បីអង្គប្រជុំពិនិត្យ និងពិចារណា។​ក្រោយ​ពីផ្លាស់ប្តូរមតិគ្នាយ៉ាងល្អិតល្អន់មក អង្គប្រជុំបានលើកឈ្មោះ សមមិត្តខាងក្រោមនេះ សម្រាប់មហាសន្និបាតពិនិត្យ ពិចារណា និងអនុម័តនៅពេលខាងមុខ។
១.សមមិត្យយ៉ា ប្រធាន
២.សមមិត្តធុច (កុយធួន ឬឃួន?) អនុប្រធានទី១
៣.សមមិត្តឌឿន អនុប្រធានទី២
៤.សមមិត្តជ័យសួន សមាជិកអចិន្រ្តៃយ៍
៥.សមមិត្តវី សមាជិកអចិន្រ្តៃយ៍
៦.សមមិត្តឡៅ សមាជិកអចិន្រ្តៃយ៍
៧.សមមិត្តឡាំង សមាជិកអចិន្រ្តៃយ៍
៨.សមមិត្តឈូក សមាជិក
៩.សមមិត្តចក្រី សមាជិក
១០.សមមិត្តស្រេងសមាជិក
១១.សមមិត្តសុទ្ធសមាជិក
១២.សមមិត្តតូច ភឿនសមាជិក
១៣.សមមិត្តហ៊ូ នឹម សមាជិក
១៤.សមមិត្តអឿន សមាជិក
១៥.សមមិត្តសី សមាជិក
១៦.សមមិត្តយី សមាជិក
១៧.សមមិត្តញ៉ែម សមាជិក
១៨.សមមិត្តហ៊ាន សមាជិក
១៩.សមមិត្តសួង សមាជិក
          ឯឈ្មោះដទៃទៀត អាចលើកជូនអង្គប្រជុំពិនិត្យនៅថ្ងៃក្រោយ។
          ចុងក្រោយសមមិត្តយ៉ា ក៏មានមតិបន្ថែមៈ
          ដើម្បីឲ្យបក្សថ្មី របស់យើងនេះ មានលក្ខណៈខ្លាំងក្លា យើងត្រូវរៀបចំពង្រឹង
១.សមាសភាពដឹកនាំរឹងប៉ឹង
២.ជំរុញការងារកសាងកម្លាំងគ្រប់ផ្នែក ពិសេសមហាជន និងកងទ័ព។
អញ្ចឹងហើយ គាត់ស្នើឲ្យសមមិត្តមួយរូបៗ យកចិត្តទុកដាក់ អប់រំពង្រឹងកម្លាំងខាងក្រោមៗ​ទៀត ឲ្យចាប់អារម្មណ៍បញ្ហា ដូចពោលខាងលើនេះ ឲ្យមែនទែន។
គាត់បន្ថែមៈ
          សព្វថ្ងៃ យើងត្រូវពឹងផ្អែកលើកម្លាំងរបស់យើង ដែលមានមកហើយ អប់រំកសាងកម្លាំង​នេះ ហើយឈរលើមូលដ្ឋាននេះ យើងពង្រីកតទៅមុខទៀត ហើយគាត់មានមតិថាៈ
          ឥឡូវនេះ យើងត្រូវរៀបចំគម្រោង មាគ៌ានយោបាយថ្មីរបស់យើង ហើយនិងលក្ខខន្តិកៈ បក្សរបស់យើង។ ខ្ញុំស្នើខាងគម្រោងមាគ៌ា ឲ្យខ្ញុំយកទៅរៀបចំចុះ។ ឯលក្ខខន្តិកៈ ស្នើសសមិត្ត ធុច និងសមមិត្តឌឿន។
          យើងត្រូវរៀបចំ មហាស្និបាតលើកទី១របស់យើង ដើម្បីចាត់តាំងគណៈកម្មាធិការ ដឹក​នាំ​បក្សយើង និងអនុម័ត លើគម្រោងមាគ៌ានយោបាយ និងលក្ខខន្តិកៈរបស់បក្ស។
គាត់ស្នើបន្ថែមៈ យើងត្រៀមប្រជុំខែមួយ១៩៧៦ ឬយ៉ាងយូរបំផុត ខែ២ ១៩៧៦ ព្រោះខែ១ ៧៦ ខ្ញុំ សមមិត្តធុច សមមិត្តឌឿន មានការរវល់។
ទំាងអស់គ្នាក៏យល់ព្រម ហើយស្នើថា គួរជំរុញបន្ទាន់ក្នុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៦ ។
សមមិត្តយ៉ា មានមតិៈ បើកាលណាយើងមានបក្សដឹកនាំមួយ ដែលមានមាគ៌ានយោ​បាយសមស្របហើយ មានលក្ខខន្តិកៈត្រឹមត្រូវ ជាបង្គួរឲ្យនោះ សន្ទុះ នៃចលនារបស់យើង នឹងរីកចម្រើនឆាប់រហ័សទៅមុខជាប្រាកដ។ ទាល់តែយើងផ្អែកលើកម្លាំងរបស់យើង នោះទើប យើងរក្សាឥទ្ធិពល នយោបាយរបស់យើងបាន។
លុះផុតរបៀបវារៈហើយ សម័យប្រជុំក៏បិទ។
                                                            ថ្ងៃទី០៣ ០៤ ៧៧
                   
                                                                      ដោយគោរព
                                                                                ឃួន
                                                           
ចម្លើយសារភាពរបស់កុយ ធួន នៅគុកទួលស្លែង(វគ្គ២)

សូមគោរព អង្គការជាទីស្នេហា ដ៏ឧត្តម យើងខ្ញុំសូមរាយការណ៍ជូនអង្គការជាទីគោរព ដោយស្មោះត្រង់បំផុត អំពីបញ្ហាដែលអង្គការលើកឡើងចំពោះយើងខ្ញុំ។
.អំពីខ្ញុំ ចង់ទៅភូមិភាគសាន
បញ្ហានេះ ជាផែនការរួម ដែលសម្រេចដោយសមមិត្តឌឿន សមមិត្តយ៉ា និងខ្លួនខ្ញុំ តែ ពិសេស គឺសមមិត្តយ៉ា ដែលជាអ្នកទទួលខុសត្រូវរួម។
នៅចុងខែ២ ឆ្នាំ៧៥ ក្នុងសម័យប្រជុំយ៉ាងខ្លីមួយ រវាងយើងខ្ញុំទំាងបី សមមិត្តយ៉ា បាន​លើកបញ្ហាអំពីការ​គ្រប់គ្រងភូមិភាគសាន។ គាត់លើកបញ្ហាថា សព្វថ្ងៃយើងមានកម្មាភិបាល ទទួលខុសត្រូវភូមិភាគសានហើយ គឺសមមិត្ត វី ជាលេខាខេត្តរតនគីរី សមមិត្តឡៅ ជាអនុ លេខាខេត្ត សមមិត្តឡាំង ជាលេខាខេត្តមណ្ឌលគីរី ហើយនិងកម្មាភិបាលសំខាន់ៗមួយចំនួនទៀត។ សមមិត្តយ៉ា មានមតិថា នេះជាកម្មាភិបាលសំខាន់របស់យើងហើយ ដែលគាត់បាន​យក​ចិត្តទុកដាក់អប់រំកសាង និងគ្រប់គ្រងជាបន្តបន្ទាប់។ គាត់បន្ថែមថា តែចំណុចខ្សោយ​របស់​កម្មាភិបាលទំាងអស់នេះ គឺមិនចេះប្រមូលកម្លាំង មិនចេះសាមគ្កីទំាងខាងផ្ទៃក្នុង ទំាង ខាងមហាជន។ សមមិត្តទំាងនេះ ធ្វើការពាសវាលពាសកាលបាក់បែកកម្លាំងអស់។
គាត់លើកឡើងៈ សមមិត្តវី និងសមមិត្តឡៅ និងកម្មាភិបាលមួយចំនួនទៀត បានធ្វើ​ការចោទប្រកាន់ដល់កម្មាភិបាលខាងក្រោមមួយចំនួន ដល់ប្រជាជនមួយចំនួនថា សុទ្ធតែពួក ក្បត់ ហើយក៏មានផែនការចាប់ ខ្លះចាប់បានក៏សម្លាប់ចោល ខ្លះទៀតក៏នាំគ្នារត់ ជាមួយនឹង បងប្អូនឯទៀត ចូលទៅដែនដីវៀតណាម ដែនដីលាវ អស់រាប់សិប រាប់រយគ្រួសារ។ ឯសមមិត្ត ឡាំងវិញ ក៏ធ្វើការក្តៅមើលតែភ្លើង ពាសវាលពាសកាលដែរ រកតែគេឯងធ្វើការជាមួយមិន​បាន។ គាត់បានបញ្ជាក់ថា ក្រៅពីនេះ ការងារកសាងកម្លាំង ដែលគាត់បានប្រឹងប្រែងធ្វើមកជា យូរហើយ ក៏នៅជាទ្រឹងវិញ មិនចម្រើនសោះ។ គាត់បានបញ្ជាក់ៈ ឥឡូវនេះ សមមិត្តឌឿន បានរាយការណ៍ឲ្យខ្ញុំដឹងកាលពីព្រឹកមិញថា អង្គការមិនសប្បាយចិត្តចំពោះសកម្មភាពសម​មិត្តវី និងសមមិត្តឡៅទេ ហើយចង់រកកម្មាភិបាលទៅធ្វើការគ្រប់គ្រងភូមិភាគសាន។ គាត់ ថាគាត់ចង់សុំត្រឡប់ទៅវិញដែរ តែបើសុំ ក្រែងអង្គការសង្ស័យថា តើមូលហេតុអ្វី ក៏ចង់ទៅ​
ឯណោះវិញ? ព្រោះធ្លាប់នៅធ្វើការយូរហើយ។ អញ្ចឹងហើយ បានជាគាត់គិតចុះគិតឡើងថា
បើសមមិត្តធុចឯងទៅវិញ ក៏ស្រួលដែរ។សមមិត្តធុចឯងក៏ធ្លាប់ស្គាល់ភូមិភាគសាន សមមិត្ត វី សមមិត្តឡៅ ក៏ធ្លាប់មានមនោសញ្ចេតនា ស្រលាញ់រាប់អានទុកចិត្តសមមិត្តធុចឯង។ ឯ សម​មិត្តឡំាង និងសមមិត្តឯទៀត ខាងមណ្ឌលគីរី ក៏សមមិត្តធុចឯង ធ្លាប់គ្រប់គ្រងដែរ គេស្រ​លាញ់​សមមិត្តធុចឯងណាស់ដែរ។ ដូច្នេះសមមិត្តធុចឯង អាចធ្វើជាស្នូលសាមគ្គីបានទំាងអស់ ហើយសមមិត្តធុចឯង ក៏មានលក្ខណៈសម្បត្តិនេះស្រាប់ហើយ គ្មានអ្វីពិបាកទេ។ រួចហើយ សម​មិត្តឌឿន ក៏មានមតិៈ សមមិត្តឌឿន មានមតិថា ទុកឲ្យសមមិត្តវី សមមិត្តឡៅ ធ្វើសកម្ម ភាពបែបនេះតទៅទៀតមិនល្អទេ ព្រោះខ្ញុំដឹងថា អង្គការចាប់អារម្មណ៍ណាស់ ពីការដែល សមមិត្តទំាងពីរអនុវត្តមាគ៌ាខុស បំភ្លៃមាគ៌ានេះ ឲ្យច្បាស់ក្រឡែតពេក។ ពិសេសទៅទៀត អង្គ​ការក៏មិនសូវសប្បាយរីករាយនឹងសមមិត្តទំាងពីរ ដែលអនុវត្តន៍មាគ៌ាបង្កបង្កើនផល ជាពិ​សេស ជំរុញការងារធ្វើស្រែនៅខាងរតនគីរី ស្ទឹងត្រែងនេះ មិនមានសន្ទុះ មិនមានល្បឿន សោះឡើយ។ ប៉ុន្តែ ពិសេសបញ្ហាទី១ ដែលអង្គការមិនសប្បាយចិត្ត ព្រោះតាំងពីដើមមក អង្គ​ការ​យកចិត្តទុកដាក់ណាស់ រឿងសាមគ្គីជនជាតិនេះ។ គាត់បន្ថែមៈ រឿងនេះ បើមិនដោះ​ស្រាយ​ឲ្យ​រហ័ស​ទេ មុខតែនឹងនំាឲ្យយើងខូចខាតកម្លាំងហើយ ឬមួយអាចមានរឿងធំៗជាង​នេះ ព្រោះជាបញ្ហាខុសនឹងមាគ៌ានយោបាយធំមួយរបស់បក្ស។ ឯកម្មាភិបាល គាត់យល់ស្រប ហើយ បើបងយ៉ា ស្នើសុំអង្គការត្រឡប់ទៅវិញ ដូចជាមិនសមហេតុផលដែរ ព្រោះធ្លាប់នៅឯ ណោះយូរហើយ។ ដូច្នេះ បើបងធុចទៅវិញ ក៏ជាការល្អ បងជិតស្និទ្ធនឹងអង្គការផង សុំផ្ទាល់ក៏ បានដែរ។ ឬមួយទុកឲ្យខ្ញុំស្នើ ជារបៀបប្រយោលចំពោះអង្គការថា បងចង់ស្នើសុំទៅជួយខាង រតនគីរី ក៏បាន។
          សមមិត្យយ៉ាសង្កត់ៈ យើងរួមផ្សំទំាងពីរទៅ​សមមិត្តធុចក៏សុំ ហើយសមមិត្តឌឿនក៏ស្នើ​ជាប្រយោលចំពោះអង្គការទៅ។
          ខ្ញុំ ថា ចុះការងារនៅភ្នំពេញ និងនៅខាងឧត្តរ ខាងសៀមរាប ឧត្តរមានជ័យ?។ សមមិត្ត យ៉ា តបថា កុំទៅព្រួយ សមមិត្តឌឿនទទួលខុសត្រូវទំាងអស់ក៏បាន ឬមួយសមមិត្តឌឿន ទទួល​ខ្សែភ្នំពេញទំាងអស់ ហើយទុកឲ្យខ្ញុំទទួលខាងសមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្ត ហ៊ានក៏បាន។ គាត់បញ្ជាក់ថា មិនអី សឹមយើងដោះស្រាយខាងក្រោយ។ ខ្ញុំឆ្លើយតប ខ្ញុំយល់ ស្របនឹងមតិសមូហភាពហើយ ហើយជានិស្ស័យរបស់ខ្ញុំ ខ្ញុំចង់ទៅធ្វើការនៅឯជនបទជាង មិនសូវចង់នៅក្រុងទេ។ សមមិត្តយ៉ា និងសមមិត្តឌឿន សម្តែងការសប្បាយរីករាយ។ តមក
ការប្រជុំក៏បិទ។ បន្ទាប់មក នៅវេលាយប់មួយ ខែ១ឆ្នាំ៧៦ អង្គការខាងលើ ក៏បើកសម័យប្រជុំ អំពីបញ្ហារតនគីរីមែន។ ខ្ញុំ និងសមមិត្តឌឿន ក៏បានចូលរួមដែរ។ បងលេខ១ បានលើកឡើង​អំពី​បញ្ហាសមមិត្តវី សមមិត្តឡៅ ដែលអនុវត្តន៍មាគ៌ាខុស លើបញ្ហាសាមគ្គីជនជាតិ ហើយធ្វើ ការចោទប្រកាន់ដល់កម្មាភិបាលមួយចំនួននៅខាងក្រោម និងប្រជាជនភូមិ មួយចមនួនថា ក្បត់ ហើយសមមិត្តវី មួយផ្នែក សមមិត្តឡៅមួយផ្នែក រៀបចំកម្លាំង ដើម្បីចាប់កម្មាភិបាល និង ប្រជាជនទំាងនោះ។ កម្មាភិបាលមួយចំនួន ដែលល្អៗ ត្រូវចាប់បានហើយយកទៅសម្លាប់។ មួយចំនួនទៀត ក៏នាំគ្រួសារបងប្អូន រត់ចូលទៅក្នុងទឹកដីវៀតណាម និងលាវអស់ ហើយ​ចលនា​នេះ កំពុងបន្តទៅទៀត។ អង្គការបានចង្អុលផែនទីថា រឿងនេះកើតឡើងនៅម្តុំព្រំប្រ​ទល់ នៃប្រទេសទំាងបី កម្ពុជា វៀតណាម និងលាវ។ ពេលនោះអង្គការមិនសប្បាយរីករាយ ហើយថា ចង់ផ្លាស់ប្តូរសមមិត្តវី សមមិត្តឡៅឲ្យទៅនៅខាងកសិកម្មវិញ កម្មាភិបាលថ្មីទៅ​ជំនួស។
          ពេលនោះ ខ្ញុំ ក៏មិនហ៊ានស្នើអង្គការទេ ខ្ញុំគ្រាន់តែនិយាយនៅចំពោះមុខបងៗខ្លះ នៅ ខាងក្រៅថា ខ្ញុំសុំធ្វើជាបេក្ខជនមួយ ទៅជួយការងារខាងភូមិភាគសាន ហើយខ្ញុំទុកឲ្យ​សម​មិត្តឌឿន ស្នើអង្គការជាប្រយោលថែមទៀតចុះ។ សមមិត្តឌឿន ក៏រាយការណ៍ជូនអង្គការខាង លើមែន។
II អំពីសារសំខាន់ នៃភូមិភាគឦសាន
ក្នុងសម័យប្រជុំខែ១២ .៧៥ សមមិត្តយ៉ា បានបញ្ជាក់ដល់យើងខ្ញុំ និងសមមិត្តឌឿន អំពីតួនាទី និងសារសំខាន់ នៃភូមិភាគឦសានដូចតទៅៈ

គាត់(បងយ៉ា) មានមតិៈ ភូមិភាគឧត្តរសព្វថ្ងៃមានខេត្តរតនគីរី មានស្ទឹងត្រែង ហើយបើ​តាម​គាត់ដឹងថា អង្គការនឹងបញ្ចូលខេត្តមណ្ឌលគីរី ក្រចេះ បច្ចុប្បន្នថែមទៀត។
១.អំពីបញ្ហាកម្លាំងដឹកនាំ
សមមិត្តយ៉ា បានបញ្ជាក់ៈ កម្លាំងដឹកនាំ និយាយរួម គឺជាកម្លាំងរបស់យើងទំាងអស់ ពិសេស សមមិត្តបីរូប គឺសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង ដែលជាសមាជិកត្រៀម នៃគណៈកម្មាធិ​
ការមជ្ឈឹមបក្ស គឺជាសាច់ឈាមរបស់យើងសុទ្ធសាធ។ កន្លងមក សមមិត្តទំាងបីរូបនេះ ឈ្លៀស​វៃណាស់ ក្នុងការអនុវត្តន៍មាគ៌ារបស់ចលនាយើង អង្គការខាងលើក្តាប់មិនបានទេ ហើយដោយឡែកសមមិត្តវី ជាមិត្តភក្តិរបស់ខ្ញុំយូរហើយ សមមិត្តឡាំង ក៏ជាសាច់​ឈាម​ខាង​គ្រួសារ សមមិត្តឡៅ ក៏ជិតស្និទ្ធ។
          ក្រៅពីកម្លំងស្នូលសំខាន់ទំាងបីនេះ ក៏យើងមានកម្លាំងតាមខេត្ត និងតាមតំបន់នានា​ទៀត ដែលជាស្នូលសំខាន់របស់យើងដែរ។ ខាងរតនគីរី និងស្ទឹងត្រែងមាន សមមិត្តសារុន សមមិត្តខា ភួន សមមិត្តចាំ សមមិត្តជួន សមមិត្តអ៊ី សមមិត្តស្វាយ។ ឯសមមិត្តម៉ី ក៏សមមិត្ត​ឡំាងអប់រំ ជាបន្តបន្ទាប់ដែរ តែមិនទាន់រឹងប៉ឹងមកខាងយើង។ ខាងក្រចេះ យើងមានស្នូល​សំខាន់​ដែរ គឺសមមិត្តយី សមមិត្តភួន សមមិត្តកង សមមិត្តប៊ុន។
២.កម្លាំងប្រជាជន
          និយាយរួមប្រជាជនភូមិភាគឥសានល្អណាស់ ជាអ្នកតស៊ូប្រយុទ្ធទ្រំាទ្រនឹងការលំបាក​វេទនា បានទំាងអស់។ បើសមមិត្តទទួលខុសត្រូវរបស់គេទៅខាងណាហើយ គេងាកទៅខាង នោះដែរកុំព្រួយ។ តែការលំបាកឲ្យយើង គឺភូមិភាគឦសាន ប្រជាជនតិច ចំនួនមិនដល់មួយ​សែន​នាក់ផង។ ប៉ុន្តែអង្គការថា នឹងបញ្ជូនឲ្យយើងបណ្តើរៗ ហើយយើងនឹងពង្រីកកម្លំាងតាម នេះ។
៣.កម្លាំងកងទ័ព
          ខាងរតនគីរី សមមិត្តវី គាត់ក្តាប់បានកម្លាំងទ័ពគាត់ទំាងអស់ដែរ។ ឯខាងមណ្ឌលគីរី ក្រចេះ ក៏សមមិត្តឡំាង សមមិត្តយី ក្តាប់កងទ័ពក្នុងដៃដែរ។ ក្រៅពីនេះ យើងមានកម្លាំងទៅថ្មី ដូចជា សមមិត្តសយ សមមិត្តវុន ក្នុងកងពលសមមិត្តឈិនជាដើម ដែលយើងត្រូវតែជំរុញ អប់រំទៀត។ ឯកងទ័ពសមមិត្តរឿន ទៅពីភ្នំពេញ ខ្ញុំក៏បានណែនាំឲ្យសមមិត្តវី ឡៅ រៀបចំ ទាក់​ទងជាបណ្តើរៗហើយ។
          លក្ខណៈភូមិសាស្រ្តៈ សមមិត្តយ៉ាបញ្ជាក់ប្រាប់ខ្ញុំ លក្ខណៈភូមិសាស្រ្តភូមិភាគឦ​សាន​ល្អណាស់ ពិសេសឦសាន ដែលអង្គការនឹងរៀបចំក្រោយនេះ។
          .មានទឹកដីធំទូលាយ ស្ទើរមួយភាគបួន របស់ប្រទេសហើយ
          .មានភ្នំ វាលរាប ព្រៃ ជាប់គ្នារដឹក
.មានទន្លេ ព្រែគ ទឹកជប់ ទឹកជំា គ្រប់ទីកន្លែង។
ដូច្នេះ លក្ខណៈភូមិសាស្រ្តនេះ ជាបង្អែកធំណាស់ឲ្យយើងធ្វើសង្រ្គាមប៉ុន្មានឆ្នាំក៏បាន ដែរ។ ១០ឆ្នាំ ២០ឆ្នាំ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចភូមិភាគឦសាន ក៏សំបូរទឹកដីបង្កបង្កើនផលគ្រប់ទីកន្លែង ធ្វើស្រែក៏បាន ចម្ការ ក៏បាន ត្រីសាច់ក៏មិនខ្វះ សត្វក្នុងព្រៃក៏សំបូរ ចិញ្ចឹមមនុស្សរាប់សែននាក់រស់នៅបាន។
៤.ព្រំប្រទល់ជាប់នឹងលាវ និងវៀតណាម
គាត់(បងយ៉ា)បញ្ជាក់ៈ​ នាទីសំខាន់មួយទៀត គឺភូមិភាគឦសានខាងជើងទល់នឹងប្រ​ទេស​លាវ ហើយខាងកើតទល់នឹងវៀតណាម រាប់រយគីឡូម៉ែត្រ។ ដូចសមមិត្តជ្រាបស្រាប់ វៀតណាមជាមិត្តស្លាប់រស់ជាមួយយើង គេសន្យាជួយយើងគ្រប់ពេលវេលាទំាងអស់។ ដូច្នេះ ជាបង្អែកឲ្យយើងរឹងមាំណាស់។ គ្មានកម្លាំងណាមកវាយយើងពីខាងលើ និងខាងក្រោយខ្នង​បានទេ។ សមមិត្តយ៉ាបន្តៈ ដូច្នេះភូមិភាគឦសាន ជាភូមិភាគ ដែលមាននាទីសំខាន់បំផុតនៅ​ក្នុងប្រទេសកម្ពុជាយើង ដើម្បីឲ្យយើងបន្តសកម្មភាពយូរអង្វែងទៅមុខ។ ពិតមែនហើយ សមមិត្ត​អញ្ជើញទៅនេះ នឹងមានការលំបាកដូចជា បញ្ហាលំបាកខាងសេដ្ឋកិច្ចជាដើម។ តែការ លំបាកនេះ ជាការលំបាកបណ្តោះអាសន្នទេ មួយរយៈពេលនឹងដោះស្រាយបានហើយ។
សមមិត្តឌឿនលើកឡើងៈ ខ្ញុំយល់ស្របដូចបងយ៉ាដែរ ភូមិភាគឦសាននេះ យើងមាន​លក្ខណៈសម្បត្តិល្អយូរមកហើយ ដាច់ខាតកុំឲ្យខាតបង់ទៅវិញ។ ត្រូវខិតខំពង្រីកលក្ខណៈ​សម្បត្តិទំាង​អស់ឲ្យកាន់តែល្អថែមទៀត ដើម្បីធានាអះអាងការតស៊ូរបស់យើង ទំាងពេលចំ ពោះមុខ ទំាងពេលយូរអង្វែង។
អាស្រ័យហេតុនេះហើយ គោលបំណងទៅភូមិភាគឦសាន យើងខ្ញុំមើលឃើញឲ្យ​កម្លំាង​របស់យើងខ្ញុំ ទំាងកម្លាំងដឹកនាំ និងកម្លាំងប្រជាជន កម្លាំងកងទ័ព ឃើញនូវលទ្ធភាពដ៏​ល្អខាងភូមិសាស្រ្ត ខាងសេដ្ឋកិច្ច ហើយនឹងបញ្ហាសំខាន់មួយទៀត គឺយកវៀតណាមធ្វើ​ជា​បង្អែក។ ដូច្នេះយើងខ្ញុំ មានជំនឿលើជ័យជម្នះ ក្នុងបុព្វហេតុតស៊ូរបស់យើងខ្ញុំ និងបក្សពួក។
III  តើខ្ញុំ មានទិសសកម្មភាពទៅមុខ នៅភូមិភាគឦសានយ៉ាងណា?
តាមការសម្រេចជាសមូហភាព (មានសមមិត្តយ៉ា សមមិត្តឌឿន និងខ្ញុំ) ហើយពិសេស តាមការណែនាំ របស់សមមិត្តយ៉ា យើងខ្ញុំទៅភូមិភាគឦសាននេះ ត្រូវបន្តធ្វើសកម្មភាព ដែល សមមិត្តយ៉ា បានធ្វើកន្លងទៅហើយ ឲ្យគ្រប់ផ្នែកបានរឹងមាំឡើងវិញ។
១.គ្រប់គ្រងកម្មាភិបាល
ត្រូវគ្រប់គ្រងកម្មាភិបាល ដែលជាស្នូល នៃចលនារបស់យើងខ្ញុំទំាងអស់ឲ្យបានមុតមាំ តាំងពីលើដល់ក្រោម ពិសេសយកចិត្តទុកដាក់ គ្រប់គ្រងសមមិត្តទំាងបីមាន វី ឡៅ និងឡំាង ដែលជស្នូលសំខាន់ឲ្យបានល្អ ហើយតាមរយៈស្នូលនេះ ក៏អប់រំគ្រប់គ្រងកម្មាភិបាល​ផ្សេង​ទៀត។
សមមិត្តយ៉ា បានបញ្ជាក់ប្រាប់ខ្ញុំៈ​ សូមឲ្យមានការប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពប្រឆាំង​ណា ដែលមានលក្ខណៈលេចធ្លោ ដូចសមមិត្តវី សមមិត្តឡៅទៀត។ បញ្ហាគឺត្រូវខំបង្កប់ ស៊ីរូង សន្សឹមៗយូរអង្វែង។ តែបើលេចធ្លោដូច្នេះ វាពិបាកបិទបាំងណាស់។ គាត់ណែនាំខ្ញុំថា ឲ្យខ្ញុំ អប់រំសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង កុំឲ្យចិត្តក្តៅ កុំឲ្យឆេវឆាវ ត្រូវគិតគូរថ្លឹងថ្លែង ឃើញ​ខាតចំណេញ គ្រប់កិច្ចការទំាងអស់។
២.គ្រប់គ្រងប្រជាជនៈ សមមិត្តយ៉ា បានណែនាំថា ឲ្យខ្ញុំយកចិត្តទុកដាក់ណែនាំប្រជា​ជនឲ្យបានល្អ។ ប្រជាជននៅខេត្តរតនគីរី និងភូមិភាគឦសានទំាងមូល គេមានលក្ខណៈ​សម្បត្តិល្អមកហើយ ដូច្នេះយកចិត្តទុកដាក់ខាងកសាងកម្លាំង សាមគ្គីរវាងជនជាតិភាគតិច នេះឲ្យបានល្អជាអតិបរមា កុំឲ្យដូចពេលកន្លងមក។ យើងធ្វើការចោទប្រកាន់ចំៗពេក ចំហរ​ពេក ធ្វើឲ្យសកម្មភាពចាប់ចង រាតត្បាតគគ្រឹកគគ្រេងពេក នាំឲ្យប៉ះពាល់ដល់សាម​គ្គី​ភាព​ជន​ជាតិនេះមិនល្អទេ។ បងប្អូនជនជាតិត្រូវការនយោបាយរាក់ទាក់ស្និទ្ធស្នាល ត្រូវការ​ចិត្ត​​ទូលំ​ទូលាយ។
៣.គ្រប់គ្រងកងទ័ពៈ សមមិត្តយ៉ា ណែនាំឲ្យយើងខ្ញុំខិតខំក្តាប់កងទ័ពឲ្យមែនទែន។ កង ទ័ពចាស់ របស់ខេត្តនីមួយៗ សមមិត្តវី សមមិត្តឡំាងគ្រប់គ្រងបានហើយ ហើយកងទ័ពនេះ គាត់បានគ្រប់គ្រងតាំងពីដើមមក ពិសេសកងទ័ពរបស់ខេត្តរតនគីរី។ គាត់ថាឲ្យខ្ញុំគិតគូរបន្ថែម អំពីការក្តាប់កងទ័ព ដែលយើងមានស្នូលតិចក្នុងនោះក៏ក្តាប់សមមិត្តឈិនឲ្យបានតែម្តង។​សមមិត្តក៏ធ្លាប់មានឥទ្ធិពលលើសមមិត្តឈិនមួយកម្រិតហើយ មិនជាការពិបាកទេ ហើយ សមមិត្ត​ឈិន ក៏មិនសូវសប្បាយចិត្តជាមួយអង្គការដែរ ព្រោះឲ្យគាត់នៅកន្លែងពិបាក។ ព្រម ជាមួយគ្នានេះ កងទ័ពរបស់សមមិត្តរឿន ដែលអង្គការទើបចាប់បញ្ជូនទៅថ្មី ក៏សមមិត្តយ៉ា ណែនាំឲ្យខ្ញុំធ្វើការទាក់ទងជាបណ្តើរៗដែរ។ តែគាត់គាត់ណែនាំថា ឲ្យប្រយ័ត្នប្រយែង សន្សឹមៗ ព្រោះកងទ័ពនេះ (បងឱម)ធ្លាប់គ្រប់គ្រងយូរហើយ។
៤.គិតគូរពីការកសាងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន
សមមិត្តយ៉ា មានមតិថា តំបន់រតនគីរី ក៏ដូចជាភូមិភាគឦសានទំាងមូល សេដ្ឋកិច្ចមិន​ទាន់លូតលាស់ល្អទេ នៅខ្សោយណាស់ ពេលណាមានការប្រយុទ្ធ នៅមិនអាចធានាឲ្យយើង​ផ្គត់​ផ្គង់បានយូរអង្វែងទេ។ ដូច្នេះ ឲ្យយកចិត្តទុកដាក់ជំរុញការងារសេដ្ឋកិច្ចនេះ ឲ្យបានជាអតិ​បរមា ដើម្បីដោះស្រាយជីវភាពប្រជាជន ឲ្យប្រជាជនមានការសប្បាយរីករាយ ជឿទុកចិត្តលើ​ចលនារបស់យើង។ បើជីវភាពប្រជាជនមិនបានដោះស្រាយទេ នោះយើងមិនទាន់មានជំនឿ ថា គ្រប់គ្រងប្រជាជនបានល្អទេ មិនទាន់មានជំនឿថា ប្រជាជនតាមយើងទំាងស្រុងទេ។
៥.អំពីការទាក់ទងបរទេសៈ សមមិត្តយ៉ា មានមតិថា ស្នើឲ្យសមមិត្តធ្វើការងារបរទេស ឲ្យបានល្អ។ ទាក់ទងជាមួយគេ ស្និទ្ធស្នាលជាមួយគេ ឧស្សាហ៍ផ្ញើសម្ភារៈផ្សេងៗដល់គេ ទាក់ ទាញមនោសញ្ចេតនាគេ ឲ្យបានស៊ីជម្រៅមកខាងយើង ដើម្បីយើងដណ្តើមបានជំនួយ​បរទេស
 មកខាងយើង ពិសេសជំនួយវៀតណាមនេះឲ្យបានអតិបរមា។ គាត់ថា ពេល​សមមិត្ត ខ្ញុំនឹងឧស្សាហ៍ឧទ្ទេសនាមឲ្យស្គាល់ អ្នកទទួលខុសត្រូវខាងវៀតណាម។ គាត់មិនទាន់បញ្ជាក់ ឈ្មោះ។ សមមិត្តយ៉ា នេះជាការងារដែលសមមិត្ត ត្រូវយកចិត្តទុកដាក់បំពេញឲ្យបានល្អ។ សមមិត្តត្រូវបំពេញឲ្យបានល្អ ដើម្បីធ្វើម្ចាស់ការឲ្យបានពេញទី ពេលណាដែលយើងធ្វើឲ្យ​ស្ថាន​ការណ៍ប្រែប្រួលជាទូទៅនៅក្នុងប្រទេសយើង។
សមមិត្តឌឿន មានមតិៈ និយាយរួម គាត់យល់ស្របនឹងមតិសមមិត្តយ៉ា ទំាងស្រុង ហើយគ្មានអ្វីបន្ថែមទៀតទេ។ តែគាត់សង្កត់ធ្ងន់ថា ឲ្យខ្ញុំយកចិត្តទុកដាក់បំផុតទំនាស់ជនជាតិ នៅក្នុងចំណោមកម្មាភិបាល ឲ្យបានជាដាច់ខាត។ តាមគាត់ស្ទាបស្ទង់ សមមិត្តឡៅ សមមិត្ត​ឡំាង មិនចូលចិត្តទេ ជាមួយកម្មាភិបាលផ្នែកខាងក្រោម។
នេះជាទិសសកម្មភាពសំខាន់ ដែលខ្ញុំត្រូវបំពេញ កាលណាខ្ញុំបាននៅរតនគីរី។ តែទិស​ទាំងអស់នេះ ទិសក្តាប់កម្មាភិបាលស្នូល ពិសេសសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង គឺជា​បញ្ហា​សំខាន់ជាមូលដ្ឋាន   ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ជានិច្ចកាល ហើយតាមរយៈនេះ ក្តាប់កម្មាភិបាលដទៃទៀត ដែលចាត់តាំងបានហើយ ឲ្យបានណែននៅក្នុងដៃ។

                                                                                ០៤.០៣.៧៧
                                                                                          ឃួន   

No comments:

Post a Comment