Sunday, November 8, 2015

ចម្លើយសារភាព របស់ភោគឆាយ នៅគុកទួលស្លែង


សេចក្តីរាយការណ៍ ជូនអង្គការ បក្ស ជូនក្រសួង និងជូនបងៗ
សូមគោរពអង្គការ បក្ស ជាទីគោរព ស្មោះជីវិត។
សូមគោរពបងៗ ជាទីគោរព ស្នេហា ស្មើជីវិត។
ខ្ញុំរន្ធត់ញាប់ញ័រក្រៃលែង រកថ្លែងពុំបាន។ កាន់ស្លាបប៉ាកកាសរសេរសេចក្តីរាយការណ៍ជូនអង្គ ការ ជូនក្រសួង ស្ទើរពុំបាន។ខ្ញុំមានការតក់ស្លុតពន់ប្រមាណ មិននឹកស្មានថា ត្រូវធ្លាក់ខ្លួន​យ៉ាងនេះសោះ។ ឥឡូវខ្លួនខ្ញុំ ប្រឿបបាននឹងគ្រួសមួយដុំតូច ដែលរមៀលធ្លាក់ទៅក្នុងជ្រោះ ដ៏ សែនជ្រៅ ងងឹត គ្មានឃើញបាត កោះត្រើយឡើយ។ ខ្ញុំមានសង្ឃឹមតែម្យ៉ាង គឺសង្ឃឹមលើពន្លឺ​មាគ៌ាបដិវត្តន៍ ដ៏ចិញ្ចាចចិញ្ចែង របស់បក្សកុម្មុយនីស្តិ៍កម្ពុជា តែមួយគត់ ដែលអាចជួយស្រោច​ស្រង់ខ្លួនឲ្យរស់រានមានជីវិតតទៅទៀរ។ ហេតុនេះ ខ្ញុំសូមអង្វរ ក ចំពោះអង្គការ ចំពោះបក្ស ចំពោះក្រសួង ចំពោះបងៗ ជាទីគោរពស្នេហា សូមមេត្តាសណ្តោសប្រោសប្រណី អនុគ្រោះ​ជាលើកចុងក្រោយបំផុត  ឲ្យខ្ញុំធ្វើសេចក្តីរាយការណ៍ ជូនអំពីប្រវត្តិ និងសកម្មភាពរបស់ខ្លួន បន្ថែម។
តាមពិត អង្គការ បក្ស ក្តាប់បានប្រវត្តិរបស់ខ្ញុំរួចហើយ ក្តាប់ចំនុចខ្សោយរបស់ខ្ញុំរួចហើយ ក្តាប់ ការខ្វះខាត របស់ខ្ញុំរួចហើយ។ ប៉ុន្តែ ខ្ញុំសូមសម្តែងការស្មោះត្រង់ របស់ខ្ញុំម្តងទៀត ការល្ងិត ល្ងង់ខ្លៅរបស់ខ្ញុំម្តងទៀត ដើម្បីសូមសេចក្តីសណ្តោស ប្រោសប្រណីពីអង្គការ បក្ស ពីក្រសួង និងបងៗ។
កន្លងមក បក្សបានអប់រំ បំពាក់បំប៉នខ្ញុំ មិនដែលលោះពេលណាឡើយ ពិសេសបងៗតែង​អនុ​គ្រោះ ឲ្យរស់នៅជាមួយ ទុកដូចជាប្អូន ជាកូន ជាសាច់ ជាឈាមដូច្នេះដែរ។ ខ្ញុំមានការឈឺ​ចាប់ និងសោកស្តាយខ្លាំងណាស់ រកអ្វីមកប្រៀបពុំបានឡើយ។ នេះអាស្រ័យមកពីទស្សនៈ និងគោលជំហររបស់ខ្លួន មិនបដិវត្តន៍ ។ វាទាញឲ្យដាច់ពីមហាចលនា សង្គមនិយម។
ខ្ញុំសូមស្មោះត្រង់ចំពោះបក្ស ចំពោះក្រសួង ចំពោះបងៗ ដែលទាក់ទងនឹងជីវិតខ្ញុំ ទំាងនៅ សម័យមុន ចូលរួមធ្វើបដិវត្តន៍ ទំាងក្នុងសម័យធ្វើបដិវត្តន៍។
អំពីប្រវត្តិដើម
១. ជីវភាពរស់នៅភ្នំពេញ ដល់ឆ្នាំ១៩៦២
បក្សបានជ្រាប់ហើយ ឪពុកម្តាយខ្ញុំក្រីក្រណាស់។ឯខ្លួនខ្ញុំតាំងពីតូចមក លំបាកតោកយ៉ាក ណាស់ រស់នៅតែនឹងជាមួយវត្តលោក។ខ្ញុំ បានមករស់នៅភ្នំពេញ ដើម្បីបន្តការរៀនសូត្រ ដោយគ្មានសាច់ញាតិ បងប្អូនឯណា សម្រាប់ជួយឧបត្ថម្ភឬពឹងពាក់ឡើយ។
ចាប់តាំងពីឆ្នាំ១៩៥៦មក ដើម្បីបានរៀន សូត្រតទៅទៀត ហើយ បានប្រាក់ចិញ្ចឹមជីវិតផង ខ្ញុំ
បានទៅ ដើរសុំសាលាឯកជនបង្រៀន។ ប៉ុន្តែពេលនោះខ្ញុំ មិនបានគិតគូរយកនយោបាយជា មូលដ្ឋានសោះ។ មិនបានជ្រើសរើសសាលាទេ ព្រោះសាលាធំៗ គេមិនទទួល។ ដូច្នេះ ខ្ញុំបាន បង្រៀននៅសាលាបី គឺសាលាចតុមុខ នៅឆ្នាំ១៩៥៩ ដល់៦០ សាលាប្រសើរសិក្សា និងខេមរា នៅឆ្នាំ១៩៦០ ដល់៦១។ ក្រោយមក ខ្ញុំបានជួបបងអ៊ូច វ៉ែន នៅសាលាច្បាប់ គាត់ហៅឲ្យខ្ញុំ​ទៅចម្រើនវិជ្ជាវិញ ក្នុងឆ្នាំ១៩៦១ ៦២ ដោយប្រាប់ថា សាលាចម្រើនវិជ្ជា ជាសាលា​របស់​អាលន់ ណុន ប្អូនប្រសុអាលន់នល់ទេ។ ខ្ញុំក៏បានធ្វើតាមគាត់ ហើយបងវ៉ែន ក៏នាំខ្ញុំឲ្យចូលរួម សរសេរកាសែតបារាំង (ឡាយប៉េស)ផងដែរ។
ដូច្នេះ ចាប់ពីឆ្នាំ១៩៦១មក សកម្មភាពរបស់ខ្ញុំ គឺរៀននៅសាលាច្បាប់ផង បង្រៀននៅចម្រើន​វិជ្ជាផង និងរួមសរសេរកាសែតផង។
ខ្ញុំស្រលាញ់បដិវត្តន៍ ចង់ធ្វើបដិវត្តន៍។ ស្គាល់បងអ៊ុច វ៉ែនដំបូង ក៏ចាត់ទុកគាត់ជាអ្នកបដិវត្តន៍គំ រូមួយរូប ហើយទាក់ទងមករហូត។ តែក៏មិនទាន់ច្បាស់ថាបងវ៉ែននៅក្នុងបក្សដែរ ឬក៏មាន​តួនាទីអ្វីដែរ។ គ្រាន់តែដឹងថា សាលាចម្រើនវិជ្ជា ជាសាលាចម្រើន ហើយមានរូបគាត់ជា​ប្រធាន។
នៅក្នុងសាលាច្បាប់ ខ្ញុំក៏បានចូលរួមបង្កើត សមាគមនិស្សិតសាលាច្បាប់ដែរ ហើយថ្ងៃក្រោយ​មក សមាគម​នេះ ក៏ពង្រីកទៅជាសមាគមនិស្សិតទូទៅ ដោយមានបងវ៉ែន ដែលពេលនោះ គាត់​ធ្វើជាលេខាធិការ បណ្ណាល័យ ជួយជាគមនិតស្ងាត់កំបាំងតែមិនចេញមុខ។

២. ក្រោយពេលបញ្ចប់ការសិក្សា នៅសាលាច្បាប់
ក្រោយពេលបញ្ចប់ការសិក្សា នៅឆ្នាំ១៩៦៣ ខ្ញុំបានទៅសុំការងារធ្វើ ឯក្រសួងការបរទេស ដោយមានប៉ុក ដឺសកុមារ និងសារិន្ទឆាក ជួយផង។ បងប៉ុក ដឺសកុមារ និងខ្លួនខ្ញុំ បានលា​ឈប់​ទាំងពីរនាក់។មូលហេតុនៃការលាឈប់ទី១ គឺ ក្រសួងវាពុករលួយ វាជិះជាន់ខ្លាំងវាទាម ទារឲ្យសូកប៉ាន់វា ជាពិសេសអាហួត សម្បត្តិ។ ទី២ បងប៉ុក ដឺសកុមារ និយាយ ប្រាប់ខ្ញុំថា បើ ចង់ធ្វើបដិវត្តន៍បម្រើប្រជាជន ត្រូវនៅក្នុងប្រទេស រកការធ្វើនាយអាយ រួចរួមសកម្មភាពជា​មួយប្រជាជននៅក្នុងប្រទេស។ ខ្ញុំយល់ស្របតាម ហើយក៏មកធ្វើការនៅធនាគារឥណទាន​ជាតិផងសរសេរកាសែតផង។ ខ្ញុំចង់ឃើញបក្ស ចង់ជួបបក្ស តែពុំបានឃើញ ពុំបានជួប​
សោះ។ មូលហេតុ មកពីខ្ញុំទាក់ទងតែបញ្ញាជនលើ ដាច់ឆ្ងាយពីមហាជន ពីពលករ។ ម្ល៉ោះ ហើយខ្ញុំទាក់ទងមនុស្សបានតែ ក្នុងរង្វង់តូច គឺបង អ៊ុច វ៉ែន បងប៉ុក ដឺសកុមារ បងរស់ជេដ្ឋា។ ដូច្នេះ ជួបតែបុគ្គលខ្លះៗ ក្រោយមកទើបស្គាល់បងហ៊ូនឹម និងបងខៀវ សំផនទៀត តាមរយៈ សមាគមមិត្តភាព ខ្មែរ ចិន។ ពេលនោះ ខ្ញុំពុំយល់ពីមាគ៌ាយុទ្ធសាស្រ្ត និងយុទ្ធវិធីរបស់បក្សទេ អំពីមាគ៌ា សកម្មភាព ពាក់កណ្តាលសម្ងាត់ ឬពាក់កណ្តាលចំហរទេ។ ខ្ញុំយល់ថា ដើម្បីត​ទល់​ជាមួយសីហនុ ត្រូវប្រកាន់ជំហរកុំខ្លាច។ ខ្ញុំពុំបានសុំចូល ជាសមាជិកសង្រ្គមរាស្រ្តនិយមទេ ហើយខ្ញុំគ្មានគំនិត ឬធ្វើសកម្មភាពអ្វីឲ្យសេអ៊ីអា ក៏ទេដែរ។ អត្ថបទកាសែត គឺសរសេរប្រឆាំង ជំនួយរបស់អាមេរិក នៅកម្ពុជា ស្របតាមទិសរបស់អង្គការដែរ។ គឺយកគោលជំហរឯករាជ្យ អព្យាក្រិត្យ ប្រឆាំងសេអាតូ។
៣.បញ្ហាគ្រួសារ
ខ្ញុំបានរៀបចំគ្រួសារ នៅខែ៧ ឆ្នាំ១៩៦៣ ដោយមានមិត្តភក្តិជួយផ្ចុងផ្តើម ជាពិសេសបងវ៉ែន បងកុមារនិងបងជេដ្ឋា ក៏បានទៅចូលរួមការនោះដែរ។ ពេលនោះ ខ្ញុំមិនទាន់បានជ្រួតជ្រាប ច្បាស់ពីមាគ៌ាបដិវត្តន៍ ដូច្នេះលោកទស្សនៈរៀបចំគ្រួសារ ក៏មិនបដិវត្តន៍។ ខ្ញុំគ្រាន់តែមានចិត្ត​គំនិតមួយស្អប់ពួកអ្នកមាន ស្អប់ពួកសក្តិភូមិ អភិជន ប៉ុន្តែ ត្រង់ថាឲ្យលូកដៃជ្រៅ ចូលទៅដល់ មហាជនពលករក៏អត់។ ក្រោយពីរៀបចំគ្រួសារ នៅត្រពាំងជង (ខេត្តពោធិសាត់) រួចហើយ ទើបខ្ញុំដឹងថា គ្រួសារចេះចិន ហើយជាប់សាច់ញាតិនឹងទុយកានផង។ ទុយកាន ជានាយក ប្រតិកិរិយា ដែលជិដិតនឹងអាសិរីមតៈ។ ពេលការខ្ញុំ បងប្អូនវាអត់ទៅចូលរួមទេ ព្រោះវាខឹងនឹង ឪពុកក្មេកខ្ញុំ ថាការកូនឲ្យទៅខ្មែរក្រហម។ រឿងនេះ ខ្ញុំចាំមិនភ្លេចទេ ហើយក្រោយមកខ្ញុំមិន ដែលទៅទាក់ទងនឹងវាសោះទេ។
៤.មហាសន្និបាតនិស្សិត
សមាគមនិស្សិត កើតនៅឆ្នាំ១៩៦៤ ក្នុងពេលដែលមហាជន យុទ្ធជន ដែលអង្គការ បក្ស ដឹកនាំ មានសន្ទុះខ្លាំងក្លា។ការបង្កើតនេះ​ ក៏អាស្រ័យដោយបងអ៊ុច ជិន ជួយជាគំនិតដែរ។ ដំ បូងគឺបញ្ចូលនិស្សិតសាលាពេទ្យ និងសាលាច្បាប់ ក្រោយមកទៀត ទើបញ្ចូលសាលាគ្រូ  និង បច្ចេកទេសសូវៀត។ ដូច្នេះ និស្សិតជាច្រើន ជាកូនអ្នកមាន និងមានជំហរប្រតិកិរិយាទៀត។ សមាជិកខ្លះ ក៏ជាភ្នាក់ងារខ្មាំងផង តែខ្ញុំណុំបានដឹង ព្រោះថាសមាគមចំហរ។ តាមពិតទៅ សមាគមនេះ មានតែឈ្មោះទេ មិនត្រូវមានសកម្មភាពទេ។ ឯសកម្មភាពជាក់ស្តែង គឺសិស្ស ចម្រើនវិជ្ជា សិស្សកម្ពុជាបុត្រនិងសិស្សវិទ្យាល័យតាខ្មៅ ជាអ្នកយកថ្នាក់សមាគមនិស្សិត ហើយដោយមានសមមិត្តទីវអុល និងកែ គឹមហួត ដឹកនាំថ្វើសកម្មភាព ដោយផ្ទាល់ផង។ ឯ រូប ខ្ញុំមាននាមជាប្រធាន គ្រាន់តែទៅចូលរួមឯនេះ ឯនោះ ម្តងម្កាលប៉ុណ្ណោះ។ខ្ញុំលើករឿង​នេះ​
ឡើង រាយការណ៍ជូនអង្គការដោយស្មោះថា ខ្ញុំគ្មានបំណងបង្កើតបក្សមួយទៀត ដោយផ្អែក លើសមាគមនិស្សិតនេះ ដើម្បីប្រឆាំង នឹងបក្សកុម្មុយនីស្តិ៍ កម្ពុជាយើងទេ។ខ្ញុំបានសុំលាឈប់​ច្រើនដង ដើម្បីសុំធ្វើការសម្ងាត់វិញ តែមិត្តយើងថា ទុកសមាគមនិស្សិតទៅ ដើម្បីឲ្យសិស្ស ចម្រើនវិជ្ជា និងតាខ្មៅ មានរបាំងធ្វើសកម្មភាព ព្រោះសមាគមនិស្សិត ច្រើនតែជាកូនអ្នកមាន សីហនុ មិនសូវវាយ។ ពិសេសទៅទៀត ចាប់តាំងពី ឆ្នាំ៩៦៥មក ខ្ញុំដឹងថា មានបក្ស ពលករ កម្ពុជាយើងហើយ។ ខ្ញុំបាន សុំបងវ៉ែន ចូលបក្សច្រើនដងណាស់ តែគាត់ថាកុំអាលៗ។ ប៉ុន្តែ យូរៗ ម្តង គាត់យកព្រឹតិបត្រសំឡេងពលករ ឲ្យខ្ញុំអានម្តងៗដែរ។ ដូច្នេះ តាំងពីពេលនោះមក ខ្ញុំស្រលាញ់បក្ស និងគោរពបក្ស ហើយចង់ធ្វើបដិវត្តន៍។ តែមកអំពីគោលជំហររបស់ខ្លួន​ខ្សោយ លោកទស្សនៈ មិនទាន់បដិវត្តន៍ដោយមិនបានរៀនសូត្រ មាគ៌ានយោបាយរបស់បក្ស បានជាក្នុងការជាក់ស្តែង ធ្វើទៅម្តងស្តាំ ម្តងឆ្វេងនាំឲ្យសីហនុ និងពួកអាក្បត់វាយបានតាមចិត្ត ហើយនាំឲ្យខ្មាំងជាចក្រព័ត្តិអាមេរិកក្តី សូវៀតក្តី ឆ្លៀតជ្រៀតចូលទៀតផង។ ខ្ញុំនឹកឡើងតូច ចិត្ត និងឈឺចាប់ណាស់ ដោយដើរខុសពីមាគារបក្ស ។ ប៉ុន្តែជាគោលជំហរ របស់ខ្ញុំផ្ទាល់ គឺ មិនប្រឆាំងបក្ស ហើយមិនបម្រើចក្រពត្តិ បរទេសទាល់តែសោះ។ បើប្រឆាំងបក្ស មហាជន​ពេល​នោះ ក៏ឃើញច្បាស់ហើយ ក៏មិនអាចគេចខ្លួនរួចដែរ។
៥.អំពីបញ្ហាមិត្តភាពខ្មែរ ចិន
ដោយឃើញក្នុងសមាគមនេះ មានបញ្ញាជនចម្រើនជាច្រើនចូលរួមផង ខ្ញុំក៏បានចូលរួមជា សមាជិកមួយរូបដែរ។ ប៉ុន្តែ ពេលនោះ ខ្ញុំក្តាប់គោលជំហរឯករាជ្យម្ចាស់ការរបស់បក្ស​មិន​ទាន់​បាន ឃើញចិនធ្វើបដិវត្តន៍វប្បធម៌ខ្លំាង ក៏ចូលចិត្តចិន ហើយយកជំហរប្រឆាំងសូវៀត។ នេះ ក៏ ជាសកម្មភាពមួយ​ផ្ទុយពីមាគ៌ារបស់បក្សដែរ។

ជាពិសេសនៅក្នុងសមាគមនេះ មានបងខៀវសំផន បងហ៊ូយន់ បងហ៊ូនឹម ចូលរួមដែរ។ ខ្ញុំក៏ ពេញចិត្តពេញថ្លើម រួមសកម្មភាព ព្រោះពេលនោះ ខ្ញុំមិនទាន់ស្គាល់បក្សច្បាស់លាស់ និង​គោរពបុគ្គលទំាងបី រួចទុកដូចជាគំរូ នៃជនបដិវត្តន៍ ក្នុងគ្រានោះ។ នេះក៏ជាគោលជំហរមួយ​ទៀត ដែលផ្អែកលើបុគ្គល មិនផ្អែកលើមាគ៌ាបក្ស ដែលជាការខុសស្រឡះ ពីគោល​ការណ៍​របស់បក្ស ។ ដល់មកឆ្នាំ១៩៧៤ ទើបខ្ញុំបានយល់ច្បាស់ ពេលរៀនសូត្រជាមួយបក្ស។ បក្សថា បើផ្អែកលើបុគ្គល ថ្ងៃណាមួយ នឹងភ្លាត់ពុំខាន ព្រោះបើបុគ្គលធ្វើខុស យើងក៏ដួលរលំទៅតាម នោះដែរ។ ខ្ញុំបានប្រកាន់គោលជំហរនេះ ទៅអនុវត្តន៍ជាក់ស្តែង ពិសេសក្នុងការកសាងគ្នា ហើយខ្ញុំក៏អនុវត្តន៍ខុសទៀត។ ឧទាហរណ៍ អនុវត្តន៍ទៅរកឆ្វេង ដោយវាយបុគ្គលខ្លាំងពេកទៅ
 ទៅជាខ្វះយុទ្ធវិធី ប៉ះពាល់ដល់សាមគ្គីភាព។ នេះមកពីខ្ញុំក្តាប់ មាគ៌ាបក្សមិនបានណែន។ និ យាយធូរៗ និយាយរូៗ អត់បានការអី ខ្វះការពិចារណា ខ្វះការគិតមុខ គិតក្រោយ។​ ខ្ញុំនឹក​ឃើញ ក៏និយាយចេញមកភ្លាម។ ខ្ញុំគ្មានទស្សនៈបំបាក់បំបែក តាមរបៀបជាខ្មាំងទេ។ បងៗ បានអប់រំខ្ញុំថា និយាយឲ្យតិច គិតឲ្យច្រើន ពិចារណាឲ្យច្រើន វិភាគឲ្យបានច្រើន  ខ្ញុំនៅ​តែ​អនុវត្តន៍​ពុំបានតាមសំណូមពររបស់បក្ស ធ្វើឲ្យគោលជំហររក្សាការសម្ងាត់របស់បក្ស ទៅជាធូរ រលុង។
៦.ខ្មាំងចាប់ដាកគុក
ពេលខ្មាំងចាប់ ខ្ញុំមានជំនឿជឿជាក់លើបក្ស លើបដិវត្តន៍ លើប្រជាជន។ ដូច្នេះ ខ្ញុំមិនបានអង្វរ ខ្មាំងទេ។ ក្រោយពេលកាត់ទោសប្រហារជីវិតហើយ នៅឯគុកធំ វាធ្វើបាបសម្បើម។ បងជ័យ សួនក៏បានជ្រាបច្បាស់។
មុនខ្មាំងចាប់ខ្ញុំ ខ្ញុំបានស្នើតាមរយៈបងអ៊ុច វ៉ែន ថាគេចខ្លួនទៅតំបន់រំដោះ។ ប៉ុន្តែបងអ៊ុច វ៉ែន និងបងប៉ុក ដឺសកុមារ ថាឲ្យរង់ចាំចុះ មិនអីទេកុំចុះញ៉មវា។ ពេលនៅក្នុងគុក ខ្មាំងពុំ​ឲ្យខ្ញុំជួប​គ្រួសារ ឬបងប្អូនទេ។ គ្រួសារខ្ញុំភ័យពេក បានទៅសំពះអង្វរម៉ែសីហនុ ទើបសីហនុ ប្រកាស លែងខ្ញុំនៅខែ១២ ឆ្នាំ១៩៦៩ (ពេលធ្វើសមាជ)។ តាំងពីនោះ ទើបវាឲ្យជួបគ្រួសារ។ ប៉ុន្តែដល់​ខែ២ឆ្នាំ១៩៧០ ទើបខ្ញុំបានរួចចេញពីគុក ហើយក៏នៅមានគិញបីបួននាក់តាមជាប់ប្រកិត ទៀត​ផង។ ដូច្នេះ ខ្ញុំអត់បានទៅទាក់ទងអាសិរីមតៈ ដើម្បីឲ្យរួចខ្លួនទេ។
II រយៈរស់នៅភូមិភាគរតនគីរី
ចេញពីគុកមក ខ្ញុំដាច់ខ្សែទាក់ទង ព្រោះបងអ៊ុច វ៉ែន និងបងប៉ុក ដឺសកុមារ បានអង្គការនាំ ចូលព្រៃតាំងពីឆ្នាំ១៩៦៨ មក។ដូច្នេះ ខ្ញុំទៅទាក់ទងបងតូចភឿន ក្នុងខែ៤ ឆ្នាំ១៩៧០។ក្នុង​ពេលនោះបងតូចភឿន បាននិយាយប្រាប់ខ្ញុំថា អង្គការយើងត្រូវការលុយកាក់ណាស់ បើមាន ត្រូវយកទៅជូនអង្គការផង។ ខ្ញុំសន្សំប្រាក់បាន២០ម៉ឺន ក្នុងពេលធ្វើការនៅធនាគារ និងក្រុម ហ៊ុន សូណាព្រីម ជាងពីរឆ្នាំ។ ប្រាក់នេះ ខ្ញុំលាក់មិនឲ្យគ្រួសារខ្ញុំដឹងទេ ដូច្នេះ ខ្ញុំក៏ជ្រះថ្លាជូន​ទៅអង្គការ មិនមែនជាប្រាក់ទទួលបានពីនរណាទេ ព្រោះក្រុមហ៊ុនសូណាព្រីម និងឥណទាន​ជាតិ បានប្រគល់ឲ្យខ្ញុំ ក្នុងមួយខែប្រាក់បៀវត្សរ៍៣៥០០០រៀល។ ខ្ញុំឲ្យទៅគ្រួសារខ្ញុំតែ១ម៉ឺន រៀលទេក្នុងមួយខែ។ ខ្ញុំសល់ជាង២ម៉ឺនរៀលជារៀងរាល់ខែ។ ខ្ញុំលើករឿងនេះ ល្អិតយ៉ាងនេះ គឺចង់ជម្រាបអង្គការថា ខ្ញុំស្មោះត្រង់នឹងអង្គការពិតមែន ឥតលាក់លៀមនឹងអង្គការទេ។
ក្នុងខែ៧ ឆ្នាំ១៩៧០ ខ្ញុំបានទៅ ខ្ញុំបានទៅដល់តំបន់រំដោះភាគនិរតី។ ដំបូងនៅជាមួយបងសែ ឯភ្នំពឹស។ ក្រោយមកអង្គការឲ្យខ្ញុំមកនៅមន្ទីរយោធាភូមិភាគ គឺក្នុងដើមឆ្នាំ១៩៧១ ដែលមាន អ្នកមកពីហាណូយទាំងអស់។ ប៉ុន្តែ នៅបានតែជាង៣ខែ បងលេខាភូមិភាគ គឺដកខ្ញុំយកទៅ
 នៅជាមួយគាត់ ឯតំបន់ខាងត្បូង សមរភូមិផ្លូវជាតិលេខ៣មួយរយៈ រួចហើយនៅសមរភូមិ ផ្លូវ​ជាតិលេខ៥រហូត។ ចាប់តាំងពីឆ្នាំ១៩៧២ រហូតមកដល់ចុងឆ្នាំ១៩៧៣ ខ្ញុំនៅជាប់ឯសមរភូមិ ផ្លូវជាតិលេខ៥។ ចំណែកព្រឹត្តិការណ៍ខ្មាំងចូលអមលាំង ខ្ញុំអត់ទំាងដឹងផង ព្រោះខ្ញុំនៅឯកំពង់ ឆ្នាំឯណោះ ខ្ញុំគ្មានទាក់ទងអ្វីសោះ។ មិត្តឌុច មានប្រសាសន៍ថា ខ្ញុំមាននាឡិការោទិ៍ ដែលសេ​អ៊ីអា ឲ្យទុកស៊ីញ៉ូ ឲ្យយន្តហោះទម្លាក់គ្រាប់បែក ខ្ញុំអត់ដែលស្គាល់នាឡិការោទិ៍អ្វីនោះសោះ។ តាមពិត ខ្ញុំមាននាឡិកាមួយពណ៌រាងក្រម៉ៅបន្តិច ប្រើបានតែមួយឆ្នាំ១៩៧០ ១៩៧១វាក៏ខូច​ទៅ។ ឥឡូវនេះ ខ្ញុំរក្សាទុកក្នុងប្រអប់ដែកមួយ នៅក្នុងបន្ទប់ខ្ញុំសម្រាកឯ ក.៣។
និយាយ​រួម ពេវេលាភាគច្រើន គឺខ្ញុំនៅជាមួយបងម៉ុក ឯសមរភូមិ ក្តាប់សភាពការណ៍ និងរាយ ការណ៍ដំណឹងយោធាជូនអង្គការរហូតដើមឆ្នាំ១៩៧៤ អង្គការហៅខ្ញុំ ឲ្យមកនៅជាមួយអង្គការ តែម្តង។
III រយៈកាលរស់នៅជាមួយអង្គការ ខែ៤ ឆ្នាំ១៩៧៤ ដល់ ខែ១ ឆ្នាំ១៩៧៧
១.រយៈកាលមុនរំដោះ(១៩៧៤  ១៩៧៥)
ក្នុងរយៈកាលនេះ អង្គការបានអប់រំ បំពាក់បំប៉នខ្ញុំណាស់ ជាពិសេសបងប៉ុល ជាទីគោរព​ស្នេហា ស្មើដោយជីវិត ពេលណាក៏បងបានរំលឹក ដាស់តឿនខ្ញុំជានិច្ច។ ដូច្នេះ ចំនុចខ្លាំង ចំណុចខ្សោយអង្គការបានស្គាល់ច្បាស់ ឯសកម្មភាពទៀតសោត ក៏អង្គការតាមដានជាប់ដែរ។ ខ្ញុំមានសេចក្តីសោកស្តាយតែម្យ៉ាង ហើយសោកស្តាយអស់មួយជីវិត គឺខ្ញុំពុំបានកសាងខ្លួន ឲ្យទៅជាជនកុម្មុយនីស្តមួយរូប ជាជនបដិវត្តន៍មួយរូប តាមគំរូរបស់បក្ស ដោយរក្សាទុកនូវ កម្ម​សិទ្ធិឯកជននៅក្រាស់នៅឡើយ។
២.រយៈកាលនៅពោធិចិនតុង(ខែ៤ ១៩៧៥ ដល់ ខែ៨ ១៩៧៥)
បើខ្ញុំនៅកម្មសិទ្ធិមុខមាត់និយម បុគ្គលនិយម កម្ចាត់មិនទាន់អស់ នៅក្នុងពេលនោះក៏បណ្តាល ឲ្យប៉ះពាល់ដល់សាមគ្គីភាព ជាមួយសមមិត្តម៉េតខ្លះដែរ។ តែក្រោយមក បក្សបានអប់រំ តម្រែ តម្រង់មក ខ្ញុំក៏បានរក្សាការជិតស្និទ្ធ និងប្រាស្រ័យទាក់ទងជាមួយសមមិត្តម៉េត បានល្អឡើង​វិញ។
៣.រយៈកាលនៅជាមួយអង្គការអចិន្រ្តៃយ៍ (ខែ៨ ១៩៧៥ ដល់ខែ១ ១៩៧៧)
ក្នុងរយៈកាលជាមួយឆ្នាំនេះ បងៗបានអប់រំ បំពាក់បំប៉នខ្ញុំជាប់ ហើយខ្ញុំក៏បានរៀនសូត្រជា​បន្តបន្ទាប់ មានការភ្ញាក់រលឹកមួយកម្រិតទៀត។ អង្គការបានជ្រាបសព្វគ្រប់អស់ហើយ  ប៉ុន្តែ បញ្ហា ដែលខ្ញុំស្តាយ រកអ្វីប្រៀបពុំបាន គឺជម្រៅចិត្តបងៗ ហើយនៅតែរៀនសូត្រពី​បងៗមិន​បាន នៅតែមានការខ្វះខាត នាំឲ្យល្អក់ពណ៌ដល់ភារកិច្ចរបស់បក្ស ក៏ដូចជាអនាគតរបស់ខ្លួន។
ឧទាហរណ៍ ខ្ញុំនៅភ្លើតភ្លើន មិនទាន់រាបសារបដិវត្តន៍ នៅនិយាយច្រើន មានមតិច្រើន ដូចជា
នៅពេលប្រជុំនីមួយៗក្តី។ ទីពីរ គោលជំហររក្សាការសម្ងាត់របស់បក្ស ក៏នៅមិនទាន់រឹងនាំឲ្យ ថ្លោះធ្លោយ។ ខ្ញុំនៅចាំថា កាលពីឆ្នាំ១៩៧៦ បងមានប្រសាសន៍ថា ឲ្យខ្ញុំសរសេរផែនការ​ឲ្យហើយក្នុងរយៈ ពេលពីរថ្ងៃ។ លុះខ្ញុំសរសេររួចហើយ ខ្ញុំក៏យកគម្រោងផែនការនេះ ទៅជូនអង្គការនៅឯក.១ ព្រោះនៅមន្ទីរក៏គ្មាន អ្នកប្រចាំការ។ ខ្ញុំមិនដឹងថា ពេលនោះ ជាពេលប្រជុំធំសោះ។ ដូច្នេះ​ទាល់តែពីគ្រោះសាកសួរបងប្អូន ទៅទើបដឹងច្បាស់នាំឲ្យប៉ះពាល់ដល់ទឹកចិត្តបងប្អូនដែរ។
ឃើញថាខ្ញុំក្តាប់មាគ៌ាចាត់តាំងរបស់បក្សមិនទាន់បាន ដែលស្តែងចេញពីធាតុមិនរាបសារបដិ វត្តន៍ ធាតុប្រញាប់ប្រញាល់ ចង់រហ័ស ចង់ឆាប់ពេក។
IV រយៈនៅក្នុងក្រុមនិពន្ធកាសែត
ចំពោះភារកិច្ចថ្មីដែលបក្សប្រគល់ឲ្យ កាលពីខែ១ ឆ្នាំ១៩៧៧ ខ្ញុំក៏ពេញចិត្តពេញថ្លើមនិងបំ ពេញ ពិសេសខាង
១.សរសេរ
២.បង្រៀនវិជ្ជាអក្សរកាត់ ដល់បងប្អូន ហើយក៏បានរួមប្រឡូកក្នុងចលនាពលកម្មសង្គម​និយម​ផង។ ប្រៀបធៀបនឹងបងប្អូន ខ្លួនខ្ញុំនៅខ្វះខាតច្រើនលើគ្រប់ផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ដូច្នេះ ខ្ញុំខិតខំប្រយុទ្ធ កសាងខ្លួននិងរៀនសូត្រពីបងប្អូន ដោយសោមនស្ស​រីករាយ។
                    ថ្ងៃទី១៥ ខែមីនា ១៩៧៧
                              (ទូច)






No comments:

Post a Comment