នេះ
ជាទិដ្ឋភាពទីក្រុងភ្នំពេញ ដែលយើងបានផ្តិតយកកាលពីដើមឆ្នាំ២០១៣។ ប៉ុន្តែ មិនមែន
សម្រាប់តែឆ្នាំ២០១៣នេះទេ គឺចាប់ពីឆ្នាំ១៩៩៨ ក្រោយពីការធ្វើសមារហណកម្មកងទ័ពខ្មែរក្រហម
ក្រោមយុទ្ធសាស្រ្តឈ្នះៗ៥ចំណុចរបស់សម្តេចតេជោហ៊ុន សែន មក កម្ពុជា បានឈានដល់កម្រិតមានសុខសន្តិភាព
ស្ថិរភាពទាំងផ្នែកនយោបាយ និងសុវត្ថិភាពសន្តិសុខសង្គមពេញលេញ
ជាពិសេសទោះបីឆ្នាំ២០១៣នេះ ពិភពលោកកំពុងជួបវិបត្តិធ្ងន់ធ្ងរ ផ្នែកនយោបាយ និងហិរញ្ញវត្ថុក្តី
ក៏កម្ពុជានៅតែរក្សាបាននូវលំនឹងនៃជញ្ជីងសេដ្ឋកិច្ចរបស់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរ
។
អគារដ៏ខ្ពស់ៗដ៏មានសោភណ្ឌភាព និងព្រោងព្រាតទាំងនេះ ពុំមែនកើតឡើងដោយអភិនីហារ
ឬការជប់ដោយវេទមន្តអ្វីឡើយ គឺជាការកើតឡើងដោយសារការប្រឹងប្រែងពីបាតទទេ
និងយ៉ាងត្រដាបត្រដួសរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ
ក្រោយពីការដួលរលំរបបដ៏ទុរយសដឹកនាំដោយប៉ុលពត
និងបន្ទាប់ពីប្រទេសជាតិទទួលរងនូវការឈឺចាប់
និងខ្ទេចខ្ទាំដោយសារសង្រ្គាមជាងបីទសវត្សរ៍។
ក្រោយថ្ងៃរំដោះជាតិ៧មករាឆ្នាំ១៩៧៩
កម្ពុជា មានតែសំបកប្រទេស និងធនធានមនុស្ស ដ៏តិចតួចស្តួចស្តើងប៉ុណ្ណោះ ក្នុងការខិតខំប្រវេប្រវា
ដៃម្ខាងឈោងចាប់យកការកសាងប្រទេស ដៃម្ខាងកាន់អាវុធទប់ទល់ និងរាំងខ្ទប់ កុំឲ្យរបបដ៏យង់ឃ្នង
និងកាប់សម្លាប់ប្រជាជនវិលត្រឡប់មកវិញ។ ប៉ុន្តែ
វីរភាពដ៏មហស្ចារ្យ នៃគុណបំណាច់ដ៏គួរឲ្យគោរពស្ញប់ស្ញែង
និងចងចាំទាំងនេះ អ្នកនយោបាយមួយចំនួនធ្វើជាមើលរំលេង និងព្យាយាមបំភ្លេចចោល
នូងស្រមោលដ៏អប្រិយនេះ។
អ្នកនយោបាយមួយចំនួនទៀតបានព្យាយាមបំភ្លេចអនុស្សាវរីយ៍ដ៏ជូរចត់
ភ្លេចទុក្ខវេទនា ដ៏ឈឺចាប់ ភ្លេចការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ភ្លេចការហុតបបររាវបីវែកក្នុងមួយពេល
ភ្លេចការរែកដីមួយថ្ងៃបីម៉ែត្រគូប ភ្លេចរឿងដាច់ដៃបង្គីរម្ខាងត្រូវមានទោសពីបទក្បត់
ឬមិនស្មោះត្រង់ជាមួយអង្គការ ឬបទបំផ្លិចបំផ្លាញ សមិទ្ធផលសមូហភាព
ហើយត្រូវគេយកទៅធ្វើទារុណកម្ម ឬសម្លាប់។
ពួកគេភ្លេចទំពក់រនាស់
ដង្កាប់ឃ្នៀងខ្នោះ ត្បូងចប ភ្លេចគល់ឬស្សី
ភ្លេចការនិរាសព្រាត់ប្រាស់គ្រួសារឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ ជាដើម ហើយចោទប្រកាន់ដោយគ្មានភស្តុតាង
មកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលកើតឡើងដោយសាររាស្រ្តស្រលាញ់
និងបោះឆ្នោតគាំទ្រ ផងដែរ។
ពួកគេរិះគន់ថា
រាជរដ្ឋាភិបាល គឺជាអ្នកនៅពីក្រោយនៃការបំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការប្រព្រឹត្តអំពើពុករលួយជាដើម
ប៉ុន្តែពួកគេភ្លេចគិតថា រាជរដ្ឋាភិបាលធ្វើអ្វីៗ គឺអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ
និងច្បាប់ដែលបានចែង។
ប៉ុន្តែការប្រមាថ
មាក់ងាយដោយបំពាននេះ មិនបានធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេស
របស់រាជរដ្ឋាភិបាលឡើយ។
រាជរដ្ឋាភិបាល
បានព្រមានត្រង់ៗ និងចាប់ខ្លួនដកហតតំណែងមន្រ្តីមួយចំនួនពាក់ព័ន្ធបញ្ហាគ្រឿងញៀន
ទំនាស់ដីធ្លី ព្រៃឈើ និងពុករលួយ ហើយបានបញ្ជូនមន្រ្តីទាំងនេះទៅតុលាការ
ដើម្បីវិនិច្ឆ័យទោសផងដែរ។ ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានលុបចោលជាធរមាន
និងដកហូតមកវិញ នូវដីសម្បទានសេដ្ឋកិច្ច និងកសិកម្ម រាប់ម៉ឺនហិចតា ពីក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍ
មិនគោរពតាមគោលការណ៍របស់រដ្ឋកំណត់។
យោងតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ មេសា ឆ្នាំ ២០១៣ បានឲ្យដឹងថា នៅឆ្នាំ២០១២សេដ្ឋកិច្ចកម្ពុជាបានកើនឡើង៧,៣% បើធៀបទៅនឹងឆ្នាំ២០១១ ដែល មាន៧,១% ហើយការកើនឡើងនេះធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់១៩
លើកំណើនសេដ្ឋកិច្ច រហ័សជាង គេលើសាកលលោក។
កាលពីថ្ងៃទី៩
ខែមេសា ឆ្នាំ២០១៣ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានព្យាករណ៍ថា “ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ក្នុងអត្រា៧,២%នៅឆ្នាំ ២០១៣ និងកើនឡើងដល់ ៧,៥% នៅឆ្នាំបន្ទាប់ ខណៈពេលដែលសេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិក
នៅតែបន្ដងើបឡើងវិញ”។
ការកើនឡើងនេះ បានមកពីវិស័យធំៗមួយចំនួនដូចជា
វិស័យកសិកម្ម វិស័យកាត់ដេរសម្លៀកបំពាក់ វិស័យទេសចរណ៍ ដែលកម្ពុជា បានចាត់ទុកថា
ជាឧស្សាហកម្មគ្មានផ្សែង និងជាដុំមាសពណ៌បៃតង ការងើបឡើងវិញនៃសំណង់អគារ និងការកើនឡើងនៃការនាំអង្ករចេញទៅក្រៅប្រទេស។
នៅឆ្នាំ២០១៣នេះ ធនាគារអភិវឌ្ឍអាស៊ី នៅតែវាយតម្លៃថា កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចប្រមាណ៦.៦%ដដែល។ ការរីកចម្រើននៃ វិស័យទាំងនេះ ត្រូវបានអ្នកជំនាញអះអាងថា គឺអាស្រ័យលើការបង្រួបបង្រួមជាតិ
ការមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសុវត្ថិភាព។
ក្រៅពីការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមជាស្ថាពរ ដោយគ្មានការបង្ហូរឈាមចាប់ពីឆ្នាំ១៩៩៨
រហូតមកដល់បច្ចុប្បន្ន ការផ្តល់សិទ្ធិទទួលបានការគោរពផ្នែកសាសនា
ការធ្វើសមាហរណកម្មផ្នែកពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឡើងដោយបើកចំហរ ដោយសេរី
និងដោយគ្មានការបង្ខិតបង្ខំ។
ប្រជាពលរដ្ឋគ្រប់រូប
មានសិទ្ធិពេញលេញក្នុងធ្វើដំណើរទៅណាមកណា មានសិទ្ធិពេញលេញ ក្នុងបង្កើតអាជីវកម្ម
មុខរបរ និងជ្រើសការងារ ស្របច្បាប់ តាមចំណង់ចំណូលចិត្តរៀងៗខ្លួនដោយគ្មានបង្គាប់ឲ្យបង់ប្រាក់
ឬរើសអើងវណ្ណៈ ពណ៌សម្បុរ ជនជាតិ និងសាសនាឡើយ។
ក្នុងព្រះរាជពិធីបុណ្យព្រះបរមសព
ព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្រៅពីផ្ញើសារលិខិតថ្វាយព្រះពរ
សូមឲ្យព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់ព្រះរាជសុគតិភព
និងចូលរួមព្រះរាជមរណទុក្ខ ជាមួយព្រះមហាក្សត្រនរោត្តមសីហមុនី
សម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ និងព្រះញាតិវង្សានុវង្ស គេឃើញរាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីបុណ្យតាមទំនៀមទម្លាប់
និងប្រពៃណីជាតិ យ៉ាងល្អឥតខ្ចោះ ដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ
ជាកូនចៅ ចៅទួត និងមិត្តភក្តិបរទេសរបស់ព្រះអង្គ និងសមាជិកអាស៊ាន បានចូលអុជធូប ក្រាបបង្គំគោរពព្រះបរមសពជាកិច្ចដឹងគុណ
និងលាគ្នា
ជាចុងក្រោយផងដែរ។
រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ
ព្រះវិហារ និងវត្តក្នុងវិស័យព្រះពុទ្ធសាសនា ដែលកាលពីទសវត្សរ៍៦០មានជាង២០០០វត្ត
ហើយត្រូវបានបំផ្លាញចោលស្ទើរតែដល់ឫសគល់ទាំងស្រុង ពីចន្លោះពីឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩ ដោយរបប ប៉ុល ពត នោះ បានកើនឡើងដល់ជាង៤៥០០វត្ត នៅឆ្នាំ២០១៣។
យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានឯករាជ្យអាយអអាយ(IRI) របស់សហរដ្ឋអាមេរិច
ឆ្នាំ២០១១ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨០%
បានគំាទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រមាណ៧០% បានវាយតម្លៃថា
រាជរដ្ឋាភិបាលកំពុងធ្វើដំណើរនៅលើផ្លូវត្រូវ។
កាលពីខែតុលា ឆ្នាំ២០១២ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់តំណាងនាយកដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ថា មានកត្តាចំបងមួយចំនួនទៀត ដែលជំរុញឲ្យកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ចនេះ
ក្នុងនោះមាន កត្តាស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច របបពាណិជ្ជកម្ម និងបរិស្ថានវិនិយោគមានលក្ខណៈល្អប្រសើរ
ធ្វើឲ្យមានទំនុកចិត្តពីវិនិយោគិនបរទេស ហើយកម្ពុជាក៏បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចផងដែរ
សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ នៅឆ្នាំ២០១៥ខាងមុខ ដែលអាស៊ាននឹងបង្កើតសហគមន៍សេដ្ឋកិច្ចមួយ
ដែលឧត្តមភាព នៃការប្រកួតប្រជែងនេះ មានសារៈសំខាន់ក្នុងការធ្វើពិពិធកម្មនាំចេញ
ពិពិធកម្មសេដ្ឋកិច្ច និងតម្លៃ។
ដើម្បី
ឲ្យស្របតាមមហិច្ឆតា ក្នុងការផលិតស្រូវ និងអង្ករ ដែលមានគុណសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន១លានតោននៅឆ្នាំ២០១៥
ក្រុមហ៊ុនសោម៉ាគ្រុប បានសហការជាមួយក្រុមហ៊ុន
ស៊ី ភី អ៊ិនធឺត្រេដ បង្កើតរោងម៉ាស៊ីនកិនស្រូវខ្នាតធំបំផុតនៅខេត្តកំពង់ស្ពឺ
ដែលជាខេត្តសំបូរទៅដោយផលិតផលស្រូវក្រអូបដ៏មានសក្តានុពល ហើយរោងម៉ាស៊ីននេះអាចផលិតអង្ករក្រអូប
ក្នុងលកខណៈគុណភាពកម្រិតស្តង់ដារខ្ពស់ ប្រមាណ១សែនតោនក្នុងមួយឆ្នាំ។
យោងតាមលទ្ធផលនៃប៉ាន់ស្មាន
តុល្យភាពស្បៀង ឆ្នាំ២០១២-២០១៣ ដែលរៀបចំដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់
និងនេសាទបានឱ្យដឹងថា ប្រទេសកម្ពុជា អាចទទួលបានបរិមាណផលស្រូវសរុបចំនួនប្រមាណជា៩,៣លានតោន នៅ ឆ្នាំ២០១៣ និងប្រមាណជាង១០លានតោន នៅក្នុងឆ្នាំ ២០១៥ខាងមុខ។
ផ្អែកតាមបរិមាណផលស្រូវ
ដែលផលិតបាននេះ គេរំពឹងថា នឹងមានស្រូវនៅសល់លើសពីសេចក្តីត្រូវការ នៃការប្រើប្រាស់នៅក្នុងស្រុក
ចន្លោះប្រមាណពី៤ទៅ៥លានតោនក្នុង១ឆ្នាំ។ ដោយឡែក ក្រុមហ៊ុន
Mega Green Cambodia ដែលជាក្រុមហ៊ុននាំអង្ករចេញ ដ៏ធំមួយនៅកម្ពុជា
បានវាយតម្លៃថា តាមលទ្ធភាពកម្ពុជា អាចផលិតអង្ករបានរហូតដល់៨លានតោនក្នុងមួយឆ្នាំ
ក្នុងនោះត្រូវរក្សាទុកប្រមាណ៥លានតោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និង៣លានតោន
សម្រាប់ធ្វើការនាំចេញ។
វិស័យធនាគារ គិតត្រឹមខែមេសា ឆ្នាំ២០១៣ ប្រព័ន្ធធនាគារសរុបនៅទូទាំងប្រទេសកម្ពុជា
មានចំនួន៨១ អង្គភាព ដែលក្នុងនោះ ប្រភេទជាធនាគារពាណិជ្ជមានចំនួន៣៣ ប្រព័ន្ធធនាគារឯកទេសមានចំនួន៧
ការិយាល័យតំណាងធនាគារបរទេសចំនួន៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៣៧។
ក្នុងនោះ ៣០អង្គភាពជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
និង៧អង្គភាពជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបញ្ញើរ។ ជាមួយគ្នានេះ ក៏មានអង្គការក្រៅរដ្ឋាភិបាលចំនួន៣១អង្គភាពផងដែរ
ដែលធ្វើការលើវិស័យឥណ្ឌទានជនបទ និងបានចុះបញ្ជីរនៅធនាគារជាតិ។
វិស័យកាត់ដេរ បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរ ប្រមាណជាង៧០០រោងចក្រ
ដែលមានកម្មករ កម្មករិនី ប្រមាណជាង៦សែននាក់បម្រើការងារក្នុងវិស័យនេះ
ធ្វើឲ្យវិស័យនេះ ទទួលបានប្រាក់ចំណូលសម្រាប់ជាតិប្រមាណេពី៣០០០
ទៅ៤០០០លានដុល្លារសហរដ្ឋអាមេរិច។ នៅខែមករា ឆ្នាំ២០១៣ ការនាំចេញលើវិស័យកាត់ដេរមានការកើនឡើងប្រមាណ៨%ផងដែរ។
សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបរួមទាំងកាណាដា ជប៉ុន កូរ៉េខាងត្បូង និងចិន ជាប្រទេសគោលដៅដ៏ល្អសម្រាប់ការ
នាំចេញរបស់កម្ពុជា។
វិស័យវប្បធម៌ ដើម្បីថែរក្សា និងលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ខ្មែរ
ក្រោមប្រធានបទ “បុរាណមិនយឺត
ទំនើបមិនបរទេស”
ក្នុងឱកាសប្រារព្ធពិធីវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន
បានចេញនូវអនុសាសន៍៨ចំណុច ជំរុញឲ្យមានការយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្សលើវិស័យវប្បធម៌ និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់
ឈរលើមូលដ្ឋានអភិរក្ស មានគ្រឹះនៃវប្បធម៌ខ្មែរបុរាណ ដែលជាអត្តសញ្ញាណ ពណ៌សម្បុរ
ក្បួនខ្នាត និងជាព្រលឹង
នៃវប្បធម៌ជាតិ។
រាជរដ្ឋាភិបាល
បានក្រើនរំលឹកថា សិល្បៈមិនមែនធ្វើដើម្បីភាពស៊ីវិល័យ ភាពឆើតឆាយ និងដើម្បីអំនួតផ្ទាល់ខ្លួននោះទេ
ប៉ុន្តែធ្វើសិល្បៈ គឺដើម្បីបង្ហាញពីតម្លៃប្រពៃណី វប្បធម៌ ភាពថ្លៃថ្នូរ និងមោទនភាពជាតិទាំងមូល។
កាលពីថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ប្រកបដោយជោគជ័យ ហើយកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីទំហំផ្ទៃដីនៅតំបន់ប្រាសាទព្រះវិហារ
ក្នុងជំហរមានប្រៀបជាង កម្ពុជា បានឡើង ទាញហេតុផលផ្ទាល់មាត់ ជាមួយភាគីថៃ
នៅតុលាការយុត្តធម៌អន្តរជាតិ ទីក្រុងឡាអេ។ ការទាញហេតុផលនេះ
ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២
នៅពេល
កងទាហានឈុតខ្មៅថៃ
ចាប់ផ្តើមចូលមកក្នុងតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
វិស័យទេសចរណ៍ កម្ពុជា មានរមនីយដ្ឋានប្រមាណ ជាង១៣០៥កន្លែង
ដែលរមណីយដ្ឋានទាំងនេះ ត្រូវចែកចេញជាបួនប្រភេទ មានដូចជា រមណីយដ្ឋានបែប ធម្មជាតិ
រមនីយដ្ឋាន បែបកែច្នៃ រមណីយដ្ឋាន បែបវប្បធម៌ និងរមណីយដ្ឋាន បែបប្រវត្តិសាស្រ្ត។
របាយការណ៍ពីក្រសួងទេសចរណ៍ ឆ្នាំ២០១២ បានឲ្យដឹងថា រយៈពេល១០ខែ
ឆ្នាំ២០១២ ភ្ញៀវទេស
ចរមកទស្សនាកម្ពុជា
ចំនួន២លាន៨សែននាក់ មានការកើនឡើងប្រមាណ២៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
ក្នុងនោះ ភ្ញៀវដែលធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំបែញចំនួន ២សែន៦២០២នាក់
តាមព្រលានយន្តហៅខេត្តសៀមរាបចំនួន ២សែន៣៤៤៥នាក់ និងភ្ញៀវ ដែលធ្វើដំណើរតាមផ្លូវ ទឹក
និងគោក មានចំនួន ៥សែន៦១០៤នាក់។
វិស័យកសិកម្ម ទោះបីជាឆ្នាំកន្លងមក កម្ពុជារងនូវផលប៉ះពាល់ពីគ្រោះធម្មជាតិ
ពិសេសគ្រោះទឹកជំនន់ បង្កដោយជំនន់ទឹកភ្លៀងចុងរដូវវស្សា និងស្ថិតនៅក្រោមការស្តារផលប៉ះពាល់
ដោយវិបត្តិកលយុគ្គសេដ្ឋកិច្ចពិភពលោក
ប៉ុន្តែ តាមការណែនាំ និងតម្រង់ទិស និងវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ឋិភាព
របស់រាជរដ្ឋាភិបាល គ្រោះទុរ្ភឹក្សនេះ មិនមែនជាឧបស័គ្គ ដល់ការអភិវឌ្ឍវិសកសិកម្មឡើយ។
ដើម្បីសម្រេច គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការនាំអង្ករចេញ
និងសម្រាប់ប្រើប្រាស់ក្នុងស្រុក ដោយចូលរួមដ៏សកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន
កងកម្លាំងប្រដាប់អាវុធ និងប្រជាកសិករទូទាំងប្រទេស និងដៃគូរអភិវឌ្ឈន៍ផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានប្រើប្រាស់យន្តការមួយចំនួន ដូចជាបង្ហាញពីបញ្ហា និងផល់ប៉ះពាល់ មួយចំនួនដែលប្រឈមក្នុងក្របខ័ណ្ឌ
នៃការគ្រប់គ្រងពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព
ដើម្បីធានាឲ្យកសិករទទួលបាននូវផលប្រយោជន៍ពិតប្រាកដពីការប្រើប្រាស់ កសិផលត្រូវបានធានាគុណភាព
និងសុវត្ថិភាព ធ្វើឱ្យផលិតផលកម្មកសិកម្មនៅតែមានការកើនឡើង គួរឱ្យកត់សម្គាល់។
ក្រៅពីដំណាំស្រូវ
នៅមានដំណាំអចិន្រែ្តយ៍មួយចំនួនទៀត ដូចជាកៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែផ្សេងៗជាលក្ខណ:គ្រួសារ
និងជាលក្ខណ:វិនិយោគខ្នាតតូច មធ្យម និងខ្នាតធំ ស្ថិតនៅលើទំហំដី ប្រមាណ ២សែន១ម៉ឺន៣.១០៤
ហិតា ជាដើម ក៏កំពុងមានការរីកចម្រើន គួរកត់សម្គាល់ផងដែរ។
ដោយអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី
កាលពីខែមិថុនា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ឲ្យចុះវាស់វែងបែងចែក
និងធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យមានកម្មសិទ្ធិដីធ្លីបង្កបង្កើនផល
សម្រាប់លំនៅដ្ឋានឡើងវិញ។ គោលនយោបាយនេះ ធ្វើឡើងនៅចំនួន២០ខេត្ត ទូទាំងប្រទេស
ហើយបើគិតមកដល់ខែមីនា ឆ្នាំ២០១៣ ក្រុមយុវជនស្ម័គ្រចិត្ត បានសម្រេចវាស់វែង
និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានប្រមាណ៤សែន៨ម៉ឺនគ្រួសារ
លើផ្ទៃដីប្រមាណ៥សែន ២ម៉ឺនហិកតា។ គោលនយោបាយចាស់សកម្មភាពថ្មីនេះ
គឺធ្វើឡើងដោយគ្មានការគិតថ្លៃ មិនគិតពីនិន្នាការនយោបាយ និងគ្មានការរើសអើងថា
សមាជិកគណបក្សនយោបាយណាមួយឡើយ។
ដោយមើលឃើញពីភាពចាំបាច់
និងតម្រូវការខ្ពស់ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដោយការធ្វើនេសាទរបស់ប្រជាពលរដ្ឋ
និងដើម្បីដើរឲ្យស្រតាមគោលកាណ៍ អ្វីៗជារបស់រាស្រ្ត រាជរដ្ឋាភិបាលកើតឡើងដោយសាររាស្រ្ត
និងធ្វើអ្វីៗដើម្បីរាស្រ្ត កាលពីខែកក្កដាឆ្នាំ២០១២ រាជរដ្ឋាភិបាល ក៏បានសម្រេចលុបចោលទាំងស្រុង
ជាប្រវត្តិសាស្រ្ត នូវឡូត៍នេសាទទំាងអស់ ដើម្បីឲ្យប្រជាសហគមន៍នេសាទ
ឬប្រជាពលរដ្ឋ ដែលប្រកប
របនេសាទជាលក្ខណៈគ្រួសារ
មានឱកាសប្រើប្រាស់ និងគ្រប់គ្រងឡូតិ៍នេសាទទាំងនេះឡើងវិញ។
ផ្នែកឧស្សាហកម្ម កម្ពុជា មានរោងចក្រសហគ្រាសតូចធំ
និងមធ្យម ប្រមាណជាងមួយសែនកន្លែង ដូចជា រោងចក្រផលិតម៉ូនីទ័រ រោងចក្រផលិតគ្រឿងបង្គំប្រព័ន្ធខ្សែភ្លើង
និងខ្សែពានរថយន្ត ដែលមានមូលដ្ឋាននៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកមណ្ឌលសីមា
ខេត្តកោះកុង, ក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិក
សម្រាប់ដាក់ក្នុង ទូរស័ព្ទ និងកុំព្យូទ័រ រោងចក្រផលិតអគ្គិសនី
ដើរដោយចរន្តទឹកចំនួន៦កន្លែង គឺ កម្ចាយ ដែលសាងសង់រួច និងកំពុងតែសាងសង់វារីអគ្គិសនីចំនួន៥ការដ្ឋាន
គឺការដ្ឋានតាតៃ ឫស្សីជ្រំក្រោម អាតៃគិរីរម្យ និងកំចាយ។
គួរបញ្ចាក់ថា
បច្ចុប្បន្នកម្ពុជាមានប្រភពអគ្គិសនីចំនួន១១កន្លែងរួចហើយ ដែលបានចុះកិច្ចព្រមព្រៀងធ្វើការអភិវឌ្ឍ
ដើម្បីផ្តល់ប្រភពអគ្គិសនីឲ្យប្រព័ន្ធបណ្តាញជាតិ ក្នុងនោះមានៈ
១-ការនាំចូលអគ្គិសនីពីប្រទេសវៀតណាមតាមច្រកភ្នំដិន ខេត្តតាកែវ
២-ការនាំចូលអគ្គិសនីពីប្រទេសថៃតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣-វារីអគ្គិសនីគីរីរម្យ១ ៤-វារីអគ្គិសនីកំចាយ ៥-វារីអគ្គិសនីគីរីរម្យ៣
៦-វារីអគ្គិសនីអាតៃ ៧-វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម ៨-វារីអគ្គិសនីស្ទឹងតាតៃ
៩-រោងចក្រអគ្គិសនីធ្យូងថ្មរបស់ក្រុមហ៊ុន Cambodian
Energy Limited របស់ប្រទេសម៉ាឡេស៊ី 100MW ១០-រោងចក្រអគ្គិសនីធ្យូងថ្មរបស់ក្រុមហ៊ុនCIIDG
វិនិយោគរួមរវាងក្រុមហ៊ុនចិន និងអ្នកវិនិយោគក្នុងស្រុក(270MW+135MW) និង១១-វារីអគ្គិសនីសេសានក្រោម២។
ប្រភពអគ្គិសនីដែលបានចុះកិច្ចព្រមព្រៀងរួចទាំង១១ នេះមានអានុភាពសរុប
២១២២.២មេហ្គាវ៉ាត់ ។
ឆ្នាំ២០១០
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស បើកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយការដុតធ្យូងថ្ម
នាំចូល ចំនួនពីរ នៅក្នុងទីតាំងផ្សេងៗគ្នា នៃខេត្តព្រះសីហនុ ដែលរោងចក្រនីមួយៗ មានសមត្ថភាព
អាចផលិតថាមពលបាន ចាប់ពី២០០ ទៅ៧០០ មេហ្គាវ៉ាត់។ សព្វថ្ងៃ រោងចក្រអគ្គិសនីដុតធ្យូងថ្ម
មានអានុភាពដំឡើង២០០មេហ្គាវ៉ាត់ បានដំណើរការ សាងសង់រួចហើយ ដោយធ្វើក្នុងជំហានទី១
មានអានុភាពត្រឹម១០០មេហ្គាវ៉ាត់។
ទោះបីជាតម្រូវការ
នៃការប្រើប្រាស់ថាមពលអគ្គិសនីមានកំណើនខ្ពស់ ប៉ុន្តែនៅឆ្នាំ២០១៨ ឬ២០២០ ខាងមុខ កម្ពុជា
នឹងមិនព្រួយបារម្ភបញ្ហាខ្វះភ្លើងប្រើប្រាស់ទៀតទេ ព្រោះមានក្រុមហ៊ុនជាច្រើន កំពុងដាក់គម្រោងវិនិយោគអគ្គិសនីដើរដោយធ្យូងថ្ម
ដែលមានអានុភាព អាចផ្តល់ថាមពលអគ្គិសនី ក្នុងបរិមាណ និងគុណភាពខ្ពស់មិនធ្លាប់មានពីមុនមក។
កាលពីដើមឆ្នាំ២០១៣ ប្រទេសថៃ បានស្នើសុំធ្វើវិនិយោគ
ក្នុងគម្រោងទឹកប្រាក់សរុបប្រមាណជិត៣.០០០ លានដុល្លារអាមេរិក ដើម្បីធ្វើរោងចក្រអគ្គិសនី
ដើរដោយធ្យូងថ្ម ដែលមានអានុភាពអាចផលិតថាមពលអគ្គិសនី បានចំនួន១.៤០០មេហ្គាវ៉ាត់ នៅតំបន់ស្ទឹងមេទឹក ក្នុងខេត្តកោះកុង
ដែលសព្វថ្ងៃ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់គោលការណ៍ឱ្យធ្វើការសិក្សារួចហើយ
រង់ចាំតែលទ្ធផល និងពេលវេលានៃការបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។
តាមការជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ បានឲ្យដឹងថា
នៅក្នុងប្រទេសកម្ពុជា មានសហគ្រាសពាណិជ្ជកម្មចំនួន៥សែន០៥.១៣៤
ដែលក្នុងចំណោមសហគ្រាសទាំងនោះ មានសហគ្រាសពាណិជ្ជកម្ម ដែលដឹកនាំដោយស្រ្តីមានចំនួន៦១,២% ហើយសហគ្រាស ដែលមានអ្នកចូលរួមការងារពី៥នាក់ឡើងមានចំនួន៤០.០០០
សហគ្រាស ស្មើនឹង៧,៨% សហគ្រាស ដែលមានអ្នកចូលរួមការងារចាប់ពី
១០នាក់ឡើងមានចំនួន ១៣.០០០ សហគ្រាស ស្មើនឹង ២,៦% សហគ្រាសដែលអ្នកចូលរួមការងារចាប់ពី
១០០នាក់ឡើងមានចំនួន ៧៨៧សហគ្រាស ស្មើនឹង ០,២%
និងសហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ១.០០០នាក់
ឡើងទៅមានចំនួន
១១៩ សហគ្រាស។
វិស័យពាណិជ្ជកម្ម ដើម្បីកែសម្រួលដល់ គម្រោងពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បាន
ដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដូចជា ទី១ បញ្ជ្រាបនីតិវិធី និងកិច្ចសហប្រតិបត្តិការផ្នែកគយរដ្ឋាករ
ទី២ កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម ទី៣កាត់បន្ថយរបាំងមិនមែនពន្ធ ដូចជាការបង់ថ្លៃសេវារដ្ឋបាល ទី៤ លើកកម្ពស់តម្លាភាពផ្នែកច្បាប់ និងទី៥ប្រើប្រាស់វិស័យព័ត៌មានវិទ្យា សម្រាប់ស្ថិតិ ពាណិជ្ជកម្ម។
ជាមួយគ្នានេះ
រាជរដ្ឋាភិបាល ក៏បានធ្វើសេចក្តីព្រាងទិសដៅសកម្មភាព ដើម្បីកសាងផែនការយុទ្ធសាស្ត្រ
សមាហរណកម្មវិភាគពាណិជ្ជកម្មថ្មី ពីឆ្នាំ ២០១៣-២០១៨ ក្នុងគោលដៅអភិវឌ្ឍន៍ផលិតផល ដែលមានសក្តានុពលសម្រាប់នាំចេញ
និងវិស័យជាអាទិភាពមួយចំនួន
ដូចជាវិស័យទេសចរណ៍ជាដើម។
វិស័យសំណង់លំនៅដ្ឋាន តាមតួលេខពីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា
គិតត្រឹមខែមិថុនា ឆ្នាំ២០១២ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ប្រមាណ២០ក្រុមហ៊ុនបានចុះបញ្ជីររួចរាល់ហើយ
ក្នុងចំណោមក្រុមហ៊ុនជាង២០។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម
និងសំណង់ បានបង្ហាញថា រយៈពេល៨ខែ ដើមឆ្នំា២០១២ គម្រោងវិនិយោគសំណង់អគារធំៗទាំងនៅក្នុងរាជធានី
និងតាមបណ្តាខេត្ត កំពុងរីកដុះដាលយ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាល
បានសម្រេចអនុម័ត លើគម្រោងសាងសង់សរុបចំនួនខេត្តក្រុងទាំងអស់ចំនួន១ពាន់២១៣គម្រោង
ដែលមានតម្លៃទុនវិនិយោគ សរុបចំនួនជាង ១ពាន់៥៣៣លាន ដុល្លារអាមេរិកក្នុងរយៈពេល៨ខែ
ឆ្នាំ២០១២នេះ។ ក្នុងនោះមាន គម្រោង អគារពាណិជ្ជកម្ម
អគារកាស៊ីណូ សំណង់លំនៅដ្ឋានស្នាក់នៅរួម រោងចក្រឧស្សាហកម្មរ៉ែលោហៈ
រមណីយដ្ឋាន វិទ្យាស្ថាន រោងចក្រផលិតបារី ស្ថានីយប្រេងសណ្ឋាគារ
រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ អគារអាផាតមិន ភូមិគ្រឹះ
ឃ្លាំងផ្សារ អគារកីឡា
និងរោងចក្រម៉ាស៊ីនកិនស្រូវ ជាដើម ហើយគម្រោងធំៗទាំងនេះមាននៅក្នុងរាជធានី និងនៅបណ្តាខេត្តមួយចំនួនដូចជា
ខេត្តកណ្តាល កំពង់ស្ពឺ ក្រចេះ
កំពត ស្វាយរៀង ព្រៃវែង តាកែវ បន្ទាយមានជ័យ បាត់ដំបង
កំពង់ឆ្នាំង កំពង់ចាម
កំពង់ធំ និងខេត្តព្រះសីហនុ។
ក្រុមហ៊ុនអចលនទ្រព្យក្នុងប្រទេសបានឲ្យដឹងថា
នៅរាជធានីភ្នំពេញមានអគារឌឺផាតមិន ខុនដូរ បុរី និងអគារផ្ទះល្វែងសរុបប្រមាណ
ពី២២០ ទៅ២៣០កន្លែង។
វិស័យការពារជាតិ
អនុវត្តតាមបទបញ្ជាដ៏តឹងរ៉ឹង របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន
និងជាអគ្គមេបញ្ជាការកងទ័ពជាតិ កងយោធពលខេមរភូមិន្ទ បានបើកវគ្គសិក្សាស្តីពីការគ្រប់គ្រង
និងរៀបចំនាយទាហានបន្តវេនវ័យក្មេង ដើម្បីឈានទៅសម្រេច ការអភិវឌ្ឍន៍សកម្មភាព ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ
ដែលនាយទាហានគ្រប់រូបត្រូវឈរលើទស្សនៈទានលក្ខណៈសម្បត្តិ៥យ៉ាង រួមមាន៖ទី១ មេបញ្ជាការ ឬនាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវតែមានសមត្ថភាព ប្រតិកម្មរហ័ស និងជាមជ្ឍមណ្ឌលសាមគ្គី ឯកភាពផ្ទៃក្នុងកងទ័ពបានល្អ
ទី២ ពេលទទួលបានបទបញ្ជា ត្រូវសម្រេចឲ្យបានល្អនូវភារកិច្ចនោះ
ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ទី៣ ត្រូវចេះឆ្នៃប្រឌិតក្នុងការចិញ្ចឹមកងទ័ពឲ្យបានល្អ
ទី៤ ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី និងទី៥
ត្រូវមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលោក។
ចំណែកកងទ័ព នៅជួរមុខក្នុងតំបន់ជម្លោះព្រំដែនព្រះវិហារ
តាមាន់តូច តាមាន់ធំ តាក្របី កងទ័ពបានលះបង់ អាយុជីវិត តស៊ូប្តូរផ្តាច់
ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពទឹកពីសត្រូវឈ្លានពាន រហូតនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១២
ក្រោមកិច្ចចរចា រវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ យីង ឡាក់ស៊ីណាវ៉ាត្រា
នាយករដ្ឋមន្រ្តីថៃ ភាគីទាំងពីរកម្ពុជា ថៃ បានព្រមព្រៀងកែសម្រួលកងទ័ពជាបណ្តោះអាសន្ន នៅតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ។
វិស័យសន្តិសុខសង្គម កាលពីខែកញ្ញា ឆ្នំ២០១២ ក្រសួងមហាផ្ទៃ
ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងស្ថាប័នច្បាប់ នៅថ្នាក់ជាតិ
ពង្រឹងសមត្ថភាពមន្រ្តី យុត្តិធម៌នៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ ឲ្យមានលក្ខណៈល្អប្រសើរ
ដើម្បីធានាដល់ការទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។ ក្នុងនោះក្រសួងមហាផ្ទៃ
ក៏បានជំរុញឲ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តយុទ្ធសាស្រ្ដស្ដីពីការព្យាបាល
បណ្ដុះបណ្ដាលវិជ្ជាជីវៈសមាហរណកម្មអ្នកញៀនគ្រឿងញៀន នៅតាមសហគមន៍
និងពង្រីកកម្មវិធីព្យាបាលឲ្យបានច្រើនបន្ថែមទៀតនៅសហគមន៍តាមព្រំដែន។
ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យចំគោលដៅ
និងមានប្រសិទ្ធភាពខ្ពស់ នៅខែមីនា ឆ្នាំ២០១៣ ក្រសួងមហាផ្ទៃបានដាក់ទឹដៅឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ជាពិសេសអាជ្ញារនៅតាមព្រំដែនខេត្តភាគឥសាន ត្រូវយកចិត្តទុកដាក់
និងពង្រឹងការត្រួតពិនិត្យរបស់ខ្លួនទៅលើសារធាតុផ្សំ ទាំងស្របច្បាប់ និងមិនស្របច្បាប់
ដើម្បីបង្កា និងទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំ របស់ពួកឈ្មួញទុច្ចរិតកុំឲ្យយកទៅផលិតគ្រឿងញៀនខុសច្បាប់
ក្នុងទឹកដីកម្ពុជា ព្រោះបញ្ហានេះ ជាបញ្ហាដ៏ក្ដៅគគុកមួយទាំងនៅលើពិភពលោក
និងក្នុងតំបន់ ជាពិសេសបណ្ដាប្រទេសនៅជាប់ព្រំដែន ។
របាយការណ៍៣ត្រីមាស ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បានឲ្យដឹងថា នៅឆ្នាំ២០១២ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនសរុបបានចំនួន៨១៨ករណី
ក្នុងនោះមាន៤២ករណីធំៗ មានជនល្មើសចំនួន១០២នាក់ ត្រូវបានបង្ក្រាបចំមេខ្លោង និងខ្សែបណ្ដាញសំខាន់ៗ
ហើយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានជាង៨១គីឡូក្រាម សារធាតុគីមីផ្សំគ្រឿងញៀនជាង៥១តោន
ម៉ាស៊ីនផលិតមួយចំនួន និងឃាត់ជនសង្ស័យសរុប១.៧៨៨នាក់ ក្នុងនោះមាន១២ សញ្ជាតិ រួមមាន៖ ខ្មែរ វៀតណាម ឡាវ ថៃ ចិន តៃវ៉ាន់ នីហ្សេរីយ៉ា កូរ៉េ អាមេរិក
បារាំង ន័រវែស
និងហ្វីលីពីន ផងដែរ។
ក្រោមកិច្ចសហការជាមួយ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនឧក្រឹដ្ឋកម្ម
និងភេរវកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាUNODCកម្ពុជា បានទទួលយក
និងពន្លឿនការអនុវត្តច្បាប់ ដោយបង្កើនសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីជំនាញកម្ពុជា
ក្នុងការប្រយុទ្ធប្រឆាំង សម្រាប់ការបង្កក ការរឹបអូសទ្រព្យសម្បត្តិ ការសម្អាតប្រាក់
និងហិរញ្ញប្បទានភេរវកម្ម ឲ្យមានប្រសិទ្ធិភាពខ្ពស់។
កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣
កំលាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត
VOIP ដោយបានឃាត់ខ្លួន ជនជាតិចិនចំនួន៣៩នាក់ ក្នុងនោះមានស្រី១២នាក់
។
វិស័យអប់រំ
នៅទូទាំងប្រទេសកម្ពុជា វិស័យសិក្សាធិការ
មានអគារសិក្សារបស់រដ្ឋ ពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សាចំនួន ១១០៤៦សាលា
មានសិស្សចូលរៀនទាំងពីរភេទចំនួន ៣១២៣០៨២នាក់ ស្រី១៤៩១៣៤៤នាក់។
ក្នុងនោះសាលាមតេយ្យចំនួន២៥៧៥សាលា សាលាឋមសិក្សាចំនួន៦៨៤៩សាលា អនុវិទ្យាល័យពីថ្នាក់ទី៧
ដក់ទី៩ មាន១១៩៦សាលា វិទ្យាល័យពីថ្នាក់ទី១០ ដល់ទី១២ មានចំនួន ២៥សាលា វិទ្យាល័យពីថ្នាក់ទី៧
ដល់ទី១២ មានចំនួន៤០១សាលា ក្នុងនោះផ្នែកឧត្តមសិក្សា
ចំនួននិស្សិតចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាកើនពី ១៣៧០០០ នាក់ នៅឆ្នាំសិក្សា
២០០៨-២០០៩ ទៅដល់ ១៩៥៦១៧ នាក់ ក្នុងនោះ ៤០% ជានិស្សិតស្រី នៅឆ្នាំ ២០១៣-២០១៤។
ចំនួននិស្សិតចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ
កើនពី ៤៦៣៩៥ នាក់ នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅដល់ ៨៤០៣៥ នាក់នៅឆ្នាំសិក្សា
២០១៣-២០១៤។ ចំនួននិស្សិតចូលរៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងគណិតវិទ្យានៅគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ២៥% ចាប់ពីឆ្នាំសិក្សា
២០០៨-២០០៩ ដល់ឆ្នំាសិក្សា ២០១៣-២០១៤។ ក្នុងនោះ ស្ថានភាពនៃបុគ្គលិកគ្រឹះស្ថាន ឧត្តមសិក្សាត្រូវបានកែលម្អជារៀងរាល់ឆ្នាំ
ដោយការបន្ថែមបុគ្គលិកដែលត្រឡប់មកពីការសិក្សានៅបរទេស។
ដើម្បីឆ្លើយទៅនឹងការបាត់បង់គ្រូបង្រៀន
ក្នុងរបបខ្មែរក្រហមនោះ និងដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សជាង៣.លាននាក់ ដែលស្មើនឹង១ភាគបួន
នៃចំនួនប្រជាជនកម្ពុជាសរុប រាជរដ្ឋាភិបាល បានសម្រេច ជ្រើសរើសគ្រូបង្រៀនចំនួន៥០០០
នាក់ជារៀងរាល់ឆ្នាំ ក្នុងនោះការអប់រំ គឺ ជាចណុចគន្លឹះ ដើម្បីអភិវឌ្ឍប្រទេសស្របតាម ចតុស្ដម្ភអប់រំ ៖- អប់រំដើម្បីឱ្យមានចំណេះដឹង-
អប់រំដើម្បីឱ្យមានចំណេះធ្វើ- អប់រំដើម្បីឱ្យក្លាយជាពលរដ្ឋល្អ
- អប់រំដើម្បីរួមរស់ជាមួយគ្នាដោយសន្ដិភាព និងសុខដុម។
ក្រសួងអប់រំយុវជន
និងកីឡា ក៏ត្រូវបានជ្រើសរើសចូលក្នុងបណ្ដាប្រទេសអាទិភាពទាំង២០ កាលពីចុងខែឧសភា ឆ្នាំ
២០១១ ដោយផ្ដោតសំខាន់លើការពង្រឹងផែនការអប់រំក្រៅប្រព័ន្ឋទូលំទូលាយ ដែលគម្រោងនេះ
មានផែនការអនុវត្ដរយៈពេលបីឆ្នាំ២០១១- ២០១៣ ដើម្បីកសាងផែនការសកម្មភាព សម្រាប់រៀបចំផែនទីបង្ហាញផ្លូវ
ការវាយតំលៃសមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្ដោតលើការកសាងបណ្ដាញអក្ខកម្ម
និងអប់រំក្រៅប្រព័ន្ឋ ការកសាងផែនការពន្លឿនអក្ខកម្ម ការពង្រឹងប្រព័ន្ឋព័ត៌មានគ្រប់គ្រង
អប់រំក្រៅប្រព័ន្ឋ និងការប្រមូល និងផ្សព្វផ្សាយបទពិសោធន៍ល្អរបស់មជ្ឈមណ្ឌល សិក្សាសហគមន៍។
កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅឧត្តមសិក្សា តាមរយៈការអនុវត្ត
វិធីសាស្ត្របង្រៀនបច្ចុប្បន្នភាព ការអភិវឌ្ឍកម្មវិធីសិក្សា និងការបំពាក់មូលដ្ឋានសម្ភាររូបវ័ន្ត។
ផ្នែកសុខាភិបាល តួលេខរបស់ក្រសួង ប្រចាំឆ្នាំ២០១១
បង្ហាញថា នៅទូទាំងប្រទេស កម្ពុជាមាន
មន្ទីរពេទ្យបង្អែករដ្ឋតាមបណ្តាខេត្តរាជធានី
ចំនួន៩១ និងមណ្ឌលសុខភាព ប្រមាណ១០៥១ កន្លែងផងដែរ។
យោងសារលិខិតលេខ០៤ ស.ល.ខ របស់រាជរដ្ឋាភិបាល
បានលើកឡើង ក្នុងទិវាពិភពលោកកម្ចាត់រោគរបេងថា កម្ពុជា
បានសម្រេចសមិទ្ធផលយ៉ាងធំធេង គួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរបេងក្នុងរយៈពេលកន្លងមកនេះ
ក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្រ្តដូតស៍
នៅតាមគ្រប់មន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ទាំងអស់ និងតាមសហគមន៍ផងដែរ
ជាពិសេសការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងដោយឥតគិតថ្លៃ ជាហេតុធ្វើឲ្យអត្រាឈឺ
និងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺពីចំនួន១៥៥ករណី
ក្នុងចំណោមប្រជាពល រដ្ឋ១សែននាក់ កាលពីឆ្នាំ១៩៩០ មកត្រឹម៦៣ករណី
ក្នុងចំណោមប្រជាពលរដ្ឋ ១សែននាក់ដូចគ្នា ស្មើនឹង៦០%នៅឆ្នាំ២០១១។ រាជរដ្ឋាភិបាលបញ្ជាក់ថា
តួលេខនេះបញ្ជាក់ថា កម្ពុជា បានសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍រួចហើយ
និងបានសម្រេចមុនគោលដៅកំណត់ ដែលបានកំណត់ថា ត្រូវកាត់បន្ថយអាត្រាស្លាប់ដោយជំងឺរបេងឲ្យបាន៥០%នៅឆ្នាំ២០១៥។
នៅឆ្នាំ២០១៣នេះដែរ
ក្រសួងសុខាភិបាលប្រកាសថា កម្ពុជាបានឈានទៅដល់ដំណាក់កាលបំបាត់ជំងឺកញ្រ្ជឹល១០០%
ជាស្ថាពរហើយ ហើយលទ្ឋផលនេះ ក៏អាស្រ័យដោយការខឹតខំយ៉ាងស្វិតស្វាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល
ដើម្បីបញ្ឈប់ការចម្លងជំងឺ និងការតាមដានជំងឺយ៉ាងសកម្មជាប្រចាំ។
ផ្នែកធនធានទឹក កាលពីខែកុម្ភៈ
ឆ្នាំ២០១០ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការគ្រោងទុក
ក្រសួងធនធានទឹក និងឧតុនិយម បានដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពកង្ហត មានទីតាំងស្ថិតនៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់
ខេត្តបាត់ដំបង។
ការដ្ឋាន នៃគម្រោងអភិវឌ្ឍន៍នេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន៤០ខែ ហើយការងារត្រូវអនុវត្ត
មានសាងសង់ទាំងប្រឡាយមេ
ប្រឡាយរង និងប្រឡាយដោះទឹកមានចំនួន៤១ខ្សែ
ប្រវែងសរុប ៣៣២.៦ គ.ម សាងសង់សំណង់បញ្ចាល់ទឹកកាត់ស្ទឹង០១កន្លែង
សំណង់យកទឹក ចំនួន ០២កន្លែង សំណង់ទ្វារស្ទាក់ទឹក ចំនួន ០៤កន្លែង សំណង់ចែកចាយទឹក ចំនួន
២៣កន្លែង សំណង់សម្រួលចរន្តទឹក
ចំនួន ១១កន្លែង សំណង់ដោះទឹក ចំនួន ១៧កន្លែង ស្ពាន០១កន្លែង រួមនឹង
សំណង់លូទឹកប្រវែង ២២៨ម នៅអមប្រឡាយបានជាផ្លូវគមនាគមន៍មានប្រវែងសរុប១៩៥,១៣គីឡូម៉ែត្រដែលមានវិសាលភាពស្រោចស្រពលើផ្ទៃដីជាង៦០.០០០ហិកតា។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបើកការដ្ឋានស្តារប្រឡាយនៃប្រព័ន្ធធារាសាស្ត្រចារឹក
និងទំនប់លេខ៥ លើជួរភ្នំក្រវាញ ស្ថិតនៅឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលក្នុងគម្រោងនេះមាន
៖- ជួសជុលទំនប់សណ្តរស្ទឹងពោធិ៍សាត់
ប្រវែង១.៥០០ម- ជួសជុលភ្លឺស្តាំប្រឡាយមេMC1 ប្រវែង៥០០ម -ស្តារប្រឡាយរងខ្សែទី១ ប្រវែង ២.៧០០ម- ស្តារប្រឡាយរងខ្សែទី២ ប្រវែង២.០០០ម - ស្តារប្រឡាយរងខ្សែទី៣ប្រវែង២.០០០ម -ស្តារប្រឡាយរងខ្សែទី៤ ប្រវែង៩៥០ម -សាងសង់សំណង់បង្ហៀរប្រវែង៥០ម ០១កន្លែង
- សាងសង់សំណង់ស្ទាក់ទឹកទ្វារ២ចំនួន០៥កន្លែង
- សាងសង់សំណង់ស្ទាក់ទឹកទ្វារ១ ចំនួន០៨កន្លែង
- សាងសង់លូមុខកាត់១ម៉ែត្រចំនួន១៤កន្លែង
និងទំនប់លេខ៥ ស្ថិតនៅស្រុកសំរោង ស្រុកភ្នំក្រវាញ ដែលអាចតំកល់និងស្តុកទឹកបានចំនួន២៥លាន
ម៉ែត្រគីប ។
ប្រព័ន្ធផ្សព្វផ្សាយ
នៅទូទាំងប្រទេស
មានប្រព័ន្ធផ្សាយក្នុងប្រទេសសរុបជាង៥០០ ក្នុងនោះសារព័ត៌មានផ្នែកបោះពុម្ពផ្សាយជាតិមានចំនួន៣៨៣អង្គភាព
ព្រឹត្តិបត្រ ៣៨អង្គភាព ទស្សនាវដ្តីជាតិ២០០អង្គភាព សមាគមអ្នកសារព័ត៌មាន៣៤អង្គភាព
កាសែតអន្តរជាតិ៣៥ អង្គភាព ទស្សនាវដ្តីអន្តរជាតិ៣២អង្គភាព សារព័ត៌មាននាំចូល១៤ អង្គភាព
ទីភ្នាក់ងារព័ត៌មានបរទេស និងទូរទស្សន៍អន្តរជាតិប្រចាំការអចិន្រ្តៃយ៍១៤ អង្គភាព
ស្ថានីយទូរទស្សន៍ ដំណើរការក្នុងរាជធានីភ្នំពេញចំនួន១១ស្ថានីយ ក្នុងនោះស្ថានីយផ្សាយផ្ទាល់ចំនួន៩ស្ថានីយ
និងផ្សាយបន្ត២ស្ថានីយ ស្ថានីយទូរទស្សន៍ប្រចំាខេត្តទូទាំងប្រទេសមានចំនួន៤៣ស្ថានីយ
ស្ថានីយវិទ្យុ ដំណើរការផ្សាយក្នុងរាជធានីចំនួន៣៤ស្ថានីយ
និងស្ថានីយវិទ្យុដំណើរការ នៅតាមបណ្តាខេត្តចំនួន ៦៣ផងដែរ។ នៅតាមបណ្តាអង្គភាពសារព័ត៌មាននីមួយៗ
ជាពិសេសស្ថានីយទូរទស្សន៍ មានសិទ្ធិផ្សព្វផ្សាយទាំងដំណឹងព័ត៌មាន
និងសិល្បៈកម្សាន្ត ដោយសេរីទាំងការផ្សាយបន្ត និងផ្សាយផ្ទាល់របស់ខ្លួន។
ផ្នែកហេដ្ឋារចនាសម្ព័ន្ធ
និងគមនាគមន៍ រាជរដ្ឋាភិបាល
បានសម្រេចស្ថាបនាស្ពានចំនួន១៧គម្រោង ក្នុងនោះ ៧គម្រោងបានស្ថាបនារួចរាល់ មានដូចជា
មានស្ពានមិត្តភាពកម្ពុជា-ចិនសេកុង,ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគីសូណា,
ស្ពានមិតភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ,ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកតាម៉ាក់,ស្ពានឧកញ៉ាលីយ៉ុងផាត់
ព្រែកព្នៅ,ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្តាម ,និងស្ពានព្រះមុនីវង្សទី២។
ឯគម្រោងដែលកំពុងសាងសង់មាន៥គម្រោង គឺស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ,ស្ពានកោះប៉ែនស្ថិតក្នុងក្រុងកំពង់ចាម
ខេត្តកំពង់ចាម,ស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារទី២,ស្ពានមិត្តភាពកម្ពុជា-ជប៉ុនអ្នកលឿង,ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ,ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ,
និងគម្រោងដែលត្រូវបន្តសាងសង់ចំនួន៤ មានស្ពានមិត្តភាពកម្ពុជាចិនមេគង្គ
ក្រុងក្រចេះនិង,ស្ពានមេគង្គក្រូចឆ្មាស្ទឹងត្រង់ខេត្តកំព់ចាម
ជាគម្រោងសម្រាប់ឆ្នាំ២០១៥,ស្ពានមិត្តភាពកម្ពុជា-ចិនឆ្លងទន្លេសាប
ស្ថិតក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង
និងស្ពានស្អាងស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
ការសម្រេចសាងសង់ស្ពានទាមងនេះ
ដើម្បីបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់លិចទឹកនៅផ្នែកខាងលើតាមដងទន្លេទាំងអស់
មានសិទ្ធិប្រើប្រាស់ សិទ្ធិទទួលផល និងមានសិទ្ធិ បែងចែកផងដែរ ក្នុងនោះផ្លូវថ្នល់
មានផ្លូវជាតិជាច្រើនខ្សែ ដែលបានស្ថាបនាចាក់កៅស៊ូរួច មានប្រវែង១៩៧២,៧គី ឡូម៉ែត្រ និងគម្រោងកំពុងស្ថាបនា
បន្តមានប្រវែង២៣៦៥,២៧គីឡូម៉ែត្របន្ថែមទៀត។ ក្រៅពីនេះ ស្ពានអាកាសទីបី
ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីដើមខែមករា ឆ្នាំ២០១៣
បន្ទាប់ពីស្ពានអាកាសចំនួនពីរខ្សែទៀត ក្នុងរាជធានីភ្នំពេញ គឺស្ពាន់អាកាសក្បាលថ្នល់
និងស្ពានអាកាស៧មករា ពេទ្យលោកសង្ឃ
សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួចហើយកាលពីឆ្នាំ២០១០ និង២០១២។
ក្រៅពីសមិទ្ធផលសំខាន់ៗ លើវិស័យសេដ្ឋកិច្ច និងសង្គម ដែលប្រសូត្រចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
កាលពីឆ្នាំ២០១២ ព្រះរាជណាចក្រកម្ពុជា ទទួលបាននូវមហាកិត្តិយសថ្មីមួយទៀត គឺការធ្វើជាប្រធានអាស៊ាន
ធ្វើជាម្ចាស់ផ្ទះ
នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលដទៃៗទៀតប្រកបដោយជោគជ័យ។ មោទនភាព
ដ៏គួរឲ្យរំភើបនេះ ក៏ជាប្រវត្តិសាស្រ្តផងដែរ សម្រាប់ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់ឆ្នាំមកនេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ជោគជ័យនេះ
មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់អ្នកណាម្នាក់នោះទេ
តែគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់គ្នា។
ដោយសារតែ ភាពឥតខ្ចោះ នៃទេពកោសល្យដឹកនាំ និងគ្រប់គ្រងប្រទេសនេះហើយ
ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា តែងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់
នៅរាល់ពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តគ្រប់ៗអាណ័ត។
របាយការណ៍ពីគ.ជ.ប
បានឲ្យដឹងថាក្នុងអាណ័តទីមួយ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់
គណបក្សប្រជាជនកម្ពុជាទទួលបាន៥១កៅអី ខណៈគណបក្សហ្វុនស៊ីនប៉ិច ទទួលបាន៥៨កៅអី ហើយក៏ជាលទ្ធផលតែម្តងគត់
ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានតិចជាងគណបក្សហ្វុនស៊ីនប៉ិច។ នៅអាណ័តទី២
ឆ្នាំ១៩៩៨ គបក្សប្រជាជនទទួលបាន៦៤កៅអី ឯគណបក្សហ្វុនស៊ីនប៉ិច បានធ្លាក់មកលំដាប់លេខ២
គឺទទួលបាន៤៣កៅអី។ នៅអាណ័តទី៣ ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣កៅអី
គណបក្សហ្វុនស៊ីនប៉ិច បានចំនួន២៦ កៅអី និងនៅអាណ័តទី៤ ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា
ទទួលបាន៩០កៅអី ក្នុងចំណោមកៅអីទាំង១២៣ ខណៈគណបក្សហ្វុនស៊ីនប៉ិច បានធ្លាក់ចុះរហូតស្ទើរដល់កម្រិតសូន្យ។
នេះគឺជាការផ្តល់យុត្តិធម៌យ៉ាងសមរម្យ របស់ប្រជាពលរដ្ឋខ្មែរ សម្រាប់គុណ
សម្បត្តិនៃការដឹកនាំប្រទេស របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន និង
គណបក្សប្រជាជនកម្ពុជា។
No comments:
Post a Comment